កោះជេជូតម្លើងគម្លាតសង្គមដល់កម្រិត៤ហើយ ហាមជួបជុំលើសពី២នាក់ បិទឆ្នេរសមុទ្រ និងអាជីវកម្មកម្សាន្តគ្រប់ប្រភេទ ចាប់អនុវត្តពីថ្ងៃពុធក្រោយនេះទៅ រហូតដល់ ..

កូរ៉េខាងត្បូង៖ អជ្ញាធរកោះជេជូបានសម្រេចតម្លើងវិធានការគម្លាតសង្គមនៅលើកោះជេជូ ឡើងដល់កម្រិតខ្ពស់បំផុតហើយ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍កូវីដនៅក្នុងមូលដ្ឋានដែលកំពុងកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ នេះបើតាមការប្រកាស និងចុះផ្សាយក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ។

តាមការប្រកាសរបស់អជ្ញាធរមូលដ្ឋាននៃកោះជេជូ បានបញ្ជាក់ថាកោះជេជូដែលជាទីតាំងទេសចរណ៍ដ៏ល្បី និងពេញនិយមខ្លាំងជាងគេក្នុងប្រទេសកូរ៉េខាងត្បូងនេះ បានសម្រេចតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៤ ជាកម្រិតខ្ពស់ជាងគេបង្អស់ហើយ ពីកម្រិតគម្លាតសង្គមដែលបច្ចុប្បន្ននៅកម្រិត៣ ហើយការតម្លើងនេះនឹងមានឥទ្ធិពលចាប់ផ្តើមអនុវត្តពីថ្ងៃពុធទី១៨ សីហា សប្តាហ៍ក្រោយនេះទៅហើយ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៩ ខែសីហា ទើបនឹងមានការជូនដំណឹងជាថ្មី។

ការតម្លើងគម្លាតសង្គមទៅដល់កម្រិត៤នេះ នាំឱ្យកោះជេជូក្លាយជាទីតាំងថ្មីចុងក្រោយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានសម្រេចតម្លើងគម្លាតសង្គមដល់កម្រិត៤នេះ គឺដូចគ្នាទៅនឹងប្រជុំជនសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ និងថ្មីៗនេះមានក្រុងប៊ូសានផងដែរ។ មែនទែនទៅការតម្លើងគម្លាតសង្គមដល់កម្រិត៤នេះ គឺដោយសារតែកោះជេជូហាក់ឃើញមានការកើនឡើងនៃករណីឆ្លងថ្មីកូវីដជាបន្តបន្ទាប់គួរឱ្យបារម្ភ ជាក់ស្តែងនៅថ្ងៃអាទិត្យនេះ កោះជេជូរកឃើញករណីវិជ្ជមានដល់ទៅ៣៩ករណី ហើយករណីសរុបមានដល់ទៅ២០៧៨ករណី ហើយក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះមានករណីវិជ្ជមានកូវីដដល់ទៅ ២១០ករណីឯណោះ ដែលត្រូវបានគេរកឃើញ។

ក្រោមវិធានការគម្លាតសង្គមដល់កម្រិត៤ថ្មីនេះ ការជួបជុំឯកជនលើសពី២នាក់ឡើងទៅនឹងត្រូវហាមឃាត់មិនឱ្យមានចាប់ពីម៉ោង៦ល្ងាច ហើយទីតាំងកម្សាន្តរួមមានទាំងក្លឹប និងបាររាត្រីនឹងត្រូវតម្រូវឱ្យបិទផ្អាកអាជីវកម្មសិន។ ក្នុងនោះដែរ ទីតាំងឆ្នេរសមុទ្រដល់ទៅ១២ទីតាំងនៅនឹងកោះជេជូ ត្រូវបិទផងដែរ ចាប់ពីថ្ងៃពុធដែលវិធានការគម្លាតសង្គមចាប់អនុវត្តនោះ។

គេបារម្ភកាន់តែខ្លាំងជាពិសេសក្នុងអំឡុងពេលឈប់សម្រាករដូវក្តៅនេះ ដែលនឹងមានទេសចរណ៍មកកោះជេជូកាន់តែច្រើន ដែលនឹងនាំមកជាមួយនូវហានិភ័យជាបន្តបន្ទាប់នៃការចម្លងមេរោគកូវីដ។ នៅថ្ងៃចុងសប្តាហ៍នេះ រហូតដល់ថ្ងៃចន្ទដែលជាថ្ងៃឈប់សម្រាកបុណ្យរំដោះជាតិកូរេ៉ គេរំពឹងថាមានមនុស្សជាច្រើននឹងមកលេងនៅកោះជេជូ ហើយគេរំពឹងផងដែរថាករណីកូវីដនឹងអាចផ្ទុះកើនឡើងក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *