កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្ស ១៣៣នាក់ រួមទាំងភ្ញៀវ អតិថិជន ថៅកែ និងបុគ្គលិកហាងផឹកស៊ី២កន្លែងត្រូវបានសមត្ថកិច្ចប៉ូលីសសេអ៊ូល និងហ្គាងណាមសហការពួតដៃគ្នាចុះទៅចាប់បានភ្លាមៗនៅនឹងកន្លែងលួចលាក់ផឹកស៊ី មិនអើពើល្មើសទៅនឹងបម្រាមគម្លាតសង្គម និងវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩នោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News របស់កូរ៉េ។
ព័ត៌មានដែលចុះផ្សាយនេះបានឱ្យដឹងថា ការចុះចាប់ទ្រង់ទ្រាយធំបានមនុស្សអ្នកដែលចូលរួមល្មើសដល់លើស១០០នាក់ជាងនេះ មានការសហការពីសមត្ថកិច្ចប៉ូលិសសេអ៊ូល និងសមត្ថកិច្ចមូលដ្ឋាននៅហ្គាងណាមផ្ទាល់ រួមទាំងអជ្ញាធរក្រុងសេអ៊ូលផងដែរ ដោយក្រុមសមត្ថកិច្ច និងអជ្ញាធរបានធ្វើការប្រមូលព័ត៌មាន និងស៊ើបការណ៍ទុកជាមុនប្រមូលភស្តុតាងពាក់ព័ន្ធទៅលើទីតាំងហាងផឹកស៊ីដែលហា៊នបើកដំណើរការបំពានទៅនឹងគម្លាតសង្គមដោយលួចលាក់នេះ រួចអស់ទៅហើយ ទើបដល់ថ្ងៃកើតហេតុបានចុះទៅអនុវត្តប្រតិបតិ្តការចាប់អ្នកល្មើសមកទាំងអស់តែម្តង។ ការចុះចាប់នេះគឺធ្វើឡើងកាលពីយប់ថ្ងៃទី១៧ សីហា ថ្មីៗនេះតែម្តង។
តាមព័ត៌មាននេះបានឱ្យដឹងថា សម្រាប់ទីតាំងល្មើសទី១ គឺអជ្ញាធរក្រុងសេអ៊ូលបានទទួលព័ត៌មានមុនថាទីតាំងបារទី១ ឈ្មោះ A នៅតំបន់ (역삼동) ក្នុងសង្កាត់ហ្គាងណាម សេអ៊ូល បានបិទទ្វារពិតមែនតែលួចដំណើរការផឹកស៊ីនៅខាងក្នុងដោយលួចលាក់ ហើយក្រុមអជ្ញាធរពាក់ព័ន្ធបានចុះទៅឃ្លាំមើលនៅនឹងកន្លែងសង្ស័យ ឃើញថាពិតជាបានបិទទ្វារមិនដំណើរការដូចប្រក្រតី មើលពីខាងក្រៅទៅ តែក្រោយពីនៅស៊ើប និងឃ្លាំមើលបានមួយសន្ទុះ គេឃើញមានភ្ញៀវលួចចេញចូលតាមច្រកទា្វរខាងក្រោយហាងនៅម៉ោង៨យប់ ដូចនេះទើបអជ្ញាធរចុះទៅចាប់ជាក់ស្តែងតែម្តង។
ពេលអជ្ញាធរទៅដល់ដំបូង ខាងម្ចាស់ហាងប្រុងមិនចង់បើកទ្វារឱ្យអជ្ញាធរទៀតផង តែអជ្ញាធរបានរុញច្រានទ្វារចូលទៅមើលដល់ខាងក្នុងហាង ទើបរកឃើញថាពិតជាមានករណីល្មើសលួចបើកអាជីវកម្មផឹកស៊ីប្រាកដមែន គឺបំពានទៅគម្លាតសង្គមបម្រាមដែលកំពុងអនុវត្តនៅនឹងក្រុងសេអ៊ូលតែម្តង។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះគឺ ក្នុងហាងនោះមាន១៦បន្ទប់ ហើយនៅពេលចុះទៅចាប់នោះមានដល់ទៅ១៥បន្ទប់ឯណោះដែលមានភ្ញៀ់វពេញ កំពុងផឹកស៊ីទាំងភ្ញៀវ និងបុគ្គលិក ដូចនេះហាងផឹកស៊ីគឺមិនមែនលួចបើកលួចលាក់ទទួលភ្ញៀវ២ ៣នាក់នោះទេ គឺលួចបើកទទួលភ្ញៀវដូចជាពេលវេលាធម្មតាទៅហើយ។
ចំណែកឯហាងទី២ដែលល្មើសវិញ គឺស្ថិតនៅតំបន់ (논현동) សេអ៊ូលដូចគ្នា ដែលហាងនេះមើលពីក្រៅទៅគឺឃើញថាបិទអាជីវកម្មអនុវត្តតាមវិធានការគម្លាតសង្គមយ៉ាងត្រឹមត្រូវដែរ តែនៅប្រហែលម៉ោង៩:៣០យប់ គេចាប់បានភ្ញៀវដើរចូលទៅក្នុងហាង ដូចនេះអជ្ញាធរក៏ចាប់ប្រតិបត្តិការដូចគ្នាចុះទៅចាប់ហាងនេះតែម្តង។ នៅពេលដែលអជ្ញាធរចូលទៅដល់ រកឃើញថាហាងមួយនេះមានច្រកទ្វារក្រោយដល់ទៅ៤ច្រក ដូចនេះនៅពេលដែលប៉ូលីសចូលមកចាប់តាមច្រកខាងមុខហាង មានភ្ញៀវមួយចំនួននាំគ្នារត់ចេញទៅតាមច្រកទា្វរក្រោយហាងបានមុន តែចៃដន្យមានក្រុមសមត្ថកិច្ចបានដឹងមុន និងបានពង្រាយកម្លាំងចាប់អ្នកលួចរត់ចេញតាមច្រកក្រោយផងដែរ។
ក្រោយពីចាប់បានហើយ សមត្ថកិច្ចរកឃើញថាហាងទាំង២នេះល្មើសទៅនឹងច្បាប់អនាម័យចំណីអាហារ ដូចជាមានការបម្រើគ្រឿងអាល់កុលដល់ភ្ញៀវ និងអតិថិជនដោយគ្មានការអនុញ្ញាតតាមច្បាប់ ដោយសារទីតាំងហាងនេះជាទីតាំងហាងធម្មតាប៉ុណ្ណោះ និងច្បាប់បង្ការការចម្លងមេរោគផងដែរ ដែលសំដៅដល់ការបំពានវិធានការគម្លាតសង្គមនេះឯង។
អជ្ញាធរបញ្ជាក់ថា វិធានការរដ្ឋបាល និងតុលាការរួមមានទាំងការបញ្ជូនសំណុំរឿងបន្តទៅតុលាការ និងការផាកពិន័យផ្សេងៗនឹងត្រូវអនុវត្តដាក់ទោសលើអ្នកល្មើសទាំងអស់នោះមានទាំងភ្ញៀវ អតិថិជន ថៅកែ និងបុគ្គលិកនៃហាងទាំង២នេះ។ អជ្ញាធរក៏បានបញ្ជាក់ផងដែរថា ពេលនេះជាពេលសំខាន់ដែលអជ្ញាធរត្រូវសហការគ្នាចុះចាប់ការល្មើសនឹងបម្រាមគម្លាតសង្គមបែបនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីអាចទប់ស្កាត់ការចម្លងកូវីដ-១៩បាន។
ជាមួយនឹងការចាប់បាននេះដែរ ក៏មានមតិសាធារណជនកូរ៉េខាងត្បូងជាច្រើនបានលើកឡើងខឹងសម្បារនឹងកាយវិការល្មើសបែបនេះ ដែលបង្កជាហានិភ័យដល់សង្គមទាំងមូល ហើយក៏បានរិះគន់ដល់ចំណាត់ការអជ្ញាធរដែលបណ្តាលឱ្យមានករណីល្មើសបំពានបែបនេះកើតឡើងជាបន្តបន្ទាប់ និងបានរិះគន់ចំពោះចំណាត់ការផាកពិន័យដែលមានភាពធូររលុងផងដែរ។