សំណាងណាស់! នៅសេអ៊ូល បុរសកូរ៉េម្នាក់រស់តែឯង ឈឺអស់កម្លាំង ដល់អត់បានបាយទឹក១០ថ្ងៃជាប់គ្នា សល់តែស្បែក ចេះសំណាងបានបុគ្គលិកមជ្ឈមណ្ឌល សង្ស័យមករកដល់ផ្ទះ ទើបដឹងថា ..

កូរ៉េខាងត្បូង៖ ជាករណីមួយដែលគួរឱ្យអាណិត និងសំណាងដែរ ដែលបុរសចំណាស់ ជនជាតិកូរ៉េខាងត្បូងម្នាក់ រស់នៅតែឯងរង់ចាំជំនួយពីរដ្ឋ ហើយធ្លាក់ខ្លួនឈឺ ដល់អត់បានហូបបាយទឹកជាង១០ថ្ងៃ ប៊ិះតែនឹងបាត់បង់ជីវិតទៅហើយ តែបានបុគ្គលិកមជ្ឈមណ្ឌលសហគមន៍នៅនឹងមូលដ្ឋាននោះ ខលទៅសួរនាំក៏សង្ស័យចុះមកពិនិត្យផ្ទាល់ ទើបដឹងរឿង និងអាចជួយសង្គ្រោះជីវិតបាន។

ចុះផ្សាយក្នុងសារព័ត៌មាន YTN News កូរ៉េបានឱ្យដឹងថា ករណីនេះកើតឡើងនៅនឹងសង្កាត់ 양천구 ក្រុងសេអ៊ូល ដោយអជ្ញាធរមូលដ្ឋាននៅនឹងសង្កាត់ 양천구 បានប្រកាសថាកាលពីថ្ងៃទី ១៧ សីហាកន្លងទៅថ្មីៗនេះ មន្ត្រីទទួលបន្ទុកសុខុមាលភាពប្រជាពលរដ្ឋនៅនឹងមជ្ឈមណ្ឌលសហគមន៍ស៊ីនជុង បានចុះទៅរកបុរសចំណាស់ខាងលើអាយុជាង៥០ឆ្នាំនេះ និងបានជួយសង្គ្រោះរូបគាត់ដែលនៅក្នុងស្ថានការណ៍នោះ គាត់សឹងតែមានសភាពគ្រោះថ្នាក់ដល់ជីវិតទៅហើយនោះ។

បើតាមការបញ្ជាក់របស់អជ្ញាធរមូលដ្ឋានបានឱ្យដឹងថា​ ដើមហេតុនៃករណីនេះគឺដំបូងឡើយមន្ត្រីបុគ្គលិកបានខលជាច្រើនលើកទៅបុរសខាងលើដើម្បីសាកសួរពីព័ត៌មាននៃការទទួលប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់អ្នកក្រីក្រ តែមិនមានអ្នកលើកទូរស័ព្ទ ដូចនេះបុគ្គលិកមជ្ឈមណ្ឌលខាងលើក៏កើតជាការសង្ស័យ ហើយបានធ្វើការខលសាកសួរជាបន្តបន្ទាប់ទៀត ដើម្បីអាចទាក់ទងទៅបុរសខាងលើនេះបាន។ ក្រោយមកក្នុងការខលទូរស័ព្ទជាច្រើនលើកនោះ គាត់ខលចូលបានម្តង និងបានលឺសម្លេងឆ្លើយខ្សាវៗ សឹងតែមិនលឺពីបុរសខាងលើ។

ដូចនេះទើបបុគ្គលិកខាងលើ បានហៅក្រុមគ្រូពេទ្យ និងបុគ្គលិកមជ្ឈមណ្ឌលដទៃទៀតទៅពិនិត្យមើលបុរសខាងលើដល់ទីតាំងបន្ទប់របស់គាត់ ដោយសារតែពួកគាត់យល់ថានេះអាចជាស្ថានការណ៍គ្រោះថ្នាក់ ហើយបុរសខាងលើអាចនឹងត្រូវការជំនួយសង្គ្រោះបន្ទាន់ណាមួយ។ នៅពេលដែលគេចុះទៅដល់ផ្ទះគាត់ គេរកឃើញបុរសខាងលើនោះនៅក្នុងបន្ទប់របស់គាត់កំពុងអង្គុយនៅក្នុងបន្ទប់របស់គាត់ ហើយសភាពរបស់គាត់គឺអស់កម្លាំងពីខ្លួនរលីង សល់តែស្បែក និងឆ្អឹង ដោយសារតែមិនទាន់បានបាយទឹកអស់ជាង១០ថ្ងៃមកហើយនោះ បើតាមការបញ្ជាក់របសបុគ្គលិកមជ្ឈមណ្ឌលដែលបានចុះទៅដល់ឃើញគាត់នៅពេលនោះ។

បុរសខាងលើនេះមានអាយុជាង៥០ឆ្នាំ ហើយជាអ្នកជំងឺទឹកនោមផ្អែមផង និងជាអ្នកដែលញៀនសុរាផង ហើយនៅពេលក្នុងស្ថានការណ៍នោះ គាត់រស់នៅតែម្នាក់ឯង និងសឹងតែគ្មានកំលាំងធ្វើម្ហូបដើម្បីញ៉ាំខ្លួនគាត់ ដែលនាំឱ្យគាត់អត់បាយ១០ថ្ងៃជាប់គ្នាមកហើយ។ គាត់ក៏មានអាការៈសម្ពាធឈាមចុះខ្សោយខ្លាំង និងខ្វះជីវជាតិខ្លាំងផងដែរ។ គាត់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភា្លមៗ។

បើតាមការបញ្ជាក់ឱ្យដឹងដែរថា ក្រុមគ្រួសាររបស់បុរសរូបនេះមិនដែលបានទាក់ទងមកបុរសរូបនេះជាយូរមកហើយ ហើយបុគ្គលិកមជ្ឈមណ្ឌលកន្លងមកក៏ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលសម្របសម្រួលគ្រួសាររបស់គាត់ ឱ្យមើលថែគាត់វិញផងដែរ ហើយក្នុងនោះដែរមជ្ឈមណ្ឌលគាំពារប្រជាជនសហគមន៍នោះក៏បានរៀបចំស្នើសុំអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋ ដើម្បីជួយដល់បុរសខាងលើនោះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *