កូរ៉េខាងត្បូង៖ ឆ្នាំ២០២២ខាងមុខនេះ កូរ៉េខាងត្បូងនឹងធានាមានវ៉ាក់សាំងកូវីដដល់ទៅ ១៧០លានដូស សម្រាប់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង ៥២លាននាក់ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងដោយលោក យូ យ៉ាងមីន ជាមន្ត្រីជាន់ខ្ពស់ជំនិតនឹងលោកប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ក្នុងអំឡុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋសភាកូរ៉េខាងត្បូង ដែលគេយល់ថាជាការលើកឡើងដើម្បីបន្ថយការព្រួយបារម្ភរបស់ប្រជាជនកូរ៉េខាងត្បូងលើបញ្ហាផ្គត់ផ្គង់វ៉ាក់សាំងកូវីដនេះ។
តាមការលើកឡើងនេះបានឱ្យដឹងច្បាស់ថា សម្រាប់ឆ្នាំ២០២២ខាងមុខនេះ កូរ៉េខាងត្បូងនឹងធានាមានវ៉ាក់សាំងកូវីដសម្រាប់ប្រើប្រាស់ដល់ទៅ១៧០លានដូស ឯណោះ គឺច្រើនជាងចំនួនប្រជាជនកូរ៉េខាងត្បូងសរុបទូទាំងប្រទេសដល់ទៅជាង៣ដងឯណោះ ដែលក្នុងចំណោម១៧០លានដូសនៃវ៉ាក់សាំងនេះគឺបានមកពីវ៉ាក់សាំងដែលសល់ស្តុកបានទិញរួចរាល់ក្នុងឆ្នាំ២០២១នេះចំនួន ៨០លានដូស និងវ៉ាក់សាំងកូវីដដែលរដ្ឋាភិបាលកូរ៉េគ្រោងនឹងបញ្ជាទិញថែមដល់ទៅ ៩០លានដូសទៀត នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃវិមានប្រធានាធិបតីរូបនេះ។
ក្នុងនោះដែរ លោក យូ ក៏បានបញ្ជាក់បន្ថែមទៀតថា ចំពោះពេលវេលាជាក់ស្តែងក្នុងការត្រៀមដឹកជញ្ជូនវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna មកឱ្យប្រទេសកូរ៉េខាងត្បូងដល់ទៅ ៧លានដូស នឹងត្រូវបញ្ជាក់ច្បាស់ចាប់ពីសប្តាហ៍ក្រោយនេះហើយ ដែលវ៉ាក់សាំងដែលនឹងដឹកមកដល់ក្នុងសប្តាហ៍ក្រោយនេះ នឹងជួយសម្រួលដល់ផែនការរបស់រដ្ឋាភិបាលកូរ៉េក្នុងការចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនឱ្យបាន១ដូសយ៉ាងហោច ចំនួនដល់៣៦លាននាក់ ឱ្យបានមុនថ្ងៃបុណ្យឈូសុកកូរ៉េខាងមុខនេះ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះ កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុនធំៗដល់ទៅ៥ក្រុមហ៊ុន មានក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Pfizer BionTech ក្រុមហ៊ុន Moderna ក្រុមហ៊ុន Johnson & Jonhson និងក្រុមហ៊ុន Novavax ដែលសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax នេះបច្ចុប្បន្នគឺមិនទាន់ដឹកមកដល់ និងចាប់ផ្តើមចាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅឡើយទេ។