ប្រធានាធិបតី មូន ជេអ៊ីន៖ ប្រជាជននៅកូរ៉េ លើស៥០%ហើយបានចាក់វ៉ាក់សាំងកូវីដ! លឿន និងប្រសើរជាងការរំពឹងទុក ត្រឹមមុនបុណ្យឈូសុកខាងមុខ នឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនដល់ទៅ ..

កូរ៉េខាងត្បូង៖ ដំណើរការចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងមានល្បឿនលឿនជាងការរំពឹងទុក ជាលទ្ធផលដ៏គាប់ប្រសើរសម្រាប់រួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេស នេះបើតាមការលើកសរសើររបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន លើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ម្សិលមិញ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គិតមកដល់ត្រឹមថ្ងៃសៅរ៍ទី២១ សីហា ម្សិលមិញនេះម៉ោង១១ព្រឹក កូរ៉េខាងត្បូងមានអ្នកបានចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់១ដូសនោះ ដល់ទៅ២៥.៧លាននាក់ហើយ ដែលមានប្រហែលដល់ទៅ៥០% នៃចំនួនប្រជាជនសរុបក្នុងប្រទេសទៅហើយ ខណៈដែលអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងមានដល់ទៅចំនួន ១១.៥លាននាក់ហើយ នេះបើតាមតួលេខរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។
លើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកប្រធានាធិបតីកូរ៉េផ្ទាល់ បានឱ្យដឹងថា ដំណើរការចាកវ៉ាក់សាំងបានដំណើរការទៅលឿន និងការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាជនដែលបានចាក់វ៉ាក់សាំងដូសទី១រួចនោះ ក៏នឹងត្រូវពន្លឿនបន្ថែមផងដែរ ហើយលោកបានលើកឡើងថា លទ្ធផលសម្រេចបាននេះគឺលឿនជាអ្វីដែលបានរំពឹងទុកមុនអំពីកម្មវិធីចាក់វ៉ាក់សាំងនេះទៅទៀត។

បើគិតពីប្រភេទវ៉ាក់សាំងដែលប្រជាជនកូរ៉េខាងត្បូងបានចាក់វិញ មកដល់ពេលនេះមានប្រជាជនដល់ទៅ១១.៤បានចាក់វ៉ាក់សាំងកូវីដ Pfizer ដូសទី១ ខណៈវ៉ាក់សាំង AstraZeneca វិញមានមនុស្សបានចាក់ចំនួន ១០.៨លាននាក់ហើយ ចំណែកឯវ៉ាក់សាំងកូវីដ Moderna មានអ្នកចាក់បានចំនួន២.១លាននាក់ផងដែរ។ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ Janssen របស់ក្រុមហ៊ុនអាម៉េរិក Johnson & Johnson វិញមានចំនួន១.‌១លាននាក់ផងដែរ ដែលពួកគេចាក់តែមួយដូស រួចរាល់តែម្តង។

លោកប្រធានាធិបតី មូន ជេអ៊ីនបានបញ្ជាក់ផងដែរថា ក្នុងអត្រានៃការចាក់វ៉ាក់សាំងដែលអជ្ញាធរកំពុងអនុវត្តសព្វថ្ងៃនេះ ត្រឹមមុនថ្ងៃបុណ្យឈូសុកកូរ៉េខាងមុខថ្ងៃទី២០ ដល់២២ ខែកញ្ញា គេនឹងអាចចាក់វ៉ាក់សាំងដូសទី១ជូនប្រជាជនបានដល់ទៅ៧០%ឯណោះ ហើយនឹងអាចសម្រេចចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូសជូនដល់ប្រជាជនបានលើសពាក់កណ្តាលប្រទេសផងដែរ។

ក្នុងនោះដែរ លោកប្រធានាធិបតីក៏បានដាក់ការណែនាំដល់មន្ត្រីរបស់ខ្លួនត្រៀមកញ្ចប់ថវិការសម្រាប់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ឆ្នាំក្រោយផងដែរ ដើម្បីត្រៀមសម្រាប់ការលេចចេញមកនូវមេរោគកូវីដបម្លែងថ្មីបន្តបន្ទាប់ទៀត បើតាមការបញ្ជាក់ដោយឡែករបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង។ កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលកូរ៉េ និងគណបក្សកាន់អំណាចបានឯកភាពក្នុងការបង្កើនកញ្ចប់ថវិកាត្រៀមសម្រាប់ទិញវ៉ាក់សាំងកូវីដដល់ទៅចន្លោះពី ១.៥ទ្រីលានវ៉ុន ដល់ ២.៥ទ្រីលានវ៉ុន។

ការចេញមកបញ្ជាក់ពីលទ្ធផលគាប់ប្រសើរនៃដំណើរការចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូងនេះ គឺក្រោយពីរដ្ឋាភិបាលកូរ៉េត្រូវរងការរិះគន់ក្នុងចំណាត់ការដឹកជញ្ជូនវ៉ាក់សាំងដែលបានបញ្ជាទិញពីក្រុមហ៊ុន Moderna ដែលថ្មីៗនេះមានដំណើរការពន្យារពេលយឺតយ៉ាវដោយអន្លើ។ យ៉ាងណាមិញ ថ្មីៗចុងក្រោយនេះ រដ្ឋាភិបាលកូរ៉េបានបញ្ជូនប្រតិភូទៅជួបចរចាជាមួយក្រុមហ៊ុន និងធានាឱ្យក្រុមហ៊ុនបង្កើនការដឹកជញ្ជូនវ៉ាក់សាំងមកកូរ៉េខាងត្បូងឱ្យបានច្រើនជាងមុនសម្រាប់ខែកញ្ញាវិញផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *