អស្ចារ្យមែនទែន! ជាង២ឆ្នាំហើយដែលកូវីដ-១៩ រាតត្បាតពេញពិភពលោក តែកូរ៉េខាងជើងនៅតែមិនទាន់មានករណីកូវីដសូម្បីតែ១ករណី ហើយវិធានការបង្ការវិញ ក៏មិនធូររលុងដែរ

កូរ៉េខាងជើង៖ គិតមកដល់ពេលនេះ រយៈពេលជាង២ឆ្នាំទៅហើយ ដែលជំងឺកូវីដ-១៩បានផ្ទុះឆ្លងរាតត្បាតពាសពេញសាកលលោក តែសម្រាប់ប្រទេសកូរ៉េខាងជើងវិញ គឺនៅតែអាចរក្សាកំណត់ត្រាមិនទាន់មានអ្នកឆ្លងកូវីដសូម្បីតែម្នាក់នោះទេ ជាកំណត់ត្រាដល់គួរឱ្យអស្ចារ្យ នេះបើតាមការបញ្ជាក់អង្គការសុខភាពពិភពលោកនៅថ្ងៃពុធនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងពីរបាយការណ៍ប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោកស្តីពីបញ្ហាកូវីដ ដែលបានបញ្ជាក់ថាប្រទេសកូរ៉េខាងជើង គិតមកដល់ពេលនេះនៅតែមិនទាន់អាចរកឃើញករណីកូវីដសូម្បីតែមួយករណីក៏ដោយ។ តួលេខសូន្យករណីនេះ គឺក្រោយពីប្រទេសនេះបានធ្វើតេស្តកូវីដលើប្រជាជនខ្លួនមកដល់ពេលនេះត្រឹមតែ ៣៥,៩៤៧ដងប៉ុណ្ណោះ។ ក្នុងចំណោមអ្នកធ្វើតេស្តកូវីដក្នុងប្រទេសកូរ៉េខាងជើងថ្មីពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី៥សីហានេះ មានត្រឹមតែ៦៩៣នាក់ប៉ុណ្ណោះ ហើយក្នុងនោះមាន១១២នាក់ត្រូវបានរកឃើញថាគ្រាន់តែមានរោគសញ្ញាឈឺផ្តាសាយធម្មតា ឬប្រតិកម្មផ្លូវដង្ហើមធម្មតាប៉ុណ្ណោះ គឺមិនមានពាក់ព័ន្ធជាមួយនឹងជំងកូវីដនោះទេ។

កូរ៉េខាងជើងនៅតែជាប្រទេសតែមួយដែលមិនទាន់មានករណីកូវីដ-១៩ ទាល់តែសោះ តែយ៉ាងណាក៏ដោយប្រទេសនេះមានវិធានការលឿន និងម៉ត់ចត់ខ្លាំងក្នុងការបង្ការ និងប្រឆាំងនឺងហានិភ័យចម្លងកូវីដផងដែរ ដូចជាការអនុវត្តវិធានការបិទព្រំដែនយ៉ាងតឹងរ៉ឹងតាំងពីឆ្នាំមុនមកម្លេះនៅពេលដែលស្ថានការណ៍កូវីដទើបនឹងផ្ទុះដំបូង។ ក្នុងនោះដែរប្រទេសកូរ៉េខាងជើងនេះ ក៏គ្រោងនឹងអាចទទួលបានវ៉ាក់សាំងកូវីដចំនួនដល់២លានដូសពីកម្មវិធីចែកចាយវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកផងដែរ តែមកដល់ពេលនេះប្រទេសកូរ៉េខាងជើងនេះ មិនទាន់បានទទួលវ៉ាក់សាំងដែលគ្រោងនឹងផ្តល់ជូនពីអង្គការសុខភាពពិភពលោកនេះនៅឡើយទេ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ពិភពលោកទាំងមូលមានស្ថានការណ៍ជំងឺកូវីដ-១៩ ឆ្លងរាតត្បាតដល់ប្រជាជនដល់ទៅ ២០៩, ៣៩៦, ៦០៨ ករណីហើយ បើយោងតាមទិន្នន័យរបស់ worldometers.info ហើយក្នុងនោះមានករណីបាត់បង់ជីវិតដល់ទៅ ៤,៣៩៤,៩៨៣ នាក់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *