វង្វេងអស់ហើយ!​ សាធារណជនកូរ៉េរិះគន់វិធានការថ្មីនៅកូរ៉េ ជួបជុំគ្នាបានច្រើនជាងមុន តាមហាងកាហ្វេភោជនីយដ្ឋាន តែបើតាមផ្ទះវិញនៅរឹតបន្តឹងដដែល ខណៈអ្នកជំនាញលើកហេតុផលពន្យល់ថា ..

កូរ៉េខាងត្បូង៖ វិធានការកែសម្រួលគម្លាតសង្គមថ្មី ដែលទើបនឹងដាក់ចេញដោយរដ្ឋាភិបាលកូរ៉េថ្មីៗនេះ សម្រាប់តំបន់ដែលគម្លាតសង្គមស្ថិតនៅកម្រិត៤ ត្រូវបានប្រជាជន និងសាធារណជនទូទៅរិះគន់ថាហាក់មានភាពរញ៉េរញ៉ៃ និងហាក់មិនសមហេតុផលទាល់តែសោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ចុះផ្សាយក្នុងសារព័ត៌មាននេះបានឱ្យដឹងថា សាធារណជនកូរ៉េបានបង្ហាញប្រតិកម្មចំពោះទៅនឹងវិធានការគម្លាតសង្គមថ្មី ដែលបានកែសម្រួលអនុញ្ញាតឱ្យមានការជួបជុំឯកជននៅតាមភោជនីយដ្ឋាន និងហាងកាហ្វេនានានៅតំបន់ដែលគម្លាតសង្គមស្ថិតក្នុងកម្រិត៤ ឱ្យបានមនុស្សដល់ទៅ៤នាក់វិញ ដែលក្នុងនោះត្រូវមានមនុស្ស២នាក់យ៉ាងតិច បានចាក់វ៉ាក់សាំងកូវីដរួចរាល់ និងមានរយៈពេលគម្លាតពីថ្ងៃចាក់វ៉ាក់សាំងដូសទី២ចុងក្រោយបាន១៤ថ្ងៃហើយ។

សូមបញ្ជាក់ថា វិធានការថ្មីនេះ សម្រាប់តំបន់ក្រោមគម្លាតសង្គមកម្រិត៤ ក៏នៅតែហាមឃាត់ការជួបជុំគ្នាឯកជនពី៣នាក់ឡើងទៅ ក្រោយពីម៉ោង៦ល្ងាចផងដែរ តែលើកលែងបានដល់៤នាក់ និងមានលក្ខខណ្ឌដូចបានបញ្ជាក់ខាងលើតែសម្រាប់ទីតាំងហាងកាហ្វេ និងភោជនីយដ្ឋានតែប៉ុណ្ណោះ។ ហើយក្នុងនោះដែរ វិធានការថ្មីកំណត់ថាហាងទាំងអស់ត្រូវបិទដំណើរការហូបផ្ទាល់ក្នុងហាងពីម៉ោង៩យប់តទៅ គឺលឿនជាងម៉ោងកំណត់កាលពីមុនផ្លាស់ប្តូរថ្មីនេះរយៈពេល១ម៉ោងទៀត មានន័យថាក្រោយពីម៉ោង៩យប់ទៅ ហាងទាំងអស់អាចបានតែធ្វើការខ្ចប់ចេញពីហាងប៉ុណ្ណោះ។

សាធារណជនបានលើកឡើងថា វិធានការថ្មីដែលដាក់ចេញឱ្យអនុវត្តពីថ្ងៃចន្ទនេះទៅ គឺខ្វះចន្លោះ និងមានលក្ខណៈមិនសូវសម ដោយសារតែវិធានការនេះអនុញ្ញាតឱ្យមនុស្សជាប់ជុំគ្នានៅខាងក្រៅតាមហាងកាហ្វេ ភោជនីយដ្ឋានបានគ្នាដល់ទៅ៤នាក់ បើសិនមានអ្នកបានចាក់វ៉ាក់សាំង២នាក់ តែផ្ទុយទៅវិញ ការជួបជុំគ្នាឯកជននៅតាមផ្ទះធម្មតា និងនៅតាមទីតាំងផ្សេងៗវិញគឺមិនត្រូវបានអនុញ្ញាតទៅវិញ។ ដូចនេះមានន័យថា រដ្ឋាភិបាលហាក់ជំរុញឱ្យមនុស្សនាំគ្នាទៅជួបជុំនៅខាងក្រៅ នៅតាមហាងកាហ្វេ ដែលមានហានិភ័យគ្រោះថ្នាក់ខ្លាំងឆ្លងកូវីដ-១៩ តែចំពោះការជួបជុំគ្នាឯកជននៅតាមផ្ទះវិញ បែរជាអជ្ញាធរមិនបានបញ្ជាក់ឱ្យបានច្បាស់ទៅវិញ។

មានមតិជាច្រើនតាមបណ្តាញសង្គមដូចជាតាមបណ្តាញ Naver ជាដើមបានលើកឡើងថា «ខ្ញុំមិនយល់ពីគោលបំណងរដ្ឋាភិបាលដែលដាក់ចេញវិធានការបែបនេះនោះទេ គឺរដ្ឋាភិបាលហាក់ជំរុញឱ្យមនុស្សចេញទៅក្រៅ ហើយទៅរងហានិភ័យនៃការឆ្លងកូវីដ ច្រើនជាងជំរុញឱ្យមានការជួបជុំនៅផ្ទះខ្លួនឯងទៅវិញ»។ មតិមួយទៀតបានលើកឡើងថា «ការដាក់ចេញវិធានការបែបនេះ ហាក់ធ្វើឱ្យមនុស្សនាំគ្នាចេញទៅកកកុញផ្តុំគ្នាកាន់តែច្រើនឡើងនៅតាមហាងកាហ្វេ និងភោជនីយដ្ឋានទៅវិញ ដែលនឹងបង្កើនហានិភ័យនៃការចម្លងកូវីដ»។

សម្រាប់រដ្ឋាភិបាលវិញបានបញ្ជាក់ថា វិធានការដាក់ចេញនេះថ្មីគឺដើម្បីជំរុញឱ្យមនុស្សកាន់តែចាប់អារម្មណ៍ និងឃើញពីផលប្រយោជន៍ផ្តល់ជូនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ដើម្បីធ្វើឱ្យមានមនុស្សកាន់តែច្រើនទៀតស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងបានកាន់តែច្រើនឡើង ហើយក៏ជាវិធានការមួយជួយសម្រួលដល់បណ្តាអ្នករកស៊ីលក់ដូរតូចៗនៅទូទាំងប្រទេស ជាពិសេសនៅក្នុងតំបន់គម្លាតសង្គមកម្រិត៤ផងដែរ ដែលកន្លងមកបានរងការប៉ះពាល់ខ្លាំងមែនទែនជាយូរមកហើយនោះ។

ក្នុងនោះដែរ រដ្ឋាភិបាលក៏បានលើកឡើងថា អជ្ញាធរនៅតែមានការប្រុងប្រយ័ត្ន និងកំពុងពិចារណាលើការអនុញ្ញាតឱ្យជួបជុំគ្នានៅតាមផ្ទះ​ឯកជនទៅវិញ ដោយសារតែការជួបជុំគ្នាឯកជន គឺអជ្ញាធរមិនងាយនឹងអាចដឹងបានថាមានការល្មើសនឹងគម្លាតសង្គម ឬយ៉ាងណានោះទេ។ ហើយមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងសុខាភិបាលកូរ៉េបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតបើកឱ្យមានការជួបជុំកាន់តែទូលាយនៅតាមផ្ទះជា​ឯកជននោះ ប្រជាជននឹងនាំគ្នាទៅលេងឪពុកម្តាយចាស់ៗ ដែលនៅផ្ទះផ្សេងគ្នា ដែលនេះនឹងនាំឱ្យមានហានិភ័យនៃការចម្លងមេរោគកូវីដទៅកាន់មនុស្សចាស់ ជាជនដែលងាយរងគ្រោះទៅវិញ។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបញ្ជាក់ថា នៅពេលខាងមុខទៀត អជ្ញាធរកូរ៉េនឹងពិនិត្យមើលលើប្រសិទ្ធភាពនៃវិធានការកែសម្រួលថ្មីនេះ ហើយនឹងធ្វើការកែសម្រួលពង្រីកវិសាលភាពបន្ថែម ឬយ៉ាងណាទៀតសម្រាប់ពេលខាងមុខនេះជាបន្តបន្ទាប់ ឆ្លើយតបទៅនឹងស្ថានការណ៍កូវីដផង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម និងប្រជាជនផង។

គិតមកដល់ថ្ងៃចន្ទនេះ ក្នុងប្រទេសកូរ៉េខាងត្បូង តំបន់ខេត្តក្រុងដែលស្ថិតក្រោមគម្លាតសង្គមកម្រិត៤មានដូចជាទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ ក្រុងអ៊ីនឆន់ ក្រុងប៊ូសាន និងកោះជេជូ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *