អ្នកក្បែរសមុទ្រ ប្រយ័ត្នផង! រដ្ឋាភិបាលកូរ៉េ តម្លើងការប្រកាសអាសន្ន ត្រៀមចំពោះព្យុះទីហ្វុងថ្មី “Omais” ដែលអាចនឹងបោកមកប៉ះកោះជេជូ ខ្វាងជូ និងតំបន់សមុទ្រភាគខាងត្បូង

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះបានដាក់ចេញការជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះព្យុះទីហ្វុងថ្មីឈ្មោះ «អូម៉ាអ៊ីស – Omais» ដែលអាចនឹងបោកបក់មកដល់តំបន់ភាគខាងត្បូងប្រទេសកូរ៉េនាពេលឆាប់ៗខាងមុខនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ការចេញសេចក្តីជូនដំណឹងនេះ ត្រូវបានប្រកាសដោយក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ដោយតម្លើងកម្រិតប្រកាសអាសន្នសម្រាប់ព្យុះទីហ្វុង «អូម៉ាអ៊ីស – Omais» ឱ្យដល់កម្រិតទី២ហើយ ក្រោយពីការព្យាករណ៍ឃើញថាព្យុះនេះអាចនឹងបោកបក់មកដល់ទឹកភាគខាងត្បូងនៃកោះជេជូនៅថ្ងៃចន្ទស្អែកនេះ ដែលអាចនឹងបង្កឱ្យមានឥទ្ធិពល និងផលប៉ះពាល់មកដល់តំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូងផងដែរ។

ការប្រកាសតម្លើងកម្រិតប្រកាសអាសន្នដល់កម្រិតទី២នេះ គឺឡើងមួយកម្រិតពីកម្រិតទី១ ដែលគ្រាន់ជាកម្រិតទាបតម្រូវឱ្យប្រជាជនមានការ «យកចិត្តទុកដាក់» តែសម្រាប់កម្រិត២នេះ គឺរដ្ឋាភិបាលតម្រូវឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនផងដែរ។ អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងបានព្យាករណ៍ថាព្យុះទីហ្វុងថ្មីនេះ អាចនឹងបោកបក់មកដល់ក្បែរឆ្នេរភាគខាងត្បូងនៅម្តុំតំបន់ខ្វាងជូ នៅល្ងាចថ្ងៃចន្ទស្អែកនេះ ហើយអាចនឹងបន្តដំណើរទៅកាន់សមុទ្រភាគខាងកើតប្រទេសកូរ៉េខាតត្បូងនៅព្រលឹមថ្ងៃអង្គារ។

ក្នុងនោះដែរ រដ្ឋាភិបាល និងអជ្ញាធរជំនាញក៏នឹងគ្រោងរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យពិភាក្សាលើវិធានការឆ្លើយតបបន្ទាន់ទៅនឹងឥទ្ធិពលព្យុះទីហ្វុង «អូម៉ាអ៊ីស – Omais» នេះផងដែរ និងបានចេញសេចក្តីណែនាំឱ្យអជ្ញាធរតាមមូលដ្ឋានតាមដានកម្រិតកម្ពស់ទឹក និងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីអាចធានាគ្រប់គ្រងស្ថានការណ៍ទឹក ដោយសារតែគេរំពឹងថានឹងមានភ្លៀងធ្លាក់តាមតំបន់នានានៅភាគខាងត្បូង បណ្តាលពីឥទ្ធិពលនៃព្យុះទីហ្វុងនេះផងដែរ។ ការដាក់ចេញវិធានការដល់បណ្តាអជ្ញាធរមូលដ្ឋាននេះ គឺដើម្បីធានាកុំឱ្យមានការលិចលង់ដោយសារជំនន់ទឹកភ្លៀង។

រដ្ឋាភិបាល និងអជ្ញាធរមូលដ្ឋានក៏បានតាមដានស្ថានការណ៍របស់សហគមន៍អ្នកនេសាទ ក៏ដូចជាទីតំាងការដ្ឋាន និងរោងចក្រឧស្សាហកម្មនៅតាមតំបន់សមុទ្រម្តុំៗក្បែរកន្លែងដែលព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់ផងដែរ។ ក្នុងនោះដែរ នៅតាមតំបន់អជ្ញាធរក៏ដាក់វិធានការបន្ថែមព្យាយាមទប់ស្កាត់ផលប៉ះពាល់ដែលអាចកើតមានទៅលើទីតាំងកន្លែងព្យាបាល និងកន្លែងធ្វើតេស្តពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគេសាងសង់នៅតាមតំបន់ក្បែរសមុទ្រផងដែរ ដើម្បីកុំឱ្យរងការខូចខាតពីឥទ្ធិពលនៃព្យុះនេះ ដែលអាចនឹងបង្កជាបញ្ហា​បន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *