កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសក្នុងការចេញពន្យារវិធានការគម្លាតសង្គមបន្តទៀតហើយ តែសម្រាប់លើកនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញនូវការកែសម្រួលបន្ថែមមួយចំនួនទៀត ជាពិសេសសម្រាប់តំបន់ដែលត្រូវអនុវត្តគម្លាតសង្គមកម្រិត៤ លើម៉ោងដំណើរការអាជីវកម្ម និងការជួបជុំគ្នាបែបឯកជនជាដើម។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថានៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានប្រកាសវិធានការធំៗ ថ្មីមួយចំនួនសម្រាប់ពន្យារការអនុវត្តវិធានការគម្លាតសង្គមដែលមានបច្ចុប្បន្ន។ ការកែសម្រួលថ្មីនេះគឺនឹងដាក់ឱ្យអនុវត្តពីឥឡូវនេះទៅ ដោយសារតែរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចអនុវត្តបន្តគម្លាតសង្គមដែលមានដូចសព្វថ្ងៃនេះ រយៈពេល២សប្តាហ៍បន្ថែមទៀត។
ជាក់ស្តែង សម្រាប់ម៉ោងដំណើរការអាជីវកម្មសម្រាប់ហាង ភោជនីយដ្ឋាន និងហាងកាហ្វេនៅតាមទីតាំងដែលអនុវត្តគម្លាតសង្គមកម្រិត៤ កម្រិតខ្ពស់ជាងគេ នឹងត្រូវកាត់បន្ថយចោល១ម៉ោងទៀត មានន័យថា រាល់ហាង ភោជនីយដ្ឋាន និងហាងកាហ្វេទាំងអស់នៅក្រោមគម្លាតសង្គមកម្រិត៤ នឹងត្រូវបិទទ្វារឈប់ដំណើរការចាប់ពីម៉ោង៩យប់ទៅ ខណៈដែលមុននេះអជ្ញាធរអនុញ្ញាតឱ្យដំណើរការបានដល់ម៉ោង១០យប់។
វិធានការធំមួយទៀត គឺការកែសម្រួលទៅលើការអនុញ្ញាតឱ្យជួបជុំបែបឯកជន។ ក្រោមវិធានការគម្លាតសង្គមកែសម្រួលថ្មីនេះ រដ្ឋាភិបាលកូរ៉េអនុញ្ញាតឱ្យមានការជួបជុំឯកជនបានដល់ទៅ៤នាក់ នៅតាមភោជនីយដ្ឋាន និងហាងកាហ្វេនានា តែក្នុងករណីប្រសិនបើក្នុងការជួបជុំគ្នា៤នាក់នោះ មានមនុស្ស២នាក់បានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុង និងបានឆ្លងកាត់រយៈពេលចន្លោះ១៤ថ្ងៃ ក្រោយពីបានចាក់វ៉ាក់សាំងរួចរាល់ផងដែរ។
ជាមួយនឹងការប្រកាសពន្យារការអនុវត្តគម្លាតសង្គមបច្ចុប្បន្នរយៈពេល២សប្តាហ៍បន្ថែមទៀតនេះ ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ នឹងត្រូវស្ថិតក្រោមគម្លាតសង្គមកម្រិត៤បន្តទៀត ខណៈតំបន់ដទៃទៀតសឹងទូទាំងប្រទេសនឹងស្ថិតក្រោមគម្លាតសង្គមកម្រិត៣ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ២០២១ខាងមុខផងដែរ។
ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា កម្មករ បុគ្គលិកធ្វើការនៅទីតាំងការងារណាដែលមានហានិភ័យចំលងកូវីដ-១៩ ខ្លាំងក៏នឹងត្រូវតម្រូវឱ្យធ្វើតេស្តកូវីដបង្ការមុនផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានលើកបញ្ជាក់ផងដែរ ពីករណីល្មើស និងបំពានទៅនឹងគម្លាតសង្គមជាបន្តបន្ទាប់ ហើយលោកថាអជ្ញាធរគ្រោងនឹងពង្រឹងការអនុវត្តនូវការពិន័យរដ្ឋបាលឱ្យកាន់តែតឹងរ៉ឹងចំពោះអ្នកដែលល្មើសនឹងបម្រាមគម្លាតសង្គមទាំងនោះ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រយៈពេល២សប្តាហ៍បន្ទាប់ទៀតដែលត្រូវពន្យារអនុវត្តគម្លាតសង្គមបន្តនេះ គឺជាពេលវេលាដ៏សំខាន់បំផុតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះ ហើយលោកបានស្នើឱ្យប្រជាជនទាំងអស់ចូលរួមសហការគ្នាយ៉ាងណា ដើម្បីឱ្យវិធានការអនុវត្តទៅមានប្រសិទ្ធភាព ជាពិសេសដើម្បីត្រៀមក្នុងពេលខាងមុខដ៏ខ្លីដែលសាលារៀនទូទាំងប្រទេសនឹងចាប់ផ្តើមបើកបវេសនកាលថ្មីនេះផងដែរ។