កូរ៉េខាងត្បូង៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានទទួលការវាយតម្លៃខ្ពស់ជាវិជ្ជមានពីសំណាក់មន្ត្រីជាន់ខ្ពស់នយោបាយរបស់កូរ៉េខាងត្បូង ក្នុងដំណើរបេសកកម្មការទូតរបស់លោកតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីររយៈពេល៥ឆ្នាំកន្លងមកនេះ បើតាមការបង្ហោះចែករំលែករបស់លោកទូតផ្ទាល់។
ក្នុងការចែករំលែករបស់លោកទូត ឡុង ឌីម៉ង់ បានបង្ហាញថា លោកទូត និងក្រុមការងាររបស់លោកបានទៅជួបនឹងលោក Kim Jin-pyo ដែលលោកទូតបានចាត់ទុកជាមិត្តភក្កិដ៏ល្អ និងជិតស្និទ្ធរបស់កម្ពុជាម្នាក់។ លោក Kim Jin-pyo ជាអ្នកនយោបាយល្បីរបស់កូរ៉េពីគណបក្សប្រជាធិបតេយ្យដែលកំពុងដឹកនាំរដ្ឋាភិបាល ជាអតីតឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ ហើយបច្ចុប្បន្នជាតំណាងរាស្ត្រ និងធ្លាប់ជាប្រធានសមាគមមិត្តភាពកម្ពុជា-កូរ៉េផងដែរ។
កន្លងមក លោក Kim Jin-pyo ក៏ធ្លាប់បានចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតតំណាងរាស្ត្រនៅកម្ពុជាកាលពីឆ្នាំ ២០១៣ ហើយបានដឹកនាំក្រុមការងារគាត់ចេញជារបាយការណ៍វាយតម្លៃលទ្ធផលបោះឆ្នោតកាលនោះ ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានទៅលើលទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រនៅកម្ពុជានាពេលនោះ។
ក្នុងជំនួបនោះដែលប្រកបដោយភាពស្និទ្ធស្នាលនោះដែរ លោកទូតបានបញ្ជាក់ថា លោកទទួលបានការវាយតម្លៃយ៉ាងល្អពីលោក Kim Jin-pyo ទៅលើកិច្ចការងាររបស់ខ្លួនជាឯកអគ្គរដ្ឋទូតកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ ឲ្យកាន់តែរឹងមាំនឹងវិវឌ្ឍទៅមុខប្រកបដោយផ្លែផ្កា។ លោក Kim Jin-pyo ក៏បានបញ្ជាក់ថានឹងរង់ចាំផ្ដល់កិច្ចសហការគាំទ្រដល់លោកជំទាវឯកអគ្គរាជទូតកម្ពុជាថ្មី នាពេលដ៏ឆាប់ខាងមុខនេះ។