រង់ចាំអ៊ុតមើល! មន្ត្រីជាន់ខ្ពស់កូរ៉េ ថានៅថ្ងៃសុក្រនេះ អជ្ញាធរសុខាភិបាលនឹងប្រកាសវិធានការគម្លាតសង្គមប្តូរថ្មីទៀតហើយ តែរំពឹងថាសេអ៊ូលនឹងបន្តគម្លាតសង្គមកម្រិត៤ បន្តទៀត

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញការជូនដំណឹងទុកជាមុនថា នឹងមានការផ្លាស់ប្តូរថ្មីទៅលើវិធានការគម្លាតសង្គមសម្រាប់អនុវត្តក្នុងប្រទេសកូរ៉េខាងត្បូង ដែលគ្រោងនឹងប្រកាសឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះ គឺថ្ងៃស្អែកនេះតែម្តង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន KBS News។

ព័ត៌មានចុះផ្សាយបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េ លោក សុន យ៉ុងរ៉េ (Son Young-rae) បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អជ្ញាធរសុខាភិបាលកំពុងធ្វើការវិភាគលើការវិវត្តចុងក្រោយនៃស្ថានការណ៍កូវីដ-១៩ និងកំពុងចរចាផ្ទៃក្នុងដើម្បីស្វែងរកការឯកភាពគ្នាលើការកែសម្រួលវិធានការគម្លាតសង្គមថ្មី ដែលគ្រោងនឹងប្រកាសនៅថ្ងៃសុក្រនេះ ដែលវិធានការថ្មីនេះនឹងអាចចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទក្រោយទៅ។ វិធានការដែលនឹងប្រកាស ហើយមានការកែសម្រួលថ្មីនេះ គឺនឹងរាប់បញ្ចូលទាំងស្ថានការណ៍ផលប៉ះពាល់បច្ចុប្បន្ននៃវត្តមានកូវីដបម្លែងខ្លួនដែលតា និងដំណើរការចាក់វ៉ាក់សាំងនៅក្នុងប្រទេសផងដែរ។

គិតត្រឹមថ្ងៃពុធម្សិលមិញនេះ គេរកឃើញមានអ្នកវិជ្ជមានកូវីដថ្មីដល់ទៅ១៨០៥ករណី ដែលករណីនេះបានកើនឡើងខ្ពស់ធៀបទៅនឹងតួលេខកាលពីដើមសប្តាហ៍ ដែលនេះជាការឆ្លុះបញ្ចាំងថាតួលេខកូវីដនឹងអាចកើនឡើងខ្ពស់វិញ ក្រោយពីមនុស្សជាច្រើនទូទាំងប្រទេសបញ្ចប់ការធ្វើដំណើរកំសាន្តទៅតាមទីតាំងទេសចរណ៍នានាកាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងមកនោះ។ កាលពីពេលមុនចុងសប្តាហ៍មុន អជ្ញាធរក៏បានចេញសេចក្តីអំពាវនាវផងដែរ ឱ្យប្រជាជនទាំងអស់កាត់បន្ថយការធ្វើដំណើរគោលចរ ដើម្បីអាចចៀសវាង និងអាចកាត់បន្ថយហានិភ័យនៃការចម្លងកូវីដពីទីកន្លែងមួយទៅកន្លែងមួយ តែជាទិដ្ឋភាពជាក់ស្តែង ការធ្វើដំណើរកំសាន្តថ្ងៃឈប់សម្រាក ហាក់មិនមានការធ្លាក់ចុះខ្លាំងនោះឡើយ។

បើតាមការប៉ាន់ស្មានពីប្រភពមួយចំនួន គេរំពឹងថារដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េនឹងអាចបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត៤នៅក្នុងតំបន់ប្រជុំជនសេអ៊ូលបន្ថែមទៀត ហើយសម្រាប់ក្រៅពីតំបន់សេអ៊ូល តំបន់ផ្សេងៗទៀតនឹងអាចបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត៣បន្តទៀត។ គិតមកដល់ពេលនេះ គឺមានរយៈពេលលើស១ខែហើយ ដែលគម្លាតសង្គមកម្រិត៤ត្រូវបានដាក់ឱ្យអនុវត្តនៅទីក្រុងសេអ៊ូល និងក្រុងខេត្តធំៗជុំវិញគឺតាំងពីថ្ងៃទី១២ ខែកក្កដាមក។

Leave a Reply

Your email address will not be published. Required fields are marked *