ខ្លាំងដៃណាស់! វិហារធំមួយនៅសេអ៊ូលធ្វើពិធីសាសនាផ្ទាល់ ៥សប្តាហ៍ជាប់គ្នា មិនខ្វល់គម្លាតសង្គមកម្រិត៤ ឥឡូវនេះត្រូវអជ្ញាធរប្រើធម៌ក្តៅ បិទឈប់ឱ្យដំណើរការតែម្តង តែវិហារនៅតែ …

កូរ៉េខាងត្បូង៖ វិហារសាសនាមួយដ៏រឹងទទឹងនៅសេអ៊ូល ដែលគ្រប់គ្រងដោយអាចារ្យមួយរូបដែលគេស្គាល់ថាជាជនបែបអភិរក្សជ្រុលនិយម នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះត្រូវបានអជ្ញាធរមូលដ្ឋានប្រើធម៌ក្តៅ ចុះមកបិទទ្វារឈប់ឱ្យដំណើរការបន្តតែម្តង ក្រោយពីវិហារសាសនានេះមិនខ្វល់ពីវិធានការគម្លាតសង្គម ហើយបំពានធ្វើពិធីសាសនាប្រមូលផ្តុំមនុស្សរាប់រាយនាក់ រៀងរាល់អាទិត្យកន្លងមក។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា វិហារសាសនាមួយនៅសេអ៊ូលដែលគេតែងស្គាល់ឈ្មោះរហូតមក គឺព្រះវិហារ Sarang Jeil Church ត្រូវបានអជ្ញាធរមូលដ្ឋាននៅស៊ុងប៊ុក សេអ៊ូល ចុះមកចេញបញ្ជាឱ្យបិទទ្វារឈប់ឱ្យដំណើរការតែម្តង។ វិហារនេះមែនទែនទៅ គេស្គាល់លឺឈ្មោះសឹងគ្រប់គ្នា គឺល្បីរឿងផ្គើន និងបំពានទៅនឹងបម្រាមគំលាតសង្គមជាបន្តបន្ទាប់មិនខ្វាយខ្វល់ មិនខ្លាចអជ្ញាធរ ហើយក៏ធ្លាប់ជាទីតាំងក្តៅដែលផ្ទុះឆ្លងកូវីដ-១៩ ជាចង្កោមកន្លងមក ដោយសារតែការអនុវត្តសាសនាល្មើសមិនខ្វល់នឹងកូវីដនេះផងដែរ។

វិហារនេះគ្រប់គ្រងដោយអាចារ្យកូរ៉េឈ្មោះ Jun Kwang-hoon ជាមនុស្សបែបស្តាំនិយម ឬគេនិយាយឱ្យស្រួលស្តាប់គឺមនុស្សរបៀបអភិរក្សជ្រុល។ បើតាមការស៊ើបរបស់សមត្ថកិច្ចមូលដ្ឋាន វិហារនេះបានបំពាននឹងគម្លាតសង្គមរហូតមក បើទោះជាក្រុងសេអ៊ូលស្ថិតក្រោមគម្លាតសង្គមកម្រិត៤ ខ្ពស់ជាងគេក៏ដោយ ហើយដែលពីដំបូងមកនោះ គេមិនអនុញ្ញាតឱ្យមានការជួបជុំរៀបចំពិធីសាសនាផ្ទាល់ មានមនុស្សចូលរួម តែវិហារនេះបានបំពានដោយបានរៀបចំពិធីបន់ស្រន់សាសនានៅរៀងរាល់ថ្ងៃអាទិត្យ ដោយមានមនុស្សមកចូលរួមផ្ទាល់រយៈពេល៥សប្តាហ៍ជាប់គ្នាហើយ តាំងពីថ្ងៃទី១៨ កក្កដា។

មែនទែនទៅ នៅពេលដែលគម្លាតសង្គមត្រូវបានប្រកាសនៅសេអ៊ូលដំបូងបង្អស់ អជ្ញាធរមិនអនុញ្ញាតឱ្យមានការជួបជុំរៀបចំពិធីសាសនាផ្ទាល់ មានមនុស្សចូលរួមនោះទេ តែក្រោយមកកាលពីថ្ងៃចន្ទសប្តាហ៍មុន រដ្ឋាភិបាលកូរ៉េបានកែសម្រួលវិធានការនេះ ហើយអនុញ្ញាតឱ្យព្រះវិហារសាសនាអាចរៀបចំកម្មវិធីសាសនានៅទីតាំងផ្ទាល់បានវិញ ហើយមានមនុស្សចូលរួមបានចំនួន១០% នៃចំណុះមនុស្សក្នុងសាលទាំងអស់ ឬក៏ត្រូវឱ្យនៅតិចជាង១០០នាក់វិញ។ តែសម្រាប់វិហារសាសនាដ៏រឹងទទឹងនេះ បានល្មើសនឹងការហាមឃាត់ជួបជុំសាសនា តាំងពីការអនុវត្តគម្លាតសង្គមដំបូង ហើយក្រោយពេលដែលគេអនុញ្ញាតឱ្យមានអ្នកមកចូលរួមផ្ទាល់បានត្រឹមក្រោម១០០នាក់ ទីតាំងវិហារនេះនៅតែផ្គើន ដោយសប្តាហ៍កន្លងទៅនេះ ប្រមូលផ្តុំអ្នកមករៀបចំពិធីសាសនានៅនឹងវិហារដល់ទៅជាង ៨០០នាក់ឯណោះ។

ដោយសារតែការបន្តផ្គើន មិនអើពើនឹងចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដនេះហើយ អជ្ញាធរមូលដ្ឋានបានចុះទៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ទៅបិទទីតាំងវិហារសាសនានេះតែម្តង និងការផាកពិន័យផងដែរ តែបើតាមការបញ្ជាក់របស់សារព័ត៌មានឱ្យដឹងថា បែរជាហ៊ានបដិសេធមិនព្រមទទួល និងអនុវត្តតាមបទបញ្ជារដ្ឋបាលរបស់អជ្ញាធរមូលដ្ឋានលើកនេះទៀត។ គេមិនទាន់ដឹងថា តើវិហារនេះនឹងអាចបិទទ្វារ ឈប់ដំណើរការបានពិតមែន ឬយ៉ាងណា ដោយសារកន្លងមកហាក់មិនដែលរវីរវល់នឹងចំណាត់ការសមត្ថកិច្ចទាល់តែសោះនោះ ហើយក៏មិនទាន់ដឹងថា តើគ្រាន់ជាការឱ្យបិទទ្វារមួយរយៈពេលខ្លី ឬជាការបិទរយៈពេលវែងប៉ុណ្ណានោះ។

សូមបញ្ជាក់ថា ក្រោមច្បាប់ប្រឆំាងនឹងជំងឺឆ្លង អជ្ញាធរមូលដ្ឋានអាចមានសិទ្ធបិទទីតាំងសាសនាណាមួយមិនឱ្យដំណើរការបានតែម្តង ប្រសិនបើទីតាំងនោះមិនព្រមទទួលអនុវត្តការដាក់ចេញវិធានការឱ្យផ្អាកដំណើរការទេនោះ។

Leave a Reply

Your email address will not be published. Required fields are marked *