ប្រយ័ត្នមែនទែន! ស្ងាត់ៗកូវីដបម្លែងខ្លួនថ្មី «ដែលតា» នៅកូរ៉េខាងត្បូងកើនដល់ជាង ១៣០០០ករណីហើយ សប្តាហ៍មុនរកឃើញជាង ៣ពាន់ករណី ហើយឥឡូវមានសឹងទូទាំងកូរ៉េហើយ

កូរ៉េខាងត្បូង៖ ក្នុងរយៈពេលត្រឹមសប្តាហ៍មុនមួយ កូរ៉េខាងត្បូងរកឃើញវត្តមានមេរោគកូវីដបម្លែងខ្លួនថ្មីដល់ទៅជាង៣០០០ករណីឯណោះ ក្នុងចំណោមអ្នកដែលបានឆ្លងកូវីដទាំងអស់ ដែលក្នុងនោះមានកូវីដបម្លែងខ្លួនថ្មីដល់ទៅ៤ប្រភេទផ្សេងគ្នា និងវត្តមានកូវីដដែលតាច្រើនជាងគេបង្អស់ ខណៈដែលចំនួនករណីអ្នកឆ្លងកូវីដក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់នោះ ក៏បន្តកើនឡើងផងដែរ នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា គិតមកដល់ពេលនះ កូរ៉េខាងត្បូងរកឃើញវត្តមានកូវីដបម្លែងខ្លួនថ្មីគ្រប់ប្រភេទដល់ទៅ ១៦,៨៤២ករណីហើយ ដែលក្នុងនោះមានវត្តមានកូវីដបម្លែងខ្លួនថ្មី ដែលតា ច្រើនជាងគេដល់ទៅ ១៣,៤៥៤ ករណីដាច់គេតែម្តង នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។ តួលេខនេះបង្ហាញយ៉ាងច្បាស់ ពេលនេះវត្តមានកូវីដបម្លែងខ្លួនថ្មីដែលតា កំពុងក្លាយជាវត្តមានកូវីដដែលវាយលុកខ្លាំងជាងគេក្នុងប្រទេសកូរ៉េខាងត្បូងហើយ ដែលជាមូលហេតុមួយរួមចំណែកធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងកូវីដក្នុងប្រទេសកូរ៉េ ជួបការលំបាកកាន់តែខ្លាំងដោយសារតែប្រសិទ្ធភាព និងលទ្ធភាពនៃការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតរបស់មេរោគបម្លែងខ្លួនថ្មី ដែលតា នេះខ្លាំងជាងមេរោគកូវីដធម្មតា និងមេរោគកូវីដបម្លែងខ្លួនថ្មីដទៃទៀត។

បើតាមតួលេខរបស់អជ្ញាធរដែលបានផ្តល់ជូន បានឱ្យដឹងថាវត្តមានកូវីដដែលតានេះ វាយលុកខ្លាំងនៅតាមតំបន់ប្រជុំជនធំៗដូចជាក្រុងសេអ៊ូល និងខេត្តក្រុងធំៗនៅជុំវិញនោះ ហើយឥឡូវនេះក៏មានសញ្ញាថាបានចាប់ផ្តើមរីកសាយភាយកាន់តែលឿនទៅៗហើយ សម្រាប់ខេត្តក្រុងផ្សេងទៀតទូទាំងប្រទេសកូរ៉េ។ អជ្ញាធរបញ្ជាក់ទៀតថា បើតាមលក្ខណៈបច្ចេកទេសគេពិនិត្យលើមេរោគកូវីដបម្លែងខ្លួនថ្មីដែលតានេះ មានចំនួនបណ្តុំមេរោគ (viral loads)ច្រើនជាងមេរោគកូវីដធម្មតាដល់ទៅជាង ៣០០០ដងឯណោះ ហើយដូចនេះហើយ គេរំពឹងច្បាស់ហើយថា វត្តមានកូវីដដែលតានេះនឹងមានកាន់តែច្រើនថែមទៀតនៅពេលខាងមុខនេះ។

បើគិតពីតួលេខដែលរកឃើញកាលពីសប្តាហ៍មុន បង្ហាញថាក្នុងចំណោមការពិនិត្យទៅលើហ្សែនរកមេរោគកូវីដបម្លែងខ្លួននេះ គេរកឃើញមានវិជ្ជមានកូវីដបម្លែងខ្លួនថ្មីកើនឡើងច្រើនជាងមុនដល់ទៅ៩០.៤% ឯណោះ ធៀបទៅនឹងសប្តាហ៍មុនមួយទៀតដែលមានតួលេខរកឃើញកូវីដបម្លែងខ្លួនថ្មីទាបជាង ត្រឹមតែ៨៦.៩% ប៉ុណ្ណោះ។

ជាមួយនឹងការរកឃើញវត្តមាននៃកូវីដបម្លែងខ្លួនថ្មីដែលតា កាន់តែច្រើននេះ កន្លងមកអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានដាក់ចេញវិធានការបន្តបន្ទាប់ផងដែរ រួមមានទាំងការហាមឃាត់ និងរឹតបន្តឹងខ្លាំងលើការធ្វើដំណើរចូលមកពីប្រទេសដែលមានហានិភ័យខ្ពស់ដូចជាឥណ្ឌាជាដើម ដែលអ្នកធ្វើដំណើរទាំងឡាយត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនៅនឹងទីកន្លែងដែលរដ្ឋាភិបាលកូរ៉េរៀបចំឱ្យសិន៧ថ្ងៃ ទើបអាចទៅរកកន្លែងឯកជនសម្រាប់ធ្វើចត្តាឡីស័កបន្តទៀតដោយខ្លួនឯងបាន។

ក្រៅពីតួលេខនៃវត្តមានកូវីដបម្លែងខ្លួនថ្មីដែលតានេះកាន់តែកើនឡើងនោះ កូរ៉េខាងត្បូងក៏បន្តរកឃើញករណីអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុង ហើយនៅតែឆ្លងកូវីដ-១៩ កើនឡើងផងដែរ។ គិតមកដល់ពេលនេះដែរ អជ្ញាធរសុខាភិបាលកូរ៉េបានរាយការណ៍ថា អ្នកដែលបានចាក់វ៉ាក់សាំងហើយ នៅវិជ្ជមានកូវីដទៀតនោះ កើនដល់២,៣៩៩នាក់ហើយ ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងជាង ៧.៤លាននាក់។ ក្នុងនោះដែរ តួលេខបង្ហាញថា ករណីនេះភាគច្រើនកើតឡើងក្នុងចំណោមអ្នកដែលមានអាយុ៣០ឆ្នាំជាង។

កន្លងមករដ្ឋាភិបាលបានបញ្ជាក់ថា ថ្វីត្បិតតែអ្នកបានចាក់វ៉ាក់សាំងកូវីដរួចអាចមានប្រព័ន្ធការពារទល់នឹងជំងឺកូវីដបានច្រើនជាងមុនមែន តែលទ្ធភាពនៃការឆ្លងកូវីដគឺនៅតែមាន ហើយដូចនេះហើយទើបអជ្ញាធរបន្តជំរុញឱ្យអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវតែគោរពទៅតាមវិធានការគម្លាតសង្គមជារួមដដែល។ រដ្ឋាភិបាលកន្លងមកក៏ធ្លាប់បញ្ជាក់ថា នៅពេលដែលកូរ៉េខាងត្បូងបន្តចាក់វ៉ាក់សាំងជូនប្រជាជនបានកាន់តែច្រើនកាលណា ចំនួនអ្នកដែលចាក់វ៉ាក់សាំងហើយ នៅតែបន្តឆ្លងកូវីដនឹងកើនឡើងដូចគ្នាផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ រដ្ឋាភិបាលនៅតែបន្តជំរុញឱ្យមនុស្សចេញទៅចាក់វ៉ាក់សាំងកូវីដឱ្យបានកាន់តែច្រើន និងគ្រប់ៗគ្នា ហើយរដ្ឋាភិបាលក៏មានការដាក់ចេញអត្ថប្រយោជន៍ផ្សេងៗសម្រាប់ជំរុញលើកទឹកចិត្តដល់អ្នកបានចាក់វ៉ាក់សាំងហើយផងដែរ ដើម្បីជំរុញឱ្យប្រជាជនទៅចូលរួមចាក់វ៉ាក់សាំងតាមការកំណត់ដោយស្ម័គ្រចិត្ត។

Leave a Reply

Your email address will not be published. Required fields are marked *