ប្រយ័ត្នផង ថ្មីៗនេះនិយមកម្មវិធីប្តូរមុខសម្លេងតាមបច្ចេកវិទ្យា Deepfake ប្លែកសប្បាយ តែអ្នកជំនាញថាប្រើកម្មវិធីនេះ ប្រយ័ត្នជួបបញ្ហាធំ ៣ នេះ រឿងធំដល់ថ្ងៃក្រោយ

នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្នុងអត្ថបទអប់រំបច្ចេកវិទ្យាថ្ងៃនេះ ក្រុមការងារសូមចែករំលែកសារជាថ្មី​ និងសូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយមប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។

DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសប្បនិម្មិត (Artificial intelligence)។ បច្ចេកទេស DeepFake ត្រូវបានស្រាវជ្រាវចាប់តាំងពីអំឡុងឆ្នាំ១៩៩៧ ដែលដំបូងមានឈ្មោះថា “Video Rewrite Program” រហូតដល់អំឡុងឆ្នាំ២០១៧ បច្ចេកវិទ្យា DeepFake បានល្បីពេញពិភពលោក និងត្រូវបានបង្កើតជាកម្មវិធីផ្សេងៗ ដោយក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ (ឧទាហរណ៍៖ កម្មវិធី FakeApp FaceApp FaceSwap DeepFaceLab DeepNude។ល។)។ លើសពីនេះនៅឆ្នាំ២០១៨ អ្នកស្រាវជ្រាវមួយរូប នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានចុះផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួន ស្តីពីការពង្រីកសមត្ថភាពរបស់បច្ចេកវិទ្យា DeepFake ដែលអាចធ្វើការបន្លំមុខ ក្នុងសកម្មភាពវីដេអូ និងបញ្ជាលើដងខ្លួនមនុស្សទាំងមូលតែម្តង។ ទោះបីជាយ៉ាងណាបច្ចេកវិទ្យា DeepFake បានផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិ មួយចំនួនដូចខាងក្រោម៖

គុណសម្បត្តិ៖

(១) ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតភាពយន្ត ក្នុងការកែតម្រូវសកម្មភាព ឬសម្លេងរបស់តួរសម្តែង ដោយពុំចាំបាច់ថតឡើងវិញ (២) ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដើម្បីបញ្ចូលរូបភាពអ្នកជំងឺក្នុងសកម្មភាពវីដេអូវះកាត់ (៣) ប្រើប្រាស់ក្នុងការបង្កើតវីដេអូសប្បនិម្មិតរបស់គ្រូឧទ្ទេស ក្នុងកម្មវិធីបណ្តុះបណ្តាល (Video Training) (៤) ប្រើប្រាស់ក្នុងកម្មវិធីលក់ទំនិញអនឡាញ ដើម្បីអនុញ្ញាតឲ្យអតិថិជន ធ្វើការសាកល្បងទំនិញ តួរយ៉ាងសម្លៀកបំពាក់ និង (៥) ប្រើប្រាស់ក្នុងគោលបំណងផ្តល់ការកំសាន្តសប្បាយផ្សេងៗ។

គុណវិបត្តិ៖

(១) ប្រើប្រាស់ដោយជនខិលខូច ក្នុងការបន្លំរូបភាព ឬវីដេអូ មួលបង្ខូចកិត្តិយសជនរងគ្រោះ (២) ប្រើប្រាស់ក្នុងការបន្លំរូបភាព វីដេអូ និងសម្លេង យកជាមធ្យោបាយឆបោកប្រាក់ បន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ (៣) ប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពប្រព្រឹត្តិបទល្មើសផ្សេងៗ។

ក្រឡេកមកមើលព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន បច្ចេកវិទ្យា DeepFake នេះកំពុងពេញនិយមប្រើប្រាស់ក្នុងស្រទាប់យុវជន ជាពិសេសក្នុងកម្មវិធីបណ្តាញទំនាក់ទំនងសង្គម Facebook ឬ TikTok ជាដើម។ ដោយសារការនិយមកាន់តែច្រើនឡើង ក៏មានជនខិលខូចមួយចំនួនបានបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តអំពើអសីលធម៌ ឬអំពើល្មើសផ្សេងៗ ដូចជា៖

– បង្កើតរូបភាព ឬវីដេអូ អាសអាភាសដោយបន្លំបញ្ចូលរូបមុខជនរងគ្រោះ ធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ ឬគម្រាមជនរងគ្រោះឲ្យធ្វើអ្វីមួយតាមការចង់បាន

– បង្កើតរូបភាព ឬវីដេអូ ដែលមានសកម្មភាពអសីលធម៌ ដើម្បីបង្ខូចកិត្តិយសជនរងគ្រោះ

– ប្រើបាស់រូបភាព វីដេអូ ឬសម្លេង ជនរងគ្រោះដើម្បីឆបោកបន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់បងប្អូន នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖ (១) សូមប្រើប្រាស់បច្ចេកវិទ្យា តួរយ៉ាងកម្មវិធីនៃបច្ចេកវិទ្យា DeepFake ប្រកបដោយសីលធម៌ និងស្របតាមក្រិតក្រមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង (២) សូមធ្វើការរាយការណ៍ដល់ជនរងគ្រោះ នៅពេលដែលអ្នកបានទទួល ឬឃើញនូវរូបភាព ឬវីដេអូរបស់ជនរងគ្រោះ ឬធ្វើសេចក្តីរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតលោកអ្នក។

Leave a Reply

Your email address will not be published. Required fields are marked *