ចែករំលែក! ថ្ងៃចន្ទនេះ កូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាជនអាយុ ៥០ ដល់៥៤ឆ្នាំ ជាង៣លាននាក់ទៀតហើយ ខណៈដំណើរការចុះឈ្មោះអាយុ១៩ ដល់៤៩ឆ្នាំកំពុងបន្ត

កូរ៉េខាងត្បូង៖ ប្រជាជននៅកូរ៉េខាងត្បូងប្រមាណជាង៣លាននាក់ អាយុខ្ទង់៥០ឆ្នាំនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដចាប់ពីថ្ងៃចន្ទស្អែកនេះទៅ នៅតាមទីតាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យនានាទូទាំងប្រទេសកូរ៉េខាងត្បូង នេះបើតាមការប្រកាសពីផែនការឱ្យបានដឹងរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News បានឱ្យដឹងថាចាប់ពីថ្ងៃចន្ទស្អែកនេះទៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គេនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដជូនដល់ប្រជាជនអាយុ៥០ ទៅ៥៤ឆ្នាំនូវវ៉ាក់សាំងចំនួន២ប្រភេទគឺ វ៉ាក់សាំង Pfizer ឬក៏វ៉ាក់សាំង Moderna។ ក្នុងចំណោមប្រជាជនអាយុ៥០ ទៅ៥៤ឆ្នាំនេះដែលអាចចាក់វ៉ាក់សាំងបានចំនួនប្រមាណ៣.៨លាននាក់ មានចំនួនដល់ទៅ៨២%ជាងបានធ្វើការកក់ និងចុះឈ្មោះចាក់វ៉ាក់សាំងតាមការកំណត់ និងណែនាំកន្លងមករបស់អជ្ញាធរ។

បើតាមការបញ្ជាក់របស់អជ្ញាធរ អ្នកខ្ទង់អាយុ៥០ឆ្នាំដែលត្រូវចាក់វ៉ាក់សាំងកូវីដដូសទី១ថ្ងៃចន្ទនេះទៅ នឹងត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ក្នុងរយៈពេល៦សប្តាហ៍បន្ទាប់ពីដូសទី១ ដែលនេះស្របទៅតាមការប្រកាសថ្មីៗរបស់អជ្ញាធរសុខាភិបាលកូរ៉េក្នុងការពន្យាររយៈពេលគម្លាតចាក់វ៉ាក់សាំងពីដូសទី១ មកដូសទី២ ក្នុងរយៈពេលនេះពីត្រឹម៤សប្តាហ៍ មកដល់៦សប្តាហ៍វិញ ដោយសារតែបញ្ហាយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំងពីសំណាក់ក្រុមហ៊ុន Moderna កន្លងមក។

សម្រាប់ពេលបច្ចុប្បន្ននេះ កូរ៉េខាងត្បូងក៏កំពុងបើកដំណើរការប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់សាំង កក់មុនសម្រាប់ក្រុមអាយុ១៩ ដល់៤៩ឆ្នាំផងដែរ ដែលក្នុងនោះក៏មានបើកអនុញ្ញាតសម្រាប់ពលករបរទេសទាំងស្របច្បាប់ និងខុសច្បាប់ផងដែរ។ តាមរយៈប្រព័ន្ធចុះឈ្មោះពិសេសសម្រាប់ក្រុមអាយុ១៩ ដល់៤៩ឆ្នាំនេះ គឺអនុញ្ញាតឱ្យកក់ និងចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងទៅតាមកន្ទុយនៃថ្ងៃកំណើតរបស់បុគ្គល។ ជាក់ស្តែង ថ្ងៃអាទិត្យទី១៥ សីហាម្សិលមិញនេះពីម៉ោង៨ល្ងាច ដល់ម៉ោង៦ល្ងាចថ្ងៃទី១៦ សីហាស្អែក គឺគេអនុញ្ញាតឱ្យអ្នកដែលថ្ងៃកំណើតទី៥ ទី១៥ និងទី២៥ អាចធ្វើការចុះឈ្មោះ និងកក់វ៉ាក់សាំងកូវីដបាន។

សម្រាប់នីតិវិធីសម្រាប់ជនបរទេសវិញ សូមពិនិត្យ​មើល៖ ចែករំលែក! បងប្អូនខ្មែរយើងនៅកូរ៉េទាំងស្របច្បាប់ និងខុសច្បាប់ សុទ្ធតែអាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដបានទាំងអស់ តាមនីតិវិធីណែនាំលម្អិត ៣ នេះ! អ្នកខុសច្បាប់មិនពិបាកទេ​ ត្រូវមើលរបៀបចុះឈ្មោះឱ្យដឹងច្បាស់

សូមបញ្ជាក់ថា តាមការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន  ត្រឹមខែតុលាខាងមុខនេះ នឹងមានប្រជាជននៅកូរ៉េខាងត្បូងដល់ទៅ៧០% បានសម្រេចចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ទាំងស្រុង ដែលនេះនឹងជាមហិច្ឆិតាវ៉ាក់សាំងថ្មីសម្រាប់កូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *