អ្នកជំនាញកូរ៉េថា កូវីដថ្មី «ឡាំដា» ដែលឆ្លងខ្លាំងជាងមុន ហើយអាចធន់នឹងវ៉ាក់សាំងខ្លាំងជាងមុនដែរនោះ អាចនឹងវាយលុកចូលមកកូរ៉េឆាប់ៗនេះ ហើយបើឆ្លងមែននោះនឹងមានបញ្ហាកាន់តែធំហើយ

កូរ៉េខាងត្បូង៖ ក្នុងពេលបច្ចុប្បន្ន​នេះ អជ្ញាធរកូរ៉េខាងត្បូងកំពុងឈឺក្បាលខ្លាំងពីបញ្ហាវត្តមានដ៏ច្រើន និងកើនឡើងជាបន្តបន្ទាប់របស់កូវីដបម្លែងខ្លួនថ្មី ដែលតា ដែលកំពុងតែវាយលុកខ្លាំងក្នុងប្រទេសរបស់ខ្លួន ហើយកាន់តែបារម្ភទៀតនោះគឺកូវីដដែលតានេះ មានលេចចេញនូវការបម្លែងខ្លួនមួយជាន់ទៀត ដែលគេស្គាល់ និងឱ្យឈ្មោះថ្មីថាមេរោគកូវីដ «ដែលតាផ្លាស់»។

តែមែនទែនទៅ សម្រាប់បច្ចុប្បន្ននេះ អជ្ញាធរសុខាភិបាលក៏បានកំពុងតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់លើការធ្វើដំណើរ និងវិវត្តរបស់កូវីដបម្លែងខ្លួនថ្មីមួយប្រភេទទៀតឈ្មោះថា​ «ឡាំដា» ផងដែរ ហើយអជ្ញាធរសុខាភិបាលសន្និដ្ឋានថាមិនយូរ មិនឆាប់នោះទេ គេគង់នឹងកំណត់រកឃើញវត្តមានកូវីដបម្លែងខ្លួនថ្មី «ឡាំដា» នេះចូលមកដល់កូរ៉េខាងត្បូងមិនខាន ដោយសារបច្ចុប្បន្ននេះមេរោគកូវីដថ្មីចុងក្រោយគេបង្អស់ ដែលមានវត្តមានផ្ទុះខ្លាំងនៅតាមប្រទេសមួយចំនួនរួចទៅហើយនោះ បានមានវត្តមាននៅប្រទេសក្បែរខាងជប៉ុន និងហ្វីលីពីនហើយដែរ។

មេរោគកូវីដបម្លែងខ្លួនថ្មី «ឡាំដា» នេះត្រូវបានកំណត់រកឃើញប្រភពវត្តមានដើមកំណើតដំបូងពីប្រទេសប៉េរូ និងត្រូវបានអ្នកជំនាញជឿថាមេរោគបម្លែងខ្លួនថ្មីនេះ មានប្រសិទ្ធភាពឆ្លង និងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានកាន់តែខ្លាំងជាងមេរោគកូវីដប្រភេទដើមដំបូង ហើយកាន់តែបារម្ភនោះគឺសមត្ថភាពធន់ទៅនឹងវ៉ាក់សាំងកូវីដដែលមានបច្ចុប្បន្នបានខ្លាំងជាងមេរោគកូវីដដទៃៗទៀតផងដែរ បើទោះបីកម្រិតជាក់ស្តែងប៉ុនណាគេមិនទាន់អាចដឹងបាននៅឡើយនោះ។

ថ្វីត្បិតតែមេរោគកូវីដ «ឡាំដា» នេះមិនទាន់រកឃើញនៅកូរ៉េខាងត្បូង តែគិតមកដល់ពេលនេះមានប្រទេសជាង៣០ប្រទេសហើយជុំវិញពិភពលោក រួមទាំងប្រទេសនៅក្បែរៗគ្នាជាច្រើននៅតំបន់អាម៉េរិកឡាទីនផងនោះមាននូវវត្តមានកូវីដ «ឡាំដា» នេះ។ កូវីដនេះត្រូវបានគេរកឃើញថ្មីៗនៅប្រទេសជប៉ុនក្បែរខាងកូរ៉េខាងត្បូង កាលពីថ្ងៃទី៧ សីហា ថ្មីៗនេះតាមអ្នកដំណើរស្រ្តីម្នាក់អាយុជាង៣០ឆ្នាំមកពីប្រទេសប៉េរូ ដែលបានមកដល់ប្រទេសជប៉ុនតាំងពីថ្ងៃទី២០ កក្កដាកន្លងមក។ កាលពីថ្ងៃអាទិត្យនេះដែរ មេរោគកូវីដ «ឡាំដា» នេះក៏ត្រូវបានរកឃើញនៅក្នុងប្រទេសហ្វីលីពីនផងដែរ ជាករណីទី១ប្រចាំប្រទេសនៅអាស៊ីអាគ្នេយ៍ដែលសុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមកទាំងអស់។

តំបន់មួយនៅទីក្រុងម៉ានីឡា ហ្វីលីពីន ដែលបានបិទខ្ទប់ ប៉ុន្មានថ្ងៃក្រោយប្រទេសនេះរកឃើញកូវីដ «ឡាំដា» ថ្មី

មន្ត្រីជំនាញកូរ៉េខាងត្បូងបានបញ្ជាក់ថា កូវីដ «ឡាំដា» នេះថ្វីបើមិនទាន់ឆ្លងរីករាលដាលខ្លាំងជុំវិញពិភពលោកពិតមែន តែកូរ៉េខាងត្បូងមិនប្រកាសបដិសេធលើលទ្ធភាពដែលមេរោគនេះអាចនឹងឆ្លងចូលមកដល់ប្រទេសកូរ៉េខាងត្បូងនាពេលណាមួយខាងមុខនេះទេ ដូចនេះអ្វីដែលអជ្ញាធរត្រូវគិតគូ គឺវិធីបង្ការទុកមុនថាតើគួរមានអ្វីខ្លះត្រូរៀបចំសម្រាប់ឆ្លើយតបទៅនឹងវត្តមាននៃកូវីដថ្មីនេះ។

សាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យសុខាភិបាលកូរ៉េបានលើកឡើងថា ប្រសិនបើកូវីដបម្លែងថ្មី «ឡាំដា» ដែលយើងមិនទាន់ស្គាល់ឱ្យបានច្បាស់ ហើយនៅខ្វះព័ត៌មាននៅឡើយនោះ ឆ្លងចូលមកដល់ប្រទេសកូរ៉េខាងត្បូង នោះវិធានការទប់ស្កាត់ការចម្លងកូវីដ-១៩នៅក្នុងប្រទេសកូរ៉េនឹងកាន់តែពិបាកហើយ។

សូមបញ្ជាក់ថា ក្រៅពីកូវីដបម្លែងខ្លួនថ្មី «ឡាំដា» នេះ កូរ៉េខាងត្បូងបច្ចុប្បន្ននេះមានវត្តមានកូវីដបម្លែងខ្លួនច្រើនប្រភេទដែរហើយ គឺវត្តមានកូវីដបម្លែងខ្លួន «បេតា» ដែលមានប្រភពដំបូងពីចក្រភពអង់គ្លេស កូវីដបម្លែងខ្លួនថ្មី «ដែលតា» ដែលមានប្រភពពីប្រទេសឥណ្ឌា ដែលបច្ចុប្បន្នកំពុងវាយលុកខ្លាំងជាងគេក្នុងប្រទេសកូរ៉េខាងត្បូង ហើយនិងកូវីដបម្លែងខ្លួនថ្មីបន្តពី កូវីដ «ដែលតា» គឺកូវីដបម្លែងខ្លួនថ្មី «ដែលតាផ្លាស់» ផងដែរ ដែលបច្ចុប្បន្ននេះកូរ៉េខាងត្បូងរកឃើញចំនួន៣ករណីហើយ។

គិតមកដល់ត្រឹមថ្ងៃពុធម្សិលមិញ តួលេខប្រកាសនៃការឆ្លងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងមានដល់ទៅ ២២៨,៦៥៧នាក់ហើយ ដែលក្នុងនោះថ្មីៗចុងក្រោយនេះតួលេខឆ្លងថ្មីកើនឡើងខ្លាំងដល់ទៅលើស១០០០នាក់សឹងជាច្រើនសប្តាហ៍ជាប់ៗគ្នាហើយ ខណៈដែលអជ្ញាធរបញ្ជាក់ថាទំនងជាមិនទាន់ធូរស្រាលនៅឡើយនោះទេ គឺអាចនឹងបន្តកើនឡើងថែមទៀតនាពេលឆាប់ៗនេះ។

Leave a Reply

Your email address will not be published. Required fields are marked *