កូរ៉េខាងត្បូង៖ ចូលមកពីឈប់សម្រាកវិញហើយ តែរយៈពេលប៉ុន្មានថ្ងៃឈប់សម្រាកនេះ គេសង្កេតឃើញតំបន់ ខេត្តមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងហាក់មិនមានការថយចុះករណីឆ្លងកូវីដ-១៩ខ្លាំងនោះទេ ទោះបីជាទូទៅគេតែងឃើញមានតួលេខថ្ងៃចុងសប្តាហ៍ ឬឈប់សម្រាកបែបនេះ មានការថយចុះករណីឆ្លងកូវីដច្រើនជាងថ្ងៃធ្វើការក៏ដោយ ដែលនេះជាក្តីបារម្ភផងដែរសម្រាប់អជ្ញាធរមូលដ្ឋាន។ ក្នុងនោះដែរ ក៏មានអជ្ញាធរតាមខេត្ត ក្រុងខ្លះអំពាវនាវប្រជាជនដែលមកពីដើរលេងកាលពីពេលឈប់សម្រាកថ្មីៗនេះ ឱ្យទៅធ្វើតេស្តកូវីដផងដែរ ដើម្បីការពារ និងបង្ការការចម្លងកូវីដដល់អ្នកដទៃដោយមិនដឹងខ្លួន។
ចុះផ្សាយក្នុងសារព័ត៌មាន YTN News ជាភាសាកូរ៉េ បានឱ្យដឹងថាតួលេខនៃករណីឆ្លងកូវីដកាលពីថ្ងៃចន្ទម្សិលមិញ ចេញពីបណ្តាខេត្តក្រុងនានា ក្រៅពីប្រជុំជនសេអ៊ូលមានដល់ទៅ៦៣៦ករណីកូវីដ ដែលគិតទៅមានដល់ទៅជាង៤២.៦% នៃករណីឆ្លងកូវីដសរុបទូទាំងប្រទេស។ តំបន់មួយចំនួនដូចជាក្រុងប៊ូសាន និងកោះជេជូមានតួលេខឆ្លងកូវីដមិនថមថយនោះទេក្នុងរយៈពេលជាច្រើនថ្ងៃជាប់គ្នា។
សម្រាប់តំបន់ប៊ូសាន គេឃើញមានករណីឆ្លងថ្មីប្រចាំលើសពី១០០ករណីជាច្រើនថ្ងៃមកហើយ សឹងតែពេញ២សប្តាហ៍ហើយ។ នៅថ្ងៃចន្ទម្សិលមិញនេះ បើតាមតួលេខចេញដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថាក្រុងប៊ូសានមានករណីឆ្លងដល់ទៅ១២៥ករណីឯណោះ។ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលមូលដ្ឋាននៅនឹងក្រុងប៊ូសានថា ក្នុងរយៈពេលចុងក្រោយនេះ តួលេខឆ្លងកើនឡើងមិនថមថយនោះទេ ហើយគេរកឃើញវត្តមានកូវីដបម្លែងខ្លួនដែលតា ដល់ទៅជាង៨៥% នៃករណីវិជ្ជមានកូវីដសរុបឯណោះក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ។ ជាមួយនឹងការឆ្លងជាចង្កោមជាបន្តបន្ទាប់ រួមនឹងវត្តមានកូវីដបម្លែងខ្លួនថ្មីកាន់តែច្រើនបែបនេះហើយ ដែលគេមិនងាយនឹងធ្វើឱ្យករណីឆ្លងកូវីដថមថយបាននោះ។
នៅឯកោះជេជូវិញ នៅថ្ងៃចន្ទនេះករណីឆ្លងមានដល់ទៅ៦៤ករណីនៅលើកោះនេះតែឯង ជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់កោះជេជូ។ ថ្វីបើធៀបទៅនឹងតំបន់ដទៃទៀតទូទាំងប្រទេសកូរ៉េ តួលេខត្រឹមតែ៦៤ករណីនេះមើលទៅដូចជាតិចតួច មិនសូវសំខាន់ តែបើគេពិនិត្យមើលស្ថានភាពប្រជាសាស្រ្តអត្រាឆ្លងកូវីដក្នុងចំណោមប្រជាជន១០ម៉ឺននាក់នោះ កោះជេជូមានអ្នកឆ្លងដល់ទៅ៩.៤៧នាក់ហើយ រីឯក្រុងសេអ៊ូលវិញក្នុងចំណោម១០ម៉ឺននាក់ដូចគ្នា មានអ្នកឆ្លងតែ៣.៤៩នាក់ប៉ុណ្ណោះ។
នៅឯឃ្យ៉ុងណាម និងក្យ៉ុងប៊ុកឯណោះវិញ សព្វថ្ងៃនេះគឺមានស្ថានការណ៍កូវីដធ្ងន់ធ្ងរខ្លាំង។ តំបន់ទាំងនេះមានអ្នកជំងឺនៅយ៉ាងច្រើនមែនទែន ដែលសូម្បីតែបូកបញ្ចូលទាំងអ្នកដែលឆ្លងថ្មីមកថែមក្នុងអំឡុងពេលឈប់សម្រាកនេះ ក៏ហាក់មិនខុសគ្នាខ្លាំងនោះដែរ ដោយសារតែស្ថានការណ៍ធ្ងន់ស្រាប់ទៅហើយ។
ឆ្លើយតបទៅនឹងស្ថានការណ៍បែបនេះហើយ ជាពិសេសគឺក្រោយពីប្រជាជនកូរ៉េបាននាំគ្នាដើរកំសាន្តព្រោងព្រាតក្នុងអំឡុងពេលឈប់សម្រាកនេះ ដែលនាំឱ្យក្រុងតាមមូលដ្ឋានមួយចំនួនចេញសេចក្តីអំពាវនាវដល់ប្រជាជនខ្លួនដែលបានវិលមកពីដើរលេងសប្បាយថ្ងៃឈប់សម្រាកមុននេះ ឱ្យទៅធ្វើតេស្តកូវីដសិនមុននឹងទៅធ្វើការជាធម្មតាវិញ។ ជាក់ស្តែង អជ្ញាធរសុខាភិបាលប្រចាំនៅខេត្តក្យ៉ុងណាមបានចេញសេចក្តីអំពាវនាវថា បើសិនជាប្រជាជនខ្លួនណាបានមកពីដើរលេងកំសាន្តឆ្ងាយៗប៉ុន្មានថ្ងៃនេះ គួរនាំគ្នាទៅធ្វើតេស្តកូវីដសិនមុននឹងចូលធ្វើការ ដោយសារតែគេឃើញមានករណីឆ្លងជាច្រើនជាបន្តបន្ទាប់គ្នានៅតាមទីតាំងកន្លែងការងារកន្លងមក។
សូមបញ្ជាក់ថា ប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះ នៅកូរ៉េខាងត្បូងមានករណីឆ្លងកូវីដសរុប១៥៥៦ករណី ក្នុងនោះមានដល់ទៅ១៤៩៣ករណីត្រូវបានរកឃើញនៅក្នុងស្រុកផ្ទាល់ ខណៈដែល៦៣ករណីទៀតត្រូវបានរកឃើញពីអ្នកដំណើរធ្វើដំណើរចូលមកពីក្រៅប្រទេស។