រន្ធត់ណាស់! អគ្គីភ័យមួយកណ្តាលយប់នៅអាផាតមិនជាន់ទី១៣ នៅសេអ៊ូល មួយគ្រួសារដល់ទៅ៤នាក់ បាត់បង់ជីវិតទាំងអស់ សល់តែឪពុកមួយ រត់ចេញមិនរួចពេលឆេះភ្លាមៗ ដោយសារតែ …

កូរ៉េខាងត្បូង៖ គ្រួសារមួយរស់នៅក្នុងអាគារអាផាតមិន២២ជាន់មួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល ត្រូវបានរងអគ្គីភ័យ និងបណ្តាលឱ្យមានសមាជិកគ្រួសារទាំងក្មេង ទាំងចាស់ដល់ទៅ៤នាក់ ក្នុងចំណោម៥នាក់ ត្រូវបានបាត់បង់ជីវិតយ៉ាងអណោចអធម មិនអាចជួយសង្គ្រោះបាន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News ភាសាកូរ៉េ។

ក្នុងការចុះផ្សាយនោះ បានឱ្យដឹងថាករណីដ៏គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីយប់ឈានចូលព្រឹកព្រលឹមថ្ងៃទី១៥ សីហា ថ្ងៃអាទិត្យម្សិលមិញនេះ នៅនឹងអាគារអាផាតមិនមួយកន្លែងកម្ពស់ ២២ជាន់ នៅក្នុងតំបន់មីយ៉ាងដុង ក្រុងសេអ៊ូល។ បន្ទប់អាផាតមិនដែលមានការឆាបឆេះគឺស្ថិតនៅនឹងជាន់ទី១៣ ហើយបើតាមការបញ្ជាក់របស់អជ្ញាធរបានឱ្យដឹងថាក្នុងបន្ទប់អាផាតមិនដែលបានឆាបឆេះចេញមកនោះគឺមានមនុស្ស៥នាក់ ហើយត្រូវបានភ្លើងឆេះ និងត្រូវបានគេជួយសង្គ្រោះទៅមន្ទីរពេទ្យ តែមិនអាចជួយសង្គ្រោះបានដល់ទៅ៤នាក់ទៅហើយ។

ករណីអគ្គីភ័យនេះបានចាប់ឆាបឆេះនៅម៉ោង១:៤០នាទីព្រឹក ហើយបើតាមការស៊ើបអង្កេត និងសន្និដ្ឋានបឋមថាអាចជាករណីបណ្តាលពីចរន្តអគ្គិសនី ហើយបានឆាបឆេះមកដល់សាឡុងនៅនឹងមាត់ទា្វរចេញពីផ្ទះ ដែលជាហេតុនាំឱ្យក្រុមគ្រួសាររងគ្រោះក្នុងករណីនោះមិនអាចរត់ចេញពីផ្ទះមកបានភ្លាមៗ។ នៅក្នុងគ្រួសារនោះ ជាធម្មតាមានសមាជិកគ្នាចំនួន៤នាក់ គឺមានឪពុក ម្តាយ និងកូនតូច២នាក់អាយុ​៥ឆ្នាំ និងអាយុ៨ឆ្នាំដែលជាសិស្សរៀននៅថ្នាក់បឋមសិក្សា ហើយនៅថ្ងៃកើតហេតុយាយរបស់ចៅៗបានមកផ្ទះនោះដើម្បីមកមើលចៅៗតូចៗ ហើយក៏ត្រូវរងគ្រោះក្នុងករណីនោះតែម្តង។ ក្នុងចំណោមគ្រួសារទាំងអស់ មានតែឪពុកអាយុ៤០ឆ្នាំជាងម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត តែក៏រងនូវការរលាកធ្ងន់ធ្ងរផងដែរ។

ក្រៅពីគ្រួសាររងគ្រោះ អជ្ញាធរនៅពេលកើតហេតុនោះក៏បានធ្វើការជម្លៀសអ្នករស់នៅជិតខាងអាផាតមិនកើតហេតុនោះ ដើម្បីការពារសុវត្ថិភាពផងដែរ ហើយក៏មានមនុស្ស៤នាក់បានរងគ្រោះដោយសារតែបានស្រូបផ្សែងច្រើន ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ក្នុងករណីនេះ សមត្ថកិច្ចបានកំពុងបើកការស៊ើបអង្កេតពីមូលហេតុជាក់លាក់នៃការឆាបឆេះ ហើយនឹងធ្វើការសាកសួរដល់ជនរងគ្រោះជាឪពុកបន្ថែមទៀតផងដែរ ដើម្បីអាចស្វែងយល់ និងកំណត់ច្បាស់ពីដើមហេតុដែលបង្កជាអគ្គីភ័យ នៅពេលដែលគាត់មានស្ថានភាពធូរស្រាលជាងមុនវិញ។

 

Leave a Reply

Your email address will not be published.