កូរ៉េខាងត្បូង៖ ត្រឹមតែខែតុលាខាងមុខនេះប៉ុណ្ណោះ កូរ៉េខាងត្បូងនឹងអាចចាក់វ៉ាក់សាំងដូសទី២រួចរាល់ជូនប្រជាជនខ្លួនបានដល់ទៅ៧០% នៃប្រជាជនទូទាំងប្រទេស នេះបើតាមការលើកឡើងសន្យាផ្ទាល់ដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នៅព្រឹកថ្ងៃអាទិត្យនេះ ជាសញ្ញាតម្រូវឱ្យអជ្ញាធរសុខាភិបាលប្រឹងដុតដៃដុតជើងបន្ថែមដើម្បីសម្រេចឱ្យបានដល់គោលដៅនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអាទិត្យនេះ បានលើកឡើងពីសន្ទរកថារបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន ដែលលោកបានលើកឡើងថា ត្រឹមខែតុលាខាងមុខនេះ នឹងមានប្រជាជននៅកូរ៉េខាងត្បូងដល់ទៅ៧០% នឹងបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ទាំងស្រុង គឺចាក់បាន២ដូសសម្រាប់វ៉ាក់សាំងត្រូវការ២ដូស និង១ដូសសម្រាប់វ៉ាក់សាំងដែលត្រូវការតែ១ដូស ដែលនេះជាចំណុចគន្លឹះលើកឡើងក្នុងអំឡុងសន្ទរកថាពិសេសរបស់លោក ក្នុងឱកាសបុណ្យរំដោះជាតិកូរ៉េនៅថ្ងៃអាទិត្យ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងបានជំនះលើស្ថានការណ៍កូវីដបានមានស្ថេរភាពប្រសើរជាងបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយលោកបានបញ្ជាក់ថែមទៀតថា អជ្ញាធរសុខាភិបាលនឹងជំរុញបន្ថែមទៀតនូវកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្កើនកម្រិតអត្រាអ្នកចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូង។
ដំណើរការកម្មវិធីចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូងបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈឆ្នាំ២០២១នេះមក ហើយផែនការបច្ចុប្បន្នរបស់អជ្ញាធរសុខាភិបាលគឺគ្រោងនឹងចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោច១ដូស ជូនដល់ប្រជាជនឱ្យបានដល់៣៦លាននាក់ ឬប្រមាណ៧០%នៃចំនួនប្រជាជនទូទាំងប្រទេសត្រឹមចុងខែកញ្ញាខាងមុខនេះ និងសម្រេចបង្កើតបានជាប្រព័ន្ធភាពស៊ាំសហគមន៍ត្រឹមចុងខែវិច្ឆិកាខាងមុខ។ ដូចនេះ ផែនការសម្រាប់ចាក់វ៉ាក់សាំងដូសទី២រួចរាល់ជូនប្រជាជនខ្លួនបានដល់ទៅ៧០% នៃប្រជាជនទូទាំងប្រទេស នេះគឺជាការដាក់ចេញនូវមហិច្ឆិតាវ៉ាក់សាំងថ្មីចុងក្រោយរបស់រដ្ឋាភិបាលលោក មូន ជេអ៊ីន។
ក្នុងនោះដែរ លោកមូន ជេអ៊ីន ក៏បានលើកឡើងអំពីគោលដៅក្នុងការលើកកម្ពស់ស្តារស្ថានការណ៍សេដ្ឋកិច្ចឡើងវិញផងដែរ ក្នុងអំឡុងពេលដែលស្ថានការណ៍កូវីដនៅតែបន្តដូចនេះ។ លោកប្រធានាធិបតីបានសន្យាថានឹង «ស្តារ ហើយអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យបានល្អវិញរួមគ្នា» ដែលក្នុងនោះមានទាំងការផ្តល់សំណងខូចខាតដល់បណ្តាអ្នករកស៊ីដែលធ្លាក់ខ្លួនប៉ះពាល់ធ្ងន់ធ្ងរដោយស្ថានការណ៍កូវីដនេះផងដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះកូរ៉េខាងត្បូងទើបនឹងបានបញ្ជាទិញវ៉ាក់សាំងកូវីដបន្ថែមរបស់ក្រុមហ៊ុន Pfizer ដល់ទៅ៣០លានដូស សម្រាប់ឆ្នាំ២០២២ក្រោយនេះផងដែរ ដែលជាផ្នែកនៃការត្រៀមផ្តល់ជូនវ៉ាក់សាំងបន្ថែមសម្រាប់ប្រជាជនដល់ទៅ៥០លាននាក់សម្រាប់ឆ្នាំ២០២២ខាងមុខនោះ។