ស្រុកកូរ៉េហើយ មានរឿងចឹងកើតបានទៀត! នៅឈុងប៊ុក ម្តាយម្នាក់ចិត្តអប្រិយ យកទារកខ្លួនទើបនឹងកើត ចោលធុងសម្រាមដល់ទៅ៣ថ្ងៃទំរាំគេរកឃើញ ចុងក្រោយត្រូវ..

កូរ៉េខាងត្បូង៖ ស្រ្តីជាម្តាយម្នាក់ មិនគួរឱ្យជឿហ៊ានយកទារកទើបនឹងកើតរបស់ខ្លួនមកបោះចោលធុងសម្រាមនៅនឹងដងផ្លូវមួយកន្លែង ឥឡូវនេះត្រូវបានប៉ូលីសឃាត់ខ្លួនជាប់ហើយ ជារឿងឃោរឃៅ និងមិនគួរឱ្យជឿទាល់តែសោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News របស់កូរ៉េ នៅថ្ងៃចន្ទនេះ។

ចុះផ្សាយក្នុងសារព័ត៌មានបានឱ្យដឹងថា នៅឯតំបន់ខេត្តឈុងប៊ុក ប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី២១ សីហា ម៉ោង៣យប់ជាង ប៉ូលីសកូរ៉េបានរកឃើញហេតុការណ៍មិនគួរឱ្យជឿ គឺទារកតូចមួយទើបនឹងកើតមិនទាន់បានប៉ុន្មានថ្ងៃផង ត្រូវគេរកឃើញបំបរបង់ចោលនៅនឹងធុងសម្រាមមួយកន្លែងតាមដងផ្លូវ ហើយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះភ្លាមៗ និងបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ជាមួយនឹងស្ថានការណ៍ធ្ងន់ធ្ងរដោយទារកនោះមានអាការៈ Sepsis រោគឆ្លងពេញទាំងខ្លួនតែម្តង។

ហេតុការណ៍នេះត្រូវបានគេរកឃើញនៅតំបន់ហ្គាឃ្យ៉ុងដុង (가경동) ហុងដុកហ្គូ (흥덕구) ក្រុងឈុងជូ ខេត្តឈុងប៊ុក ដោយនៅពេលនោះ មានគេររាយការណ៍មកថាមានអ្នកដើរកាត់ទីតាំងនោះលឺសំលេងក្មេងយំចេញពីធុងសម្រាម ហើយប៉ូលីសនៅតំបន់ខាងលើក៏បានមកដល់កន្លែងនោះ មកពិនិត្យមើលនឹងទីតាំងនោះឃើញទារកទើបនឹងកើតម្នាក់ ត្រូវបានគេបំបរបង់ចោលនៅនឹងធុងសម្រាមមុខហាងនោះតែម្តងមិនគួរឱ្យជឿ។ តាមការរាយការណ៍ពីអ្នកដែលបានឃើញទារកនោះដំបូង គឺដំបូងឡើយអ្នករាយការណ៍នោះបានលឺដូចជាសម្លេងឆ្មារយំនៅក្នុងធុងសម្រាមនោះ ហើយនៅពេលដែលគាត់បើកធុងមើលទៅ ទើបឃើញថាមិនមែនជាសត្វនោះទេ តែជាទារកគេបោះបង់ចោល។

ទារកដែលរងគ្រោះត្រូវបានម្តាយអប្រិយយកមកបោះចោលក្នុងធុងសម្រាមនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយកំពុងមានអាការៈធ្ងន់ធ្ងរមែនទែន ដោយមានទាំងអាការៈ Sepsis គឺអាការៈរោគឆ្លងពេញទាំងខ្លួនតែម្តង។

ក្រោយពីបានដឹងពីករណីនេះភ្លាម ប៉ូលីសមូលដ្ឋានបានបើកការស៊ើបអង្កេតតាមរយៈប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព នៅនឹងតំបន់ក្បែរៗនោះ ហើយនៅថ្ងៃបន្ទាប់មកនោះ គេបានកំណត់មុខសញ្ញាអ្នកប្រព្រឹត្តិ និ​ងបានឈានទៅដល់ការឃាត់ខ្លួនតែម្តង ដែលអ្នកល្មើសនោះគឺគ្មាននរណាក្រៅពីម្តាយរបស់ទារកនេះតែម្តង ដែលគេឱ្យស្គាល់ឈ្មោះថា អេ។ បើតាមការស៊ើបអង្កេត និងសាកសួរចម្លើយ គេបានដឹងថាជនល្មើសជាម្តាយនេះបានយកកូនខ្លួនមកបោះបង់ចោលនេះកាលពីថ្ងៃទី ១៨ សីហាកន្លងទៅ ម៉ោង៨ព្រឹកភ្លឺទៅហើយ ហើយកូនក្មេងនោះត្រូវបានទុកចោលវេទនាតែឯងក្នុងធុងសម្រាមនោះដល់ទៅ៣ថ្ងៃឯណោះ ទើបមានអ្នកផ្សេងបានដឹង និងបានជួយសង្គ្រោះទាន់ពេលវេលា ហើយក៏ជាកុសលផលបុណ្យរបស់ទារកនោះដែរ ដែលនៅមិនទាន់បាត់បង់ជីវិតនៅឡើយនោះ។

បើតាមការស៊ើបផងដែរនោះ ហាងនៅនឹងមុខនោះមិនដឹងពីហេតុការណ៍ករណីនេះដល់ទៅ៣ថ្ងៃនោះ ក៏ដោយសារក្នុងអំឡុងពេលនោះហាងនៅនឹងមុខធុងសម្រាមនោះ មិនបានបើកដំណើរការ។ ចំពោះហេតុផលដែលនាំឱ្យម្តាយជាជនល្មើសនេះហា៊នដាច់ចិត្តធ្វើទង្វើបែបនេះនោះ មិនត្រូវបានអជ្ញាធររាយការណ៍បញ្ជាក់នោះទេ ដោយសារតែយោងទៅតាមច្បាប់ស្តីពីការការពារកុមារដែលត្រូវគេធ្វើបាប ដូចក្នុងករណីនេះដែរ។ មែនទែនទៅ ប្រសិនបើកូននេះធំឡើង បានដឹងរឿងនេះ និងដឹងពីហេតុផលដែលម្តាយចិត្តអប្រិយហ៊ានធ្វើបែបនេះ ច្បាស់ជាប៉ះពាល់អារម្មណ៍ខ្លាំងណាស់។

ប៉ូលិសបានចេញដីកាឃាត់ខ្លួនជនល្មើសនៅថ្ងៃទី២៣សីហានេះ ហើយសមត្ថកិច្ចនឹងបញ្ជូនករណីនេះបន្តទៅរដ្ឋអជ្ញាដើម្បីបើកការស៊ើបអង្កេតបន្ត និងចាប់ផ្តើមនីតិវិធីតុលាការដើម្បីដាក់ទោសទៅលើស្រ្តីជាម្តាយដែលបានបំបរបង់កូនខ្លួនឯងចោលនេះ។

Leave a Reply

Your email address will not be published. Required fields are marked *