កូរ៉េខាងត្បូង៖ នៅក្នុងប្រទេសកូរ៉េខាងត្បូងឥឡូវនេះ ចង់ទៅដើរលេងតែមិនមានគ្នា មិនមានយានយន្តជិះជាដើមនោះ មិនចោទជាបញ្ហាទៀតនោះទេ ដោយសារតែថ្មីៗចុងក្រោយនេះ គេឃើញមាននិន្នាការទំនោរថ្មីតាមប្រព័ន្ធអនឡាញ ដែលយុវជនក្មេងៗកូរ៉េខាងត្បូងបានប្រកាសតាមប្រព័ន្ធអនឡាញរកដៃគូទៅដើរលេងជុំគ្នាពេលវិសម្សកាលរដូវក្តៅនេះ និងគ្រោងសម្រាប់ថ្ងៃបុណ្យសម្រាកឈូសុកខាងមុខទៀតផង បើទោះបើជាបច្ចុប្បន្នស្ថានការណ៍កូវីដកំពុងតែវាយលុកខ្លាំងក៏ដោយ។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times របស់កូរ៉េ បានឱ្យដឹងថា នៅតាមបណ្តាញសង្គមកូរ៉េឥឡូវនេះ គឺមានការបង្ហោះស្វែងរកមិត្តសម្រាប់ដើរលេងជុំគ្នា ទៅតាមទីតាំងផ្សេងៗក្នុងពេលឈប់សម្រាកខាងមុខនេះដូចជាទៅកោះជេជូ ឬទៅតាមឆ្នេរសមុទ្រកំសាន្តនៅតាមខេត្តហ្គាងវ៉ុនជាដើម។ សំខាន់ដែលប្លែក និងជានិន្នាការថ្មីនោះគឺ ពួកគេស្វែងរកលើប្រព័ន្ធអ៊ីនធើណែតចំពោះមនុស្សមិនដែលស្គាល់គ្នាតែម្តង ដើម្បីទៅដើរលេងជាមួយគ្នា គឺហាក់ដូចជាការណាត់ជួបអ្នកមិនដែលស្គាល់គ្នាសោះតែម្តង។
សារមួយចំនួនបង្ហោះស្វែងរកមិត្តនេះមានដូចជា៖ «ខ្ញុំត្រូវការស្វែងរកមិត្តដើរលេងជាមួយគ្នាទៅកោះជេជូ នៅចុងខែសីហានេះ។ ខ្ញុំចង់ស្វែងរកអ្នកដែលមានប័ណ្ណបើកបរ ដោយសារតែខ្ញុំគ្មានប័ណ្ណបើកបរ។ ពួកយើងអាចទៅហែលទឹក និងស្ទូចត្រីនៅសមុទ្រជាមួយគ្នាដោយសប្បាយរីករាយ។» រួមជាមួយនឹងសារដទៃទៀតក្នុងន័យស្វែងរកមិត្តបែបនេះជាច្រើនទៀត។
មែនទែនទៅ ហេតុផលដែលនាំឱ្យយុវជនវ័យក្មេងស្វែងរកមិត្តថ្មីមិនដែលស្គាល់គ្នាសោះ ដើម្បីទៅដើរលេងជាមួយគ្នានេះមានច្រើនផ្សេងៗគ្នា តែភាគច្រើនគឺដើម្បីរកគ្នាបានកាត់បន្ថយចំណាយដើរលេងសរុប ខណៈអ្នកខ្លះទៀតមានគោលបំណងស្នេហាក្នុងពេលទៅដើរលេងជាមួយគ្នានោះ។ យ៉ាងណាមិញ ការធ្វើបែបនេះបានបង្កជាក្តីបារម្ភថ្មី ជាពិសេសចំពោះអជ្ញាធរសុខាភិបាលកូរ៉េ ដោយសារតែការជួបជុំគ្នា ដើរលេងរួមគ្នាស្និទ្ធស្នាលជាមួយមនុស្សដែលមិនស្គាល់គ្នាសោះបែបនេះ អាចបង្កើននូវហានិភ័យបង្កជាការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ជាពិសេសថ្មីៗចុងក្រោយនេះមានវត្តមាននៃកូវីដបម្លែងខ្លួនកំពុងឆ្លងកាន់តែលឿនផងដែរ។
ជាក់ស្តែងកាលពីថ្ងៃចុងសប្តាហ៍កន្លងមក ដែលប្រជាជនកូរ៉េខាងត្បូងបានមានឱកាសឈប់សម្រាកទិវាថ្ងៃរំដោះជាតិកូរ៉េ ដែលមានឱកាសថ្ងៃឈប់សម្រាកដល់ទៅ២-៣ថ្ងៃជាប់គ្នានោះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចេញមកអំពាវនាវផ្ទាល់ស្នើសុំឱ្យប្រជាជនកុំដើរលេង និងគួរស្នាក់នៅផ្ទះមានសកម្មភាពដើរហើរតិចតួច ដោយសារតែហានិភ័យនៃការចម្លងមេរោគកូវីដ ដែលក្រុមអ្នកជំនាញបានលើកឡើងថាអាចនឹងមានការផ្ទុះឡើងខ្លាំងជាថ្មី ជាពិសេសគឺវត្តមាននៃមេរោគបម្លែងខ្លួនផងដែរ។
មន្ត្រីជំនាញនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ បានបញ្ជាក់ថានិន្នាការថ្មីនេះដែលអ្នកមិនដែលស្គាល់គ្នាសោះ ណាត់ជួបគ្នា និងដើរលេងកំសាន្តជាមួយគ្នានេះអាចជា «ឥរិយាបថមានភាពគ្រោះថ្នាក់» ជាពិសេសសម្រាប់បរិបទប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្នដែលកំពុងមានការឆ្លងខ្លាំងនៃមេរោគកូវីដ។ ក្នុងករណីដែលមានការឆ្លងកូវីដតគ្នាកើតឡើងនោះ គឺគេនឹងពិបាកក្នុងការតាមដានរកប្រភពឆ្លងពាក់ព័ន្ធជាបន្តបន្ទាប់ផងដែរ។
សម្រាប់តំបន់ទេសចរណ៍ធំៗនៅក្នុងប្រទេសកូរ៉េដែលពេញនិយមខ្លាំងដូចជាកោះជេជូជាដើម ឥឡូវនេះគេបានឃើញថាមានការកើនឡើងគួរឱ្យបារម្ភនៃករណីឆ្លងកូវីដផងដែរ ហើយសម្រាប់កោះជេជូខ្លួនឯងចាប់ពីថ្ងៃពុធនេះទៅ ក៏បានតម្លើងគម្លាតសង្គមដល់កម្រិត៤ខ្ពស់ជាងគេផងដែរ ដែលក្នុងនោះបានដាក់ចេញការហាមឃាត់ជួបជុំគ្នាជាឯកជនមិនឱ្យលើសពី២នាក់ ចាប់ពីម៉ោង៦ល្ងាចតទៅ និងបិទឆ្នេរសមុទ្រធំៗចំនួន១២កន្លែង នៅក្នុងកោះជេជូផងដែរ។
ដោយសារតែមានការបារម្ភពីការនាំយកមកនូវការចម្លងមេរោគកូវីដ ក្រោយពីមកពីដើរលេងនេះហើយ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងក៏បានអំពាវនាវឱ្យក្រុមហ៊ុននានា អាចពិនិត្យមើលបុគ្គលិករបស់ខ្លួនដែលមកពីដើរលេងវិញ ថាតើមានអាការៈសង្ស័យណាមួយបង្ហាញឬទេ ដែលអាចបង្កជាហានិភ័យទៅលើកូវីដ-១៩ផងដែរ។