កូរ៉េខាងត្បូង៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដរបស់អាម៉េរិក Moderna បានផ្តល់ការសន្យារដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ថានឹងបង្កើនចំនួនវ៉ាក់សាំងដែលនឹងត្រូវដឹកជូនមកដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ខែសីហា និងខែកញ្ញានេះ ក្រោយពីវ៉ាក់សាំងនេះត្រូវបានពន្យារពេលដឹកជូននាពេលកន្លងមកជាច្រើនលើក និងបង្កជាការបារម្ភដល់អជ្ញាធរសុខាភិបាលកូរ៉េក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំងកូវីដរបស់ខ្លួន។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា នៅថ្ងៃអង្គារម្សិលមិញនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថាខ្លួនបានទទួលពាក្យ និងការបញ្ជាក់របស់ភាគីក្រុមហ៊ុន Moderna មកវិញហើយថាក្រុមហ៊ុននឹងបង្កើនចំនួននៃវ៉ាក់សាំងដែលត្រូវដឹកជូនមកដល់កូរ៉េខាងត្បូងនាអំឡុងខែសីហា និងខែកញ្ញាខាងមុខនេះឱ្យបានច្រើនជាងមុន គឺដើម្បីជួយដល់រដ្ឋាភិបាលកូរ៉េក្នុងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់អាចអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនឱ្យបានទាន់ពេលវេលា ទៅតាមផែនការដែលទើបនឹងប្រកាសថ្មី។
ការទទួលបានសេចក្តីបញ្ជាក់ពីក្រុមហ៊ុន Moderna នេះគឺក្រោយពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅដល់ទីស្នាក់ការធំរបស់ក្រុមហ៊ុន Moderna នៅក្នុងប្រទេសអាម៉េរិកតែម្តង ដើម្បីដាក់សម្ពាធ និងចរចាគ្នាលើដំណើរការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនមកឱ្យប្រទេសកូរ៉េខាងត្បូង។ ការបញ្ជូនគណៈប្រតិភូទៅធ្វើទស្សនកិច្ច និងចរចាផ្ទាល់ជាមួយក្រុមហ៊ុនអាម៉េរិកទៅដល់ទឹកដីអាម៉េរិកនេះ គឺក្រោយពីក្រុមហ៊ុនអាម៉េរិក Moderna នេះកន្លងមកបានពន្យារពេលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនមកកូរ៉េខាងត្បូង ដល់ទៅពាក់កណ្តាលឯណោះ គឺក្នុងវ៉ាក់សាំងដែលគ្រោងនឹងដឹកជូនសម្រាប់ខែសីហានេះដល់ទៅជាង៨.៥លានដូស ក្រុមហ៊ុន Moderna បានពន្យារពេលដឹកជូនដល់ទៅពាក់កណ្តាលឯណោះ ដោយលើកហេតុផលថាមានបញ្ហានៅដំណើរការផលិតកម្មរបស់វ៉ាក់សាំង។
តាមរយៈដំណើរការចរចា ជាលទ្ធផលក្រុមហ៊ុន Moderna បានសុំការអធ្យាស្រ័យចំពោះការបង្កជាបញ្ហាដល់ប្រទេសកូរ៉េខាងត្បូងលើបញ្ហាវ៉ាក់សាំងនេះ ហើយបានបញ្ជាក់ថានឹងខំប្រឹងប្រែងធ្វើយ៉ាងណាដឹកជញ្ជូនវ៉ាក់សាំងដែលបានគ្រោងទុកទាំងអស់ឱ្យមកដល់ប្រទេសកូរ៉េខាងត្បូងមិនឱ្យយឺតជាងខែកញ្ញានោះទេ។ ក្រុមហ៊ុននឹងរៀបចំបញ្ជាក់ច្បាស់ពីចំនួនវ៉ាក់សាំងដែលអាចដឹកជូនបាន និងកាលវិភាគ និងកាលបរិច្ឆេទក្នុងការដឹកជញ្ជូនវ៉ាក់សាំងឱ្យបានត្រឹមសប្តាហ៍នេះ។
រដ្ឋាភិបាលកូរ៉េខាងត្បូងកន្លងមកបានបញ្ជាទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុន Moderna នេះដល់ទៅ៤០លានដូស ហើយគិតមកដល់ពេលនេះកូរ៉េខាងត្បូងបានទទួលវ៉ាក់សាំងដែលខ្លួនបានទិញរួចរាល់នោះត្រឹមតែ ២.៤៥លានដូសប៉ុណ្ណោះ គឺត្រឹមតែ៦%ជាងប៉ុណ្ណោះ។
សូមបញ្ជាក់ថា បើតាមផែនការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រឹមខែកញ្ញាខាងមុខនេះ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជននៅកូរ៉េខាងត្បូងឱ្យបានដល់ទៅ៣៦លាននាក់ឯណោះ ហើយនៅត្រឹមខែតុលាខាងមុខ គឺគេនឹងគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង ទាំងពីរដូស ឱ្យបានដល់ទៅ៧០% នៃប្រជាជនសរុបតែម្តង មុននឹងសម្រេចបានគោលដៅបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ត្រឹមខែវិច្ឆិកាខាងមុខ។ តែយ៉ាងណាវិញ ថ្មីៗនេះបញ្ហាកង្វះខាត និងការពន្យារពេលក្នុងការដឹកជញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna បានបង្កជាការព្រួយបារម្ភខ្លាំងដល់អជ្ញាធរផងដែរ ដែលបានដុតដៃដុតជើងបញ្ជូនគណៈប្រតិភូទៅចរចាជាមួយក្រុមហ៊ុនភ្លាមៗបែបនេះផងដែរ។
កន្លងមកនេះ ការយឺតយ៉ាវក្នុងការដឹកជញ្ជូនវ៉ាក់សាំងរបស់ Moderna នេះបានតម្រូវឱ្យអជ្ញាធរសុខាភិបាលកូរ៉េធ្វើការកែប្រែផែនការចាក់វ៉ាក់សាំង ដោយតម្រូវឱ្យមានការតម្លើងគម្លាតនៃរយៈពេលសម្រាប់ចាក់វ៉ាក់សាំងដូសទី២ របស់ Pfizer និងវ៉ាក់សាំង Moderna ហើយបានធ្វើការកែប្រែវ៉ាក់សាំង Moderna នេះទៅជាវ៉ាក់សាំង Pfizer សម្រាប់ចាក់ជូនប្រជាជនផងដែរ។