របៀបសន្សំលុយរបស់មនុស្សម្នាក់ៗគឺមានភាពខុសៗពីគ្នា។ អ្នកខ្លះដាក់កូនជ្រូក អ្នកខ្លះទុកនៅផ្ទះ អ្នកខ្លះទុកក្នុងធនាគារ និងខ្លះទៀតទុកនៅម្តាយ (ឬអូន)។ យើងសន្សំព្រោះគិតថា វាគឺជារឿងត្រឹមត្រូវ។ តែយើងភ្លេចអំពីជ្រុងមួយនៃលុយសន្សំ គឺធាតុពិតយើងកំពុងខ្ជះខ្ជាយលុយទាំងនោះ។ ដល់ត្រង់ចំណុចនេះអ្នកអាចពិបាកយល់បន្តិចហើយ ដើម្បីបកស្រាយឲ្យច្បាស់ សូមទៅអានអត្ថន័យខាងក្រោម តែចង់បញ្ជាក់បន្តិចសិនថា ក្នុងអត្ថបទនេះ យើងសូមមិននិយាយពីលុយសន្សំសម្រាប់គ្រាអាសន្នទេ ពីព្រោះទោះជាយ៉ាងណា ឬក្នុងកាលៈទេសៈណា អ្នកត្រូវតែមានវា។ តែយើងមកនិយាយពីលុយសន្សំ ឬការទុកដាក់លុយធម្មតាវិញ។
អ្វីដែលយើងត្រូវដឹងគឺ ដោយសារមកពីបញ្ហាកត្តាផ្សេងៗដែលអ្នកគ្រប់គ្រងមិនបាន ដូច្នេះហើយលុយដែលអ្នកសន្សំ ធ្លាក់ថ្លៃបន្តិចម្តងៗ។ លុយ ១០០០ ដុល្លារ ដែលអ្នកសន្សំក្នុងកូនជ្រូកថ្ងៃនេះ អាចនឹងមានតម្លៃតិចជាងនេះ នៅពេលប៉ុន្មានឆ្នាំខាងមុខ។ ដើម្បីឲ្យងាយយល់ យើងមកមើលឧទាហរណ៍មួយ នៅប្រទេសហ្វីលីពីន៖
នៅឆ្នាំ ២០០៤ តម្លៃអង្ករមួយគីឡូ នៅទីប្រជុំជនទីក្រុងម៉ានីឡា គឺ ១៨. ៦៣ ប៉េសូ (ប្រមាណ ១៥០០ រៀល) ដែលមានន័យថា បើអ្នកមានលុយ ១០, ០០០ ប៉េសូ (ប្រមាណ ៨០៧ ០០០ រៀល) អ្នកអាចទិញអង្ករបាន រហូតដល់ជាង ៥០០ គីឡូឯណោះ។
១០ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១៤ តម្លៃអង្ករនៅទីប្រជុំជនទីក្រុងម៉ានីឡាគឺ ៣៦ ប៉េសូ (ប្រមាណ ២៩០០ រៀល)។ ឧបមារថា បើអ្នកដាក់លុយ ១០, ០០០ ប៉េសូ របស់អ្នកក្នុងគណនីសន្សំរបស់ធនាគារ ជាមួយការប្រាក់ ៥% ក្នុងមួយឆ្នាំ កាលពីឆ្នាំ ២០០៤ តើមកដល់ឆ្នាំ ២០១៤ អ្នកទិញអង្ករបានប៉ុន្មានគីឡូ?
ជាមួយនឹងការប្រាក់ ៥% ក្នុងមួយឆ្នាំ ពេលអ្នកដកលុយមកវិញនៅក្នុងឆ្នាំ ២០១៤ អ្នកនឹងបានលុយប្រហែល ១៥ ០០០ ប៉េសូ តែលុយនោះអ្នកយកទៅទិញអង្ករបានតែជាង ៤០០ គីឡូប៉ុណ្ណោះ ព្រោះតម្លៃអង្ករឥឡូវវាឡើងថ្លៃហើយ។ បើគិតជាអង្ករគឺអ្នកខាតជិតមួយរយគីឡូ។ តែនេះមិនមែនមានន័យថា ការដាក់ប្រាក់ក្នុងគណនីធនាគារអត់ប្រយោជន៍នោះទេ។ វាល្អសម្រាប់ទុកដាក់លុយដូចជាលុយសន្សំពេលមានអាសន្នជាដើម។
ក៏ប៉ុន្តែ បើអ្នកចង់សន្សំលុយឬទុកលុយ ដោយមិនខាត សូមអ្នកវិនិយោគលុយភាគច្រើន ទៅលើអ្វីដែលផ្តល់ប្រាក់ចំណេញខ្ពស់ជាងអតិផរណា។ ការវិនិយោគមានច្រើនបែប ច្រើនយ៉ាង ដូចជាការវិនិយោគលើភាគហ៊ុន cryptocurrency អចលនទ្រព្យ ការចូលហ៊ុនរកស៊ីជាដើម។ ការសម្រេចចិត្តថាវិនិយោគលើអ្វី វាអាស្រ័យលើស្ថានភាពអ្នកផ្ទាល់។
ខ្លឹមសារទាំងស្រុងពី៖ ទំព័រហ្វេសប៊ុក CamboFinance!! ដោយឡែក សម្រាប់អ្នកដែលចាប់អារម្មណ៍លើរឿងវិនិយោគ អ្នកអាចស្វែងយល់ចំណេះដឹងខ្លះៗ តាមរយៈអត្ថបទផ្សេងៗរបស់យើងដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកផេករបស់ CamboFinance៕