ដំណឹងល្អ! ក្រោយពីយឺតយ៉ាវក្នុងការផ្តល់វ៉ាក់សាំង ក្រុមហ៊ុន Moderna គ្រោងនឹងដឹកវ៉ាក់សាំងខ្លួនមកកូរ៉េខាងត្បូង ក្នុង២សប្តាហ៍ខាងមុខនេះដល់ទៅ …

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនវ៉ាក់សាំងអាម៉េរិក Moderna គ្រោងនឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដដល់ប្រទេសកូរ៉េខាងត្បូងដល់ទៅ ៧លានដូសថ្មី នៅក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ជាសញ្ញាវិជ្ជមានសម្រាប់ដល់ដំណើរការចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់រដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ឱ្យដឹងថាវ៉ាក់សាំងកូវីដ Moderna ចំនួន ៧លានដូសរបស់ក្រុមហ៊ុនអាម៉េរិកនេះ នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងរយៈពេល២សប្តាហ៍ខាងមុខនេះ។ ការដឹកជញ្ជូនវ៉ាក់សាំងមកកាន់ប្រទេសកូរ៉េខាងត្បូងនេះ គឺក្រោយពីក្រុមហ៊ុននេះកាលពីប៉ុន្មានសប្តាហ៍មុនបានស្នើសុំពន្យារពេលក្នុងការដឹកជញ្ជូនវ៉ាក់សាំងមកប្រទេសកូរ៉េ ដល់ទៅជាង៤លានដូស ដោយសារតែបញ្ហាក្នុងដំណើរការផលិត ដែលបានបង្កជាការបារម្ភខ្លាំងក្នុងចំណោមអជ្ញាធរសុខាភិបាលកូរ៉េ លើការធ្វើឱ្យមានដំណើរការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង។

យ៉ាងណាមិញ ថ្មីៗនេះដែររដ្ឋាភិបាលកូរ៉េក៏បានបញ្ជូនប្រតិភូខ្លួនទៅជួបជាមួយក្រុមហ៊ុន Moderna នេះទៅដល់ប្រទេសអាម៉េរិកផ្ទាល់ ដែលជាលទ្ធផលភាគីក្រុមហ៊ុនបានសន្យានឹងបង្កើនការដឹកជញ្ជូនវ៉ាក់សាំងមកកាន់កូរ៉េខាងត្បូងនាពេលឆាប់ៗនេះ ហើយដែលជាដើមចមនាំឱ្យការប្រកាសបង្កើនការដឹកជញ្ជូនវ៉ាក់សាំងមកកាន់ប្រទេសកូរ៉េខាងត្បូងដល់ទៅ ៧លានដូសថ្មីនេះហើយ។

ចំពោះវ៉ាក់សាំងដែលគ្រោងនឹងដឹកមកដល់នេះ វ៉ាក់សាំងកូវីដ ១.០១លានដូសដំបូងនឹងត្រូវដឹកមកដល់កូរ៉េខាងត្បូងតាមព្រលានយន្តហោះអ៊ីនឆន់នៅយប់ថ្ងៃចន្ទស្អែក ខណៈដែលវ៉ាក់សាំងដែលនៅសល់ នឹងត្រូវដឹកមកដល់នាពេលក្រោយ តែចំពោះពេលវេលាជាក់ស្តែងគឺនឹងស្ថិតក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលនឹងធានាថាដំណើរការចាក់វ៉ាក់សាំងនឹងបន្តទៅមុខដោយមិនមានបញ្ហា ហើយរដ្ឋាភិបាលនឹងធ្វើការបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតទៅតាមតម្រូវការដើម្បីត្រៀមផ្តល់ជូនប្រជាជនខ្លួន។

តាមផែនការចុងក្រោយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងចាក់វ៉ាក់សាំងកូវីដឱ្យបានដល់ប្រជាជនខ្លួនដល់៣៦លាននាក់ ឱ្យបានត្រឹមខែកញ្ញាខាងមុខនេះ ហើយគ្រោងនឹងសម្រេចឱ្យបានបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ត្រឹមខែវិច្ឆិកាខាងមុខ។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ កូរ៉េខាងត្បូងមានអ្នកបានចាក់វ៉ាក់សាំងកូវីដដូសទី១ ដល់ទៅ២៥.៩លាននាក់ហើយ គឺប្រមាណ៥០.៤% នៃប្រជាជនសរុប ខណៈអ្នកដែលបានចាក់វ៉ាក់សាំងកូវីដទាំងពីរដូសរួចរាល់មានដល់ទៅ ១១.៤លាននាក់ផងដែរ។

សម្រាប់ដំណើរការចុះឈ្មោះចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុ ១៨ ដល់ ៤៩ឆ្នាំដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ គឺមានអ្នកចុះឈ្មោះបានដល់ទៅ៦១.៣% ហើយនៃក្រុមអាយុ១៨ ដល់៤៩ឆ្នាំដែលមានសិទ្ធចុះឈ្មោះទាំងអស់។

 

Leave a Reply

Your email address will not be published. Required fields are marked *