ហានិភ័យ! ផ្សារទំនើបឡូតេ បើកថ្មីនៅដុងតាន ដឹងថាមានឆ្លងកូវីដតគ្នាពីបុគ្គលិក២នាក់ហើយ នៅតែបន្តកម្មវិធីប្រូម៉ូសិនពិសេស ហៅភ្ញៀវមកផ្សារកាន់តែច្រើនទៀត មិនខ្វល់ ឥឡូវនេះត្រូវ …

កូរ៉េខាងត្បូង៖ នៅផ្សារទំនើបឡូតេ (Lotte Department Store) សាខានៅនឹងតំបន់ដុងតាន ក្រុងហ្វាសុង ខេត្តឃ្យ៉ុងគី គេបានរកឃើញករណីបុគ្គលិកឆ្លងវិជ្ជមានកូវីដបន្តបន្ទាប់ គាប់ជួនទៅនឹងថ្ងៃពិសេសដែលផ្សារទំនើបនេះទើបនឹងបើកដំណើរការដំបូង និងមាននូវកម្មវិធីបញ្ចុះតម្លៃផ្សេងៗ មានភ្ញៀវមកយ៉ាងច្រើន កាលពីថ្ងៃទី ២០ សីហាកន្លងទៅនេះ ដែលបង្កជាការព្រួយបារម្ភចំពោះស្ថានការណ៍អាសន្ននៃការអាចផ្ទុះចេញជាករណីចង្កោមធំថ្មីទៀត។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News បានឱ្យដឹងថាករណីនេះកំពុងក្លាយជាករណីក្តៅ ដោយសារតែនៅថ្ងៃដែលគេរកឃើញវិជ្ជមានកូវីដក្នុងចំណោមបុគ្គលិកដែលធ្វើការនៅផ្សារទំនើបឡូតេនោះ ចំទៅនឹងថ្ងៃដែលមានភ្ញៀវមកកាន់ផ្សារនោះយ៉ាងច្រើន ដោយសារជាថ្ងៃលក់បញ្ចុះតម្លៃប្រូម៉ូសិនពិសេស មានការបញ្ចុះតម្លៃ និងការលក់ជូនកាដូពិសេសផ្សេងៗដល់ភ្ញៀវនៃហាងនានាក្នុងផ្សារទំនើបនោះ។

បើតាមការបញ្ជាក់របស់អជ្ញាធរនៃក្រុងហ្វាសុង ខេត្តឃ្យ៉ុងគីនៅថ្ងៃចន្ទនេះបានឱ្យដឹងថា កាលពីអាទិត្យនេះ បុគ្គលិកផ្សារទំនើបឡូតេនេះទើបនឹងរកឃើញថាវិជ្ជមានកូវីដ-១៩ ហើយក្រោយមកទៀតគេក៏រកឃើញបុគ្គលិកម្នាក់ទៀតធ្វើការជាមួយគ្នានោះវិជ្ជមានកូវីដដូចគ្នា។ អ្វីដែលជាការបារម្ភខ្លាំងនោះគឺបុគ្គលិកដែលវិជ្ជមានកូវីដនេះ អំឡុងពេលថ្ងៃរៀបបើកផ្សារដំបូង ចាប់ពីថ្ងៃទី១៨ សីហាមក និងថ្ងៃពិសេសនៃការបើកសម្ភោធហាងកាលពីថ្ងៃទី២០សីហានោះ គឺជាអ្នកឈរចាំទទួលភ្ញៀវនៅនឹងច្រកទ្វារចូលជាន់ទី១តែម្តង ជាអ្នករង់ចាំស្គេន QR Code សម្រាប់ភ្ញៀវចូលតែម្តង។

ក្រោយពីបុគ្គលិកដំបូងគេដែលធ្វើការនៅនឹងមាត់ទ្វារចូលនោះត្រូវបានតេស្តរកឃើញថាវិជ្ជមាន បន្ទាប់មកទៀតបុគ្គលិកជាសន្តិសុខដែលមិននៅស្និទ្ធក្បែរនឹងបុគ្គលិកដែលវិជ្ជមានកូវីដនោះផង តែគ្រាន់តែអ្នកវិជ្ជមានបានជិះក្នុងឡានរបស់ក្រុមសន្តិសុខនោះ ក៏ត្រូវបានគេតេស្តរកឃើញថាវិជ្ជមានកូវីដបន្តគ្នាដែរ។ មែនទែនទៅ មុនពេលដែលផ្សារទំនើបនេះរៀបនឹងបើកប៉ុន្មានថ្ងៃ បុគ្គលិកទាំងអស់បានធ្វើតេស្តកូវីដផងដែរ តែលទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់ ស្រាបតែដល់ថ្ងៃបើកដំណើរការ និងមានមនុស្សមកយ៉ាងច្រើនកកកុញហើយ បែរជារកឃើញលទ្ធផលវិជ្ជមានកូវីដបែបនេះទៅវិញ។

ក្នុងករណីឆ្លងតគ្នាចេញពីបុគ្គលិកនេះ ផ្សារទំនើបឡូតេសាខានេះ បានបញ្ជាក់ថាខ្លួនកំពុងចាត់វិធានការធ្វើចត្តាឡីស័កលើបុគ្គលិក និងអ្នកដែលពាក់ព័ន្ធទៅតាមការកំណត់របស់អជ្ញាធរសុខាភិបាលហើយ និងបានផ្លាស់ប្តូរក្រុមបុគ្គលិកសន្តិសុខទាំងអស់តែម្តង ដើម្បីធានាសុវត្ថិភាព។ ក្រោយមកទៀត អជ្ញាធរមូលដ្ឋាននៅក្រុងហ្វាសុង បានដាក់ចេញបទបញ្ជាឱ្យបុគ្គលិកទាំងអស់ដែលធ្វើការនៅនឹងសាខានោះធ្វើតេស្តកូវីដជាបន្តបន្ទាប់ពីថ្ងៃទី២៥ ដល់២៧ សីហាខាងមុខនេះតែម្តង ដើម្បីធានារកឱ្យឃើញថាមានអ្នកណាដែលអាចមានហានិភ័យឆ្លងកូវីដបន្តគ្នាទៀត។

សម្រាប់ករណីនេះ ផ្សារទំនើបឡូតេក៏ត្រូវបានរិះគន់ខ្លាំងផងដែរ ដោយសារនៅចំថ្ងៃ២២ សីហា ជាថ្ងៃដែលគេរកឃើញថាមានបុគ្គលិកវិជ្ជមានកូវីដបន្តគ្នាហើយ ផ្សារនេះនៅតែបន្តទាក់ទាញឱ្យមនុស្សទៅកកកុញច្រើនទៀតតាមរយៈការផ្តល់ជូនការបញ្ចុះតម្លៃ ការអញ្ជើញភ្ញៀវឱ្យទទួលរង្វាន់ កាដូផ្ទាល់នៅនឹងហាងជាដើមតាមរយៈការផ្ញើសារអញ្ជើញអតិថិជនឱ្យមកហាងផ្ទាល់តែម្តង បើទោះបីជាគេដឹងថាហានិភ័យដែលអាចឆ្លងចេញពីក្រុមមនុស្សកកកុញតាមផ្សារទំនើបមានលទ្ធភាពខ្ពស់ក៏ដោយ។ ទីតាំងសាខាថ្មីរបស់ផ្សារទំនើបឡូតេ (Lotte Department Store) សាខានៅនឹងតំបន់ដុងតាននេះ ជាទីតាំងដែលធំជាងគេបង្អស់ថ្មីក្នុងតំបន់ខេត្តឃ្យ៉ុងគីដូទាំងមូល។

កន្លងៗមក ក៏មានទីតាំងផ្សារទំនើបធំៗ ដែលមានករណីឆ្លងជាចង្កោមតៗគ្នាក្នុងចំណោមបុគ្គលិក និងភ្ញៀវផងដែរដូចជាផ្សារទំនើប Hyundai Department Store សាខានៅអ៊ុលសាន កាលពីថ្ងៃទី១១ សីហានេះ ដែលមានការឆ្លងបន្តគ្នាក្នុងចំណោមបុគ្គលិកដល់ទៅជាង១៨នាក់ និងឆ្លងបន្តទៀតដល់ក្រុមគ្រួសារអ្នកពាក់ព័ន្ធឡើងដល់ទៅ៣៦នាក់ផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *