ប្រយ័ត្នផងអ្នកចាក់វ៉ាក់សាំងនៅកូរ៉េ! ទំរង់ឆបោកថ្មី​នៅកូរ៉េតាមប្រព័ន្ធ SMS ចង់ឆបោកលើអ្នកចាក់វ៉ាក់សាំង អជ្ញាធរជំនាញណែនាំឱ្យប្រយ័ត្នលើសារ SMS បែបនេះ គឺក្លែងក្លាយទេ

កូរ៉េខាងត្បូង៖ ថ្មីៗនេះមានករណីតាមបែបបច្ចេកវិទ្យាជាច្រើន បន្លំបោកលុយកាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសកូរ៉េ ក្រោមរូបភាពផ្សេងៗពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំង នេះបើតាមការប្រកាសរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង អំពាវនាវឱ្យប្រជាជននៅកូរ៉េខាងត្បូងមានការប្រុងប្រយ័ត្នកាន់តែខ្ពស់។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (KDCA) ដែលជាអជ្ញាធរជាតិកូរ៉េទទួលបន្ទុកក្នុងការងារចាក់វ៉ាក់សាំងកូវីដ បាននិយាយថ្លែងទៅកាន់សាធារជនទូទៅឱ្យបានដឹងថា ថ្មីៗនេះអជ្ញាធរបានទទួលការជូនដំណឹង និងរាយការណ៍ជាបន្តបន្ទាប់ពីករណីកើនឡើងនៃការឆបោកបន្លំក្រោមរូបភាពជាសារឆបោកផ្ញើមកទូរស័ព្ទនានា ដោយមានភ្ជាប់នូវខ្លឹមសារឆបោកទាក់ទងនឹងការចុះវ៉ាក់សាំងកូវីដ។ ទំរង់នៃការឆបោកថ្មីនេះ គេហៅឈ្មោះថា «smishing» ជាការផ្ញើនូវខ្លឹមសារសារទូរស័ព្ទ SMS ខ្លីៗទាក់ទងនឹងការចាក់វ៉ាក់សាំង និងបន្លំឱ្យអ្នកប្រើប្រាស់ចូលទៅកាន់តំណឆបោក និងផ្តល់នូវព័ត៌មានផ្ទាល់ខ្លួននានាដូចជាលេខកូតសំងាត់ និងព័ត៌មានឯកជនជាច្រើនទៀត ដែលពួកឆបោកអាចនឹងយកទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ផ្សេងៗនាពេលក្រោយ។

ទំរង់នៃការឆបោកមួយទៀត គឺមានពាក់ព័ន្ធនឹងដំណើរការទាញយកវិញ្ញាបនប័ត្រ ឬលិខិតបញ្ជាក់ផ្លូវការពីការចាក់វ៉ាក់សាំង ដែលអ្នកប្រើប្រាស់ទូទៅអាចអនុវត្តនីតិវិធីទាញយកបានតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ និងតាមទូរស័ព្ទដែរនោះ។ ការលេចចេញនូវទំរង់ឆបោកបែបថ្មីទាំងនេះ គឺកើនឡើងច្រើនស្របពេលដែលដំណើរការចាក់វ៉ាក់សាំងកំពុងដំណើរការ និងពន្លឿនល្បឿននាពេលបច្ចុប្បន្ននេះ ដែលក្នុងដំណើរការនៃការចាក់វ៉ាក់សាំងនេះ ជាធម្មតាមាននីតិវិធីនៃការចុះឈ្មោះតា​មអនឡាញ និងទទួលបានសារ SMS ពីអជ្ញាធរបញ្ជាក់ពីការចុះឈ្មោះជាដើម ដែលជាហេតុនាំឱ្យជនខិលខូចអាចឆ្លៀតឱកាសធ្វើជាសារ SMS មានខ្លឹមសារបោកបន្លំរូបភាពប្រហាក់ប្រហែលគ្នានេះ ដើម្បីយកទៅបោកប្រជាជនទូទៅ។

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (KDCA) រូបនេះដដែលបានបញ្ជាក់ច្បាស់ថា​ ក្រៅពីដំណើរការចុះឈ្មោះកក់ការចុះវ៉ាក់សាំងតាមប្រព័ន្ធចុះឈ្មោះអនឡាញផ្លូវការ អជ្ញាធរមិនដែលមានការទាមទារព័ត៌មានឯកជនអ្នកប្រើប្រាស់តាមវិធីសាស្រ្តណាផ្សេងទៀតនោះទេ។ ក្នុងនោះដែរ សម្រាប់ដំណើរការទាញយកលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង គឺមន្ត្រីជំនាញបញ្ជាក់ថា អ្នកប្រើប្រាស់ត្រូវធ្វើការទាញយកកម្មវិធីទូរស័ព្ទផ្លូវការដែលដាក់ចេញដោយរដ្ឋាភិបាលច្បាស់លាស់ ដែលកម្មវិធីនោះមានដំណើរការលើប្រព័ន្ធ Android ផង និងក្នុងប្រព័ន្ធ iOS ផង។

ក្នុងនោះដែរ សារ SMS នានាដែលផ្ញើចេញពីអជ្ញាធរជំនាញត្រឹមត្រូវ គឺមានតែផ្ញើតាមលេខពិសេស ១៣៣៩ ឬតាមលេខទូរស័ព្ទការិយាល័យរបស់អជ្ញាធរផ្ទាល់ប៉ុណ្ណោះ ហើយមិនដែលផ្ញើសារនានាតាមលេខទូរស័ព្ទឯកជនដែលមានក្បាល ០១០ នោះទេ។

អជ្ញាធរសុខាភិបាលបានបញ្ជាក់ថានឹងធ្វើការជិតស្និទ្ធិជាមួយស្ថាប័នសមត្ថកិច្ច និងស្ថាប័នជំនាញលើប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាកូរ៉េ ដើម្បីអាចទប់ស្កាត់សកម្មភាពឆបោកបែបនេះនាពេលខាងមុខជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាជននៅកូរ៉េខាងត្បូង រួមទាំងពលករបរទេសដែលមានអាយុ១៩ ដល់៤៩ឆ្នាំ គ្រោងនឹងចាក់វ៉ាក់សាំងនាពេលឆាប់ៗខាងមុខនេះ ហើយរយៈពេលប៉ុន្មានថ្ងៃមកហើយដែលអ្នកដែលស្ថិតក្នុងក្រុមអាយុខាងលើ ត្រូវធ្វើការចុះឈ្មោះដើម្បីកក់ការចាក់វា៉ក់សាំង។

Leave a Reply

Your email address will not be published. Required fields are marked *