ប្រយ័ត្នផង ខ្មែរៗយើង! ២សប្តាហ៍នេះ ក្នុងអ្នកវិជ្ជមានកូវីដនៅកូរ៉េខាងត្បូង១០នាក់ មានបរទេស១នាក់ទៅហើយ ជាអត្រាខ្ពស់ណាស់ ហើយភាគច្រើនគឺជនជាតិ៤នេះ មានអ្នកក្បែរខាងយើងដែរ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ក្នុងចំណោមអ្នកដែលរកឃើញវិជ្ជមានកូវីដ១០នាក់នៅកូរ៉េខាងត្បូង មាន១នាក់ហើយជាជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ  នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times របស់កូរ៉េ។

ក្នុងព័ត៌មាននេះបានឱ្យដឹងថាក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ គិតពីត្រឹមថ្ងៃទី១ សីហា ដល់ថ្ងៃសៅរ៍ទី១៤ កាលពីចុងសប្តាហ៍នេះ នៅកូរ៉េខាងត្បូងរកឃើញករណីវិជ្ជមានកូវីដក្នុងចំណោមជនបរទេសដល់ទៅ ១,៣៧៩នាក់ឯណោះ ដែលមានប្រមាណ១១.១% នៃចំនួនករណីកូវីដទាំងអស់ដែលត្រូវបានធ្វើតេស្តរកឃើញក្នុងអំឡុងពេលនេះដូចគ្នា នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។

តួលេខអត្រាឆ្លងដល់ទៅ១១.១% ឬលើសពីម្នាក់ក្នុងចំណោម១០នាក់ នៃចំណោមអ្នកឆ្លងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់នេះ គឺជាអត្រាមួយខ្ពស់គួរឱ្យបារម្ភ ហើយគឺខ្ពស់ជាងអត្រាជនបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាក់ស្តែងទៅទៀត ដែលមានត្រឹម៣.៨% ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងទាំងអស់ប៉ុណ្ណោះ។ តួលេខនេះបានកើនឡើងខ្លាំងផងដែរ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ បើធៀបទៅនឹងរយៈពេល២សប្តាហ៍ដូចគ្នាកាលពីដើមខែឧសភា ដែលកាលនោះអត្រាជនបរទេសដែលឆ្លងកូវីដ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងទាំងអស់មានត្រឹមតែ ៧.៧% ប៉ុណ្ណោះ ហើយអំឡុងពេលនៃដើមខែកក្កដាវិញ គឺមានត្រឹមតែ៨.៨%។

ក្នុងចំណោមជនបរទេសទាំងអស់ដែលរកឃើញវិជ្ជមានកូវីដ មានដល់ទៅ៩៥៩នាក់ស្ថិតនៅក្នុងប្រជុំជនសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ហើយមាន៤២០នាក់ទៀតគឺនៅតាមខេត្តក្រុងផ្សេងៗទៀតទូទាំងប្រទេសកូរ៉េ។ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលដែរ គឺឱ្យដឹងថាភាគច្រើននៃជនបរទេសគឺមានអាយុខ្ទង់ ២០ ទៅ៣០ឆ្នាំហើយភាគច្រើនមកពីប្រទេសនៅតំបន់អាស៊ីដូចជាវៀតណាម ថៃ ចិន និងអ៊ុយបែកគីស្ថាន។

ក្នុងនោះដែរ រយៈពេល២ខែចុងក្រោយនេះវិញ គេឃើញមានករណីឆ្លងជាចង្កោមក្នុងចំណោមសហគមន៍ជនបរទេសកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ដែរ មានត្រឹមតែ២ករណីក្នុងខែមិថុនា កើនដល់ទៅ៤២ករណីក្នុងខែកក្កដា និងកើនថែមទៀតដល់ទៅ២២ករណីក្នុងខែសីហានេះដែរ។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បត្តិ៍នេះ កូរ៉េខាងត្បូងរកឃើញករណីវិជ្ជមានកូវីដដល់ទៅលើស២០០០ករណី គឺមាន២,១៥២ករណីទៀតហើយ ដែលនេះអាចជាលទ្ធផលលេចចេញបណ្តើរៗហើយនៃការផ្ទុះឆ្លងក្នុងរយៈពេលថ្ងៃឈប់សម្រាកច្រើនកាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលអជ្ញាធរបានអំពាវនាវជាបន្តបន្ទាប់ឱ្យប្រជាជននៅផ្ទះ និងកាត់បន្ថយសកម្មភាពដើរហើរដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងកូវីដនោះ។

Leave a Reply

Your email address will not be published. Required fields are marked *