ចែករំលែក! ឪពុកកូរ៉េចំណាស់ម្នាក់រៀបការស្រ្តីខ្មែរយើង បានកូន៥នាក់ តែត្រូវតុលាការដាក់ទោស៦​ ខែ ព្យួរទោស ក្រោយគេរកឃើញថាចិញ្ចឹមកូនមិនល្អ ហើយធ្វើរឿង ១ នេះ បំពានលើសិទ្ធិកូនគាត់

កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងម្នាក់ត្រូវបានតុលាការសាលាឧទ្ធរណ៍កូរ៉េ សម្រេចបន្តផ្តល់ការអនុវត្តសាលក្រមព្យួរទោស ដោយសារតែករណីដែលគាត់បានបង្កកំហុសក្នុងការចិញ្ចឹមកូនតូចៗដល់ទៅ៥នាក់មិនបានល្អហើយ ថែមទាំងបង្ខំកូនម្នាក់មិនឱ្យទៅសាលារៀនទៀតផង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃចន្ទនេះ។

ចុះផ្សាយបានឱ្យដឹងថា តុលាការសាលាឧទ្ធរណ៍កូរ៉េនៅខេត្តហ្គាងវ៉ុនបានចេញសេចក្តីប្រកាសថា នឹងបន្តអនុវត្តតាមសេចក្តីសម្រេចរបស់សាលាដំបូងកូរ៉េ ក្នុងការកាត់ទោសបុរសកូរ៉េខាងត្បូងវ័យចំណាស់ដល់ទៅ៧៦ឆ្នាំទៅហើយ ឱ្យជាប់ឃុំរយៈពេល៦ខែ តែត្រូវអនុវត្តសាលក្រមព្យួរទោសរយៈពេល២ឆ្នាំវិញ ក្រោមបទល្មើសធ្វើបាបកុមារ និងមិនខ្វាយខ្វល់ពីសុខុមាលភាព និងសិទ្ធិកុមារជាមូលដ្ឋានរបស់កូនៗគាត់។ ជាទូទៅ ការអនុវត្តសាលក្រមព្យួរទោស មានន័យថាជនល្មើសមិនត្រូវដាក់ឱ្យជាប់ឃុំនោះទេ ហើយអាចនៅក្រៅឃុំ តែស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចក្នុងរយៈពេលកំណត់ណាមួយ ហើយប្រសិនបើជនល្មើសក្នុងពេលកំណត់នោះ ប្រព្រឹត្តិបានត្រឹមត្រូវ មានអាកប្បកិរិយាល្អ នោះតុលាការនឹងសម្រេចលើកលែងទោសបាន។ ក្នុងនោះដែរ បុរសចំណាស់រូបនេះ ក៏ត្រូវតម្រូវឱ្យទទួលការអប់រំពិសេសរយៈពេល ៤០ម៉ោងស្តីពីការបង្ការបទល្មើសបំពានលើកុមារ។

ករណីនេះ បើតាមការបញ្ជាក់របស់តុលាការ បានឱ្យដឹងថា បុរសកូរ៉េខាងត្បូងជាឪពុកដែលធ្វើបាបកូនៗ​រហូតដល់មានរឿងក្តីក្តាំនេះ កាលពីដំបូងឡើយបានរៀបការជាមួយនឹងស្រ្តីខ្មែរយើងនៅកូរ៉េនោះ កាលពីឆ្នាំ២០០៨ និងមានកូនចំនួន៥នាក់អាយុពី២ឆ្នាំ ដល់១០ឆ្នាំ។ ហើយថ្មីៗនេះ គាត់ត្រូវបានរកឃើញថាបង្ខំកូនម្នាក់ដែលគ្រប់អាយុដល់ពេលចូលសាលារៀន មិនឱ្យទៅសាលាបឋមសិក្សាកាលពីចន្លោះថ្ងៃទី ១៤ វិច្ឆិកា ២០១៧ រហូតដល់ថ្ងៃទី ២៣ ឧសភា ២០១៨ ដែលជាការបិទសិទ្ធិសេរីភាពទទួលការអប់រំរបស់កូនគាត់។ បើតាមការបញ្ជាក់របស់តុលាការបានឱ្យដឹងថា បុរសរូបនោះគ្រោងមិនឱ្យកូនទៅរៀន លុះត្រាតែកូននោះដល់អាយុរៀនថ្នាក់អនុវិទ្យាល័យតែម្តង។

ឪពុកកូរ៉េរូបនោះបានបញ្ជាក់ផងដែរក្នុងតុលាការថា កូនរបស់គាត់ជាអ្នកដែលមិនចង់ទៅសាលារៀនដោយខ្លួនឯង ហើយបានទំលាក់កំហុសទៅលើសាលារៀនដែលនាំឱ្យកូនរបស់គាត់មិនចង់ទៅរៀនបែបនេះ ប៉ុន្តែតុលាការវិញសន្និដ្ឋានថា តួនាទីជាឪពុកគឺជាអាណាព្យាបាលដែលមានសិទ្ធិពេញលេញ ដូចនេះរូបគាត់គួរតែបញ្ចុះបញ្ចូលកូនរបស់គាត់ឱ្យទៅសាលារៀន ជាជាងព្រមឱ្យគាត់នៅផ្ទះមិនទៅសាលារៀនក្នុងសភាពដូចនេះ។ ក្នុងករណីនេះ ឪពុករូបនេះក៏ធ្លាប់បានបដិសេធសំណើរបស់មជ្ឈមណ្ឌលសហគមន៍ ក្នុងការជួយបញ្ជូនកូនគាត់ទៅសាលារៀនវិញផងដែរ ដោយគាត់បាននិយាយថាគាត់មានទស្សនៈវិស័យសម្រាប់ការអប់រំកូនគាត់ដោយខ្លួនឯង។ នេះហើយជាការល្មើសទៅនឹងការផ្តល់សិទ្ធិដល់កូនគាត់ក្នុងការទទួលបានការអប់រំ។

ឪពុករូបនេះ ក៏រងការចោទប្រកាន់ពីបទចិញ្ចឹមកូនក្នុងបរិស្ថានមិនមានអនាម័យត្រឹមត្រូវផងដែរ បើតាមការបញ្ជាក់របស់តុលាការ គាត់មិនដែលសំអាតផ្ទះតាំងពីខែកញ្ញា ឆ្នាំ២០១៦ មកដល់ខែឧសភា ឆ្នាំ២០១៨ឯណោះ ដែលនាំឱ្យមានដុះចេញជាផ្សិត និងមានក្លិនស្អុយមិនល្អពីបន្ទប់គេង បន្ទប់ទឹក​ និងចង្ក្រានបាយផងដែរ។ ហើយឪពុករូបនេះ ថែមទាំងមិននាំកូនៗរបស់ខ្លួនទៅទទួលវ៉ាក់សាំងនានាកន្លងមក ហើយកូនរបស់គាត់ក៏មានបញ្ហាជំងឺមាត់ធ្មេញ ដោយសារតែគាត់មិនបង្រៀនកូនឱ្យចេះដុះធ្មេញទៀតផង ដោយបានលើកហេតុផលថា ថ្នាំដុសធ្មេញធ្វើឱ្យប៉ះពាល់សុខភាពក្មេង។

តុលាការបញ្ជាក់ដែរថា កន្លងមកបុរសជាឪពុករូបនេះ តែងតែបដិសេធមិនទទួលយកនូវការផ្តល់ជំនួយនានាដល់គាត់ពីសំណាក់មជ្ឈមណ្ឌលក្នុងសហគមន៍ ដែលតែងតែទាក់ទងមកគាត់ ពីករណីជួយបញ្ជូនកូនរបស់គាត់ទៅសាលារៀន ព្រមទាំងជួយសម្អាតផ្ទះឱ្យគាត់ទៀតផង។ ដោយសារហេតុនេះហើយ ទើបសាលាឧទ្ធរណ៍សម្រេចមិនលុបចោលសាលក្រមសម្រេចរបស់សាលាដំបូង ក្នុងការដាក់ទោសលើរូបគាត់ ដោយសារតែស្ថានការណ៍នៃទោសកំហុសរបស់គាត់ នឹងអាចបន្ត ហើយកាន់តែមានសភាពអាក្រក់ថែមទៀត ប្រសិនបើពេលនោះមិនមានអង្គភាពណាមួយទៅជួយអន្តរាគមន៍ទេនោះ។

Leave a Reply

Your email address will not be published. Required fields are marked *