ជម្រាបលាសមាជិកសភាកូរ៉េ លោកទូត ឡុង ឌីម៉ង់ បន្តសន្យាថានឹងនៅតាមជួយជ្រោមជ្រែង គម្រោងធំៗ៣នេះទៀតសម្រាប់ខេត្តកំពង់ស្ពឺ ដែលស្ថានទូតសហការនឹងដៃគូកូរ៉េ បន្តទៀត

កូរ៉េខាងត្បូង៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង លោក ឡុង​ ឌីម៉ង់ បានអញ្ជើញចូលទៅជម្រាបលាលោកសមាជិករដ្ឋសភាកូរ៉េខាងត្បូង Byun Jae-il ដែលលោកទូតបានបញ្ជាក់ថា ជាមិត្តភក្កិដ៏ល្អរបស់កម្ពុជាជាយូរណាស់មកហើយ បើតាមការបង្ហោះចែករំលែកលើទំព័រហ្វេសប៊ុករបស់លោកទូត ឡុង ឌីម៉ង់ផ្ទាល់។

ក្នុងឱកាសចូលទៅជម្រាបលាសមាជិករដ្ឋសភាកូរ៉េខាងត្បូង ក្នុងឱកាសដែលលោកទូតគ្រោងនឹងបញ្ចប់បេសកកម្មការទូតនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ លោកទូត ឡុង ឌីម៉ង់ រួមនឹងលោកសមាជិករដ្ឋសភាកូរ៉េខាងត្បូង Byun Jae-il បានបង្ហាញនូវកាយវិការ និងសកម្មភាពរីករាយ និងស្និទ្ធស្នាល ព្រមទាំងធ្វើការសំណេះសំណាលជាមួយគ្នាផងដែរ។

លោកទូត ឡុង ឌីម៉ង់ បានរំលេចបញ្ជាក់ថាលោកសមាជិករដ្ឋសភាកូរ៉េខាងត្បូង Byun Jae-il នេះគឺជាមិត្តភក្កិដ៏ល្អរបស់កម្ពុជាជាយូរណាស់មកហើយ ហើយបច្ចុប្បន្នក៏ជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-កូរ៉េ ដ៏សកម្មម្នាក់ផងដែរ។

លោកទូតក៏បានឆ្លៀតបញ្ជាក់សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលអប់រំដ៏ធំមួយ រួមទាំងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាករទឹកកូរ៉េ K Water ក្នុងការរៀបចំបណ្ដាញទឹកស្អាតនៅខេត្តកំពង់ស្ពឺ នឹងលេចចេញជារូបរាងឡើងក្រោមស្នាដៃរបស់គាត់ផងដែរ ដោយកន្លងមកស្ថានទូតកម្ពុជាបានសម្របសម្រួល។ លោកទូតក៏បានអះអាងបន្តថា លោកនឹងខិតខំបន្តជាអ្នកជួយជ្រោមជ្រែង តាមដានការអនុវត្តគម្រោងនេះដោយផ្ទាល់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *