ច្បាប់ការងារកូរ៉េអនុវត្តមិនស្មើភាព! នៅកូរ៉េឆ្នាំ២០២២ កន្លែងការងារបុគ្គលិកក្រោម៥នាក់ មិនមានថ្ងៃឈប់សម្រាកអាចទទួលបានប្រាក់ខែនោះទេ ខណៈកន្លែងការងារលើស៥នាក់ មានដល់ជិត៣០ថ្ងៃ !!

កូរ៉េខាងត្បូង៖ មានការលើកឡើងថាបណ្តាបុគ្គលិក កម្មករ និងពលករដែលធ្វើការនៅក្នុងក្រុមហ៊ុន រោងចក្រ ឬទីតាំងការងារដែលមានបុគ្គលិកតិចជាង៥នាក់ គឺរងនូវការរើសអើងចំពោះការទទួលបានសិទ្ធិឈប់សម្រាក ធៀបទៅនឹងក្រុមហ៊ុន ឬទីតាំងការងារធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News ជាភាសាកូរ៉េ។

សារព័ត៌មាននេះបានឱ្យដឹងថានៅថ្ងៃទី១៥ សីហា ថ្ងៃអាទិត្យនេះ អង្គការសង្គមស៊ីវិលកូរ៉េខាងត្បូងមួយឈ្មោះថា Workplace Gapjil 119 (직장갑질119) បានលើកជាសំណើរឡើងទៅកាន់រដ្ឋាភិបាលឱ្យពិចារណាផ្តល់ការយកចិត្តទុកដាក់បន្ថែមសម្រាប់បណ្តាក្រុមហ៊ុន កន្លែងធ្វើការខ្នាតតូចដែលមានបុគ្គលិកក្រោម៥នាក់ ដោយសារតែមានការរើសអើងក្រោមទំរង់នៃការមិនផ្តល់ជូនថ្ងៃឈប់សម្រាកសង និងថ្ងៃឈប់សម្រាកដែលត្រូវគិតប្រាក់ឱ្យ គឺទទួលបានក្នុងលក្ខខណ្ឌតិចតួចជាង ហើយក្នុងករណីមួយចំនួនបុគ្គលិកនៅតាមទីតាំងការងារតូចៗទាំងនេះ មិនទទួលបានអត្ថប្រយោជន៍ដូចគ្នាធៀបទៅនឹងក្រុមហ៊ុនធំៗតែម្តង។ អង្គការសង្គមស៊ីវិលនេះបានទាមទារឱ្យមានការបញ្ឈប់ការអនុវត្តបែបនេះ។

បើតាមការលើកឡើងរបស់អង្គការនេះ ថ្ងៃឈប់សម្រាកដែលអាចទទួលបានការគិតប្រាក់ខែធម្មតាសម្រាប់ឆ្នាំក្រោយឆ្នាំ២០២២ សម្រាប់ក្រុមហ៊ុន រោងចក្រ ឬទីតាំងការងារដែលមានបុគ្គលិកច្រើនជាង៥នាក់ឡើងទៅ (គេសំដៅដល់ទីតាំងការងារដែលធ្វើការ៥ថ្ងៃក្នុងមួយសប្តាហ៍ និងមានម៉ោងការងារ ២០៩ម៉ោងក្នុងមួយខែ) គឺមានដូចជាថ្ងៃបោះឆ្នោតប្រធានាធិបតី (ថ្ងៃទី៩ មីនា) ថ្ងៃបោះឆ្នោតមូលដ្ឋាន (ថ្ងៃទី១ មិថុនា) និងគោលការណ៍ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ១៥ថ្ងៃ ដែលសរុបទៅមានចំនួន២៨ថ្ងៃ ដែលរាប់បញ្ចូលទាំងថ្ងៃអនុញ្ញាតឈប់សង លើថ្ងៃឈប់សម្រាកបុណ្យជាតិដែលចំថ្ងៃចុងសប្តាហ៍ទៀតនោះ។ ហើយបើគេបន្ថែមថ្ងៃឈប់សម្រាករដូវក្តៅ ថ្ងៃឈប់សម្រាកពិសេសតាមកន្លែងការងារ និងថ្ងៃឈប់សម្រាកឈឺ ដែលគេអនុញ្ញាតឱ្យទទួលប្រាក់ខែធម្មតាទៀតនោះ គឺគេបានថ្ងៃឈប់សម្រាកដែលអាចបានប្រាក់ខែធម្មតា គឺនឹងកើនឡើងកាន់តែច្រើន។

តែបើធៀបមកបុគ្គលិក កម្មករ និងពលករដែលធ្វើការនៅក្នុងក្រុមហ៊ុន រោងចក្រ ឬទីតាំងការងារដែលមានបុគ្គលិកតិចជាង៥នាក់វិញ គឺមិនមានការអនុញ្ញាតផ្តល់ជូនថ្ងៃឈប់សម្រាកកំណត់ក្រោមច្បាប់ដែលអាចទទួលបានប្រាក់ខែធម្មតានោះទេ នេះក៏ដោយសារតាមគោលការណ៍ច្បាប់នៅកូរ៉េ ថ្ងៃឈប់សម្រាកសងសម្រាប់បុណ្យជាតិកូរ៉េដែលចំថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ១៥ថ្ងៃ មិនត្រូវបានផ្តល់ជូនដល់ទីតាំងការងារដែលមានបុគ្គលិកតិចជាង៥នាក់នោះទេ។ ថ្ងៃឈប់សម្រាកដែលទទួលបានប្រាក់ខែសម្រាប់ទីតាំងការងារដែលមានបុគ្គលិកតិចជាង៥នាក់ គឺមានតែចំថ្ងៃទិវាសិទ្ធការងារ ១ ឧសភា មួយថ្ងៃប៉ុណ្ណោះ។

ក្រោមហេតុផលនេះហើយ ទើបអង្គការសង្គមស៊ីវិលខាងលើបានទាមទារឱ្យមានការកែសម្រួលលើចំណុចនេះ ដោយបានលើកឡើងថាស្ថានការណ៍រើសអើង និងមិនអើពើដល់ទីតាំងការងារដែលមានគ្នាតិចនេះ ហាក់ធ្វើឱ្យពួកគេក្លាយជាក្រុមពិសេសដែលត្រូវបានអជ្ញាធរ និងរដ្ឋាភិបាលបំភ្លេចចោល មិនអាចទទួលបានអត្ថប្រយោជន៍ថ្ងៃឈប់សម្រាកដូចទៅនឹងអ្នកធ្វើការងារនៅតាមកន្លែងធំៗដទៃទៀត។ បើគិតជាតួលេខវិញ អត្រានៃអ្នកដែលធ្វើការនៅទីតាំងការងារមានសមាជិកក្រោម៥នាក់ មានដល់ទៅជាង២០%នៃចំនួននិយោជិកទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ប្រធានបទនេះគឺជាប្រធានបទពិភាក្សាក្តៅផងដែរ សម្រាប់បណ្តាអ្នកដែលនៅក្នុងវិស័យការងារនេះ ហើយកាលពីថ្ងៃទី១២ សីហាកន្លងទៅ ក៏មានអង្គការសង្គមស៊ីវិលមួយផ្សេងទៀតបានដាក់ពាក្យតវ៉ាទៅរដ្ឋសភាកូរ៉េខាងត្បូងផងដែរថា ការអនុវត្តមិនផ្តល់ជូនថ្ងៃឈប់សម្រាកសងករណីថ្ងៃបុណ្យជាតិចំថ្ងៃចុងសប្តាហ៍ ដល់ទីតាំងការងារមានបុគ្គលិកក្រោម៥នាក់នេះ គឺមិនស្របទៅនឹងធម្មនុញ្ញរបស់កូរ៉េនោះទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *