រលកទី៤កូវីដនៅកូរ៉េកាន់តែខ្លាំង គ្រែពេទ្យត្រៀមសំរាប់អ្នកជំងឺកូវីដធ្ងន់ធ្ងរ កាន់តែខ្សត់ទៅៗហើយ! ប្រជាជនបារម្ភ និងរិះគន់ខ្លាំងកង្វះខាតនេះ ខណៈថ្មីៗស្ត្រីម្នាក់បាត់បង់ជីវិតពីកូវីដ ដោយសារគ្រូពេទ្យមិនខ្វាយខ្វល់

កូរ៉េខាងត្បូង៖ រលកទី៤នៃកូវីដនៅកូរ៉េខាងត្បូងបានកំពុងផ្ទុះឡើងអស់ជាច្រើនសប្តាហ៍ហើយ ក្នុងនោះដែរគេឃើញថាមានកង្វល់ជាច្រើនចាប់ផ្តើមលើកឡើងជាថ្មីពីស្ថានភាពផុយស្រួយនៃលទ្ធភាពវិស័យសុខាភិបាលកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងបន្ទុកព្យាបាលអ្នកជំងឺដែលកំពុងតែបន្តកើនឡើងជារៀងរាល់ថ្ងៃ ហើយហាក់មិនឃើញមានភាពស្រាកស្រាន្តសោះនោះ និងជាពិសេសក្នុងពេលដែលថ្មីៗនេះមានករណីស្រ្តីម្នាក់បានបាត់បង់ជីវិតនៅនឹងមណ្ឌលសុខភាព ខណៈមិនមានការព្យាបាលឱ្យដិតដល់។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Heralds បានឱ្យដឹងថាករណីផ្ទុះឆ្លងកូវីដជាច្រើនពាន់ករណីបន្តបន្ទាប់ចុងក្រោយនេះ បានបង្កើនបន្ទុកយ៉ាងធ្ងន់សម្រាប់មន្ទីរពេទ្យទូទាំងប្រទេសកូរ៉េខាងត្បូង ហើយមន្ទីរពេទ្យតាមតំបន់មួយចំនួនចាប់ផ្តើមមានកង្វះខាតលទ្ធភាពរកគ្រែពេទ្យសម្រាប់អ្នកជំងឺឈឺធ្ងន់ជាបណ្តើរៗហើយ។ បើតាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលឱ្យដឹងថា គ្រែពេទ្យត្រៀមសម្រាប់អ្នកឈឺធ្ងន់នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានទាំងអស់ ៨១០គ្រែពេទ្យ នៅត្រឹមថ្ងៃសៅរ៍ពីចុងសប្តាហ៍នេះ ចំនួនគ្រែពេទ្យនេះសល់តែ ២៩៣ប៉ុណ្ណោះដែលទំនេរ និងអាចទទួលអ្នកជំងឺឈឺធ្ងន់បាន។

នៅដេជុន មានគ្រែពេទ្យសម្រាប់អ្នកជំងឺករណីធ្ងន់ធ្ងរតែ១៤គ្រែពេទ្យនោះទេ ហើយឥឡូវនេះមានតែគ្រែ១ប៉ុណ្ណោះដែលនៅទំនេរ រីឯនៅសេជុងវិញ មានគ្រែពេទ្យសម្រាប់អ្នកឈឺធ្ងន់ទាំងអស់ចំនួន៤គ្រែ តែឥឡូវនេះនៅសល់តែគ្រែ១ដូចគ្នាដែរ។ ជាមួយនឹងតម្រូវការកើនឡើងកាន់តែខ្លាំងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែគ្រោងរៀបចំគ្រែបន្ថែមសម្រាប់បម្រុងទុកជូនអ្នកជំងឺដែលមានអាការៈធ្ងន់ ឬមានអាការៈត្រូវការការមើលថែព្យាបាលដិតដល់ខ្លាំងនោះ។

បញ្ហាដែលគេអាចនឹងជួបប្រទះនោះគឺនៅពេលដែលគ្រែពេទ្យសម្រាប់អ្នកជំងឺឈឺធ្ងន់នៅក្នុងតំបន់ប្រជុំជនសេអ៊ូលត្រូវប្រើអស់មែនទែន គឺមានន័យថានឹងអាចគ្មានគ្រែពេទ្យសម្រាប់អាចទទួលអ្នកជំងឺឈឺខ្លាំងថ្មីតែម្តង ដោយសារតែជាទូទៅនៅពេលដែលតំបន់តាមខេត្តនានាទូទាំងប្រទេសមានបញ្ហាកង្វះខាតគ្រែពេទ្យ ឬសម្ភាៈឧបក្ខារនានា គេតែងតែបញ្ជូនអ្នកជំងឺមកព្យាបាលនៅក្នុងប្រជុំជនក្រុងសេអ៊ូល ដែលសម្បូរទៅដោយសម្ភារៈគ្រប់គ្រាន់។ ដូចនេះនៅពេលខាងមុខ ក្នុងករណីដែលសេអ៊ូលមិនអាចមានលទ្ធភាពទទួលអ្នកជំងឺឈឺធ្ងន់មកបន្ថែមពីតំបន់នានាទៀតនោះ គឺនឹងបង្កជាបញ្ហាដល់វិស័យសុខាភិបាលកូរ៉េធ្ងន់ធ្ងរហើយ នេះបើតាមការបញ្ជាក់របស់សាស្រ្តាចារ្យពេទ្យកូរ៉េមួយរូប។

បញ្ហាពេលនេះគឺត្រូវដោះស្រាយបញ្ហាកង្វះខាតគ្រែពេទ្យ និងសម្ភារៈពេទ្យចាំបាច់សម្រាប់អ្នកជំងឺកូវីដជាបន្ទាន់សិន ហើយក៏ត្រូវចាត់ចែងវិធានការគម្លាតសង្គមប្រឆាំងកូវីដយ៉ាងណា ដើម្បីឱ្យតួលេខឆ្លងមានការថមថយចុះផងដែរ។

បញ្ហានេះត្រូវបានគេលើកយកមកនិយាយ និងតវ៉ាជាបន្តបន្ទាប់។ កាលពីថ្ងៃសៅរ៍នេះ មានប្រជាជនម្នាក់បានដាក់ញ្ញាតិទៅគេហទំព័រវិមានប្រធានាធិបតីកូរ៉េខាងត្បូង និងបានលើកឡើងពីករណីស្រ្តីអ្នកឆ្លងកូវីដម្នាក់ដែលបានបាត់បង់ជីវិតនៅនឹងកន្លែងព្យាបាលកូវីដនៅកូរ៉េ ដោយសារតែមិនបានទទួលការយកចិត្តទុកដាក់ព្យាបាលពីគ្រូពេទ្យ។ ក្នុងញ្ញាតិនោះបានលើកឡើងថា ម្ចាស់ញ្ញាតិបានលើកឡើងថា ម្តាយរបស់ខ្លួន អាយុ៥៨ឆ្នាំ ត្រូវបានរកឃើញថាមានកូវីដវិជ្ជមាននៅព្រឹកថ្ងៃទី១ ខែសីហា ហើយក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅកន្លែងព្យាបាលកូវីដមួយកន្លែងនៅយ៉ុនស៊ូហ្គូ ក្រុងអ៊ីនឆន់ ដែលនៅទីនោះអ្នកជំងឺ២នាក់ ត្រូវបានគេដាក់ឱ្យស្ថិតនៅក្នុងបន្ទប់តូច១ ហើយមិនមានឧបករណ៍បរិក្ខារពេទ្យអ្វីទាំងអស់ក្នុងបន្ទប់នោះ។ ក្រុមគ្រូពេទ្យគ្រប់គ្រងអ្នកជំងឺតាមតែទូរស័ព្ទ តាមការខលនិយាយទៅអ្នកជំងឺប៉ុណ្ណោះ ហើយប្រើតែថ្នាំអង់ទីប្យ៉ូទីក និងថ្នាំបញ្ចុះកម្តៅប៉ុណ្ណោះ។ ក្នុងករណីដែលគ្រូពេទ្យទាក់ទងទៅអ្នកជំងឺក្នុងបន្ទប់មិនបាន គ្រូពេទ្យនឹងខលទៅអ្នកជំងឺរួមបន្ទប់គ្នានោះ ឱ្យទៅមើលអ្នកជំងឺម្នាក់ទៀត ថាមានអាការៈយ៉ាងម៉េចហើយ។

ក្នុងញ្ញាតិនោះបានលើកឡើងទាំងកំហឹងថា ហេតុអីបានជាបណ្តោយឱ្យអ្នកជំងឺនៅនឹងកន្លែងព្យាបាលអាចបាត់បង់ជីវិតដោយស្ថានភាពបែបនេះ។ ញ្ញាតិនេះទទួលបានការគាំទ្រយ៉ាងច្រើនដល់ទៅជាង ៣៥០០នាក់ ហើយក្រោយមករដ្ឋបាលក្រុងអ៊ីនឆន់បានចេញការបំភ្លឺ ថាករណីស្ថានការណ៍របស់អ្នកជំងឺនាពេលនោះបានធ្លាក់ដុនដាបខណៈព្យាបាលនៅនឹងមណ្ឌលព្យាបាលកូវីដនោះ ហើយបានបាត់បង់ជីវិតនៅនឹងថ្ងៃដែលគេរៀបនឹងបញ្ជូនគាត់ទៅមន្ទីរពេទ្យផងដែរ ខណៈដែលមូលហេតុនៃការបាត់បង់ជីវិតឱ្យប្រាកដនោះកំពុងតែត្រូវគេស៊ើបអង្កេតតាមជំនាញបន្ត។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ដល់ទៅ២២៥,៥២៤ករណីហើយទូទាំងប្រទេស​ ហើយក៏មានអ្នកបាត់បង់ជីវិតដល់ទៅ ២,១៦៧នាក់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *