ហានិភ័យណាស់! ពេទ្យកូរ៉េមួយកន្លែងនៅឈុងប៊ុក ច្រលំចាក់វ៉ាក់សាំងកូវីដ Pfizer លើសចំណុះដល់ទៅ៥ – ៦ ដូស ឱ្យទៅមនុស្សម្នាក់!! យ៉ាងហោចមនុស្សជាង១០នាក់ ត្រូវចាក់វ៉ាក់សាំងលើសចំណុះនេះ

កូរ៉េខាងត្បូង៖ នៅមន្ទីរពេទ្យមួយឯកជនមួយកន្លែងនៅឈុងជូ ខេត្តឈុងប៊ុក មានករណីគ្រូពេទ្យបង្កកំហុសក្នុងការចាក់វ៉ាក់សំាងកូវីដ គឺបានចាក់លើសដូសដល់ទៅជាង៥ ទៅ៦ដូស ក្នុងមនុស្សម្នាក់ដែលមកចាក់វ៉ាក់សាំងកូវីដនៅទីនោះ បង្កជាការភ្ញាក់ផ្អើល និងនាំឱ្យអ្នកត្រូវចាក់ខុស និងលើសដូសទាំងអស់ត្រូវមកសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន YTN News របស់កូរ៉េខាងត្បូងបានឱ្យដឹងថា​ ករណីនេះកើតឡើងនៅនឹងមន្ទីរពេទ្យកន្លែងចាក់វ៉ាក់សាំងកូវីដមួយនៅឯឈុងជូ ខេត្តឈុងប៊ុក។ អជ្ញាធររកឃើញថា ចំនួនអ្នកដែលមកចាក់វ៉ាក់សាំងកូវីដ ហើយត្រូវគ្រូពេទ្យចាក់វ៉ាក់សាំងខុសលើសចំនួនដូសនេះ គឺមានដល់ទៅជាង១០នាក់ហើយ ដែលគេកំណត់រកឃើញ។

ប្រជាជនពីរនាក់ប្តីប្រពន្ធមួយគូ ដែលបានទៅចាក់វ៉ាក់សាំង Pfizer នៅនឹងទីតាំងមន្ទីរពេទ្យនោះ ត្រូវបានអជ្ញាធរសុខាភិបាលនៅនឹងទីតាំងនោះខលមកនៅពេលល្ងាចថ្ងៃដែលបានចាក់វ៉ាក់សាំងនោះ ហើយប្រាប់ថារូបគាត់ត្រូវបានគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដលើសចំនួនដូសកំណត់ គឺដោយសារតែគ្រូពេទ្យបានច្រឡំបង្កកំហុសក្នុងការចាក់វ៉ាក់សាំងចំនួនដល់ទៅ៥ ទៅ៦ដូស សម្រាប់មនុស្សដល់ទៅជាង៥ ទៅ៦នាក់ មកចាក់ជូនគាត់។ នេះដោយសារតែ វ៉ាក់សាំងកូវីដ Pfizer ជាទូទៅមួយកូនដបវ៉ាក់សាំង គេអាចយកមកប្រើប្រាស់ចាក់វ៉ាក់សាំងជូនមនុស្សបានដល់ទៅ​​ ៥ ទៅ៦នាក់ឯណោះ តាមចំនួនកម្រិតបច្ចេកទេសនៃការចាក់វ៉ាក់សាំង។

យ៉ាងណាមិញ អ្នកដែលបានចាក់វ៉ាក់សាំងលើសកំណត់នេះ បានលើកឡើងថាក្រោយពីបានទទួលទូរស័ព្ទជូនដំណឹងពីសំណាក់អជ្ញាធរហើយ គាត់មិនឃើញមានចំណាត់ការណាផ្សេងទៀតសម្រាប់ឱ្យគាត់ត្រូវអនុវត្តនោះទេ បើទោះជាកំហុសឆ្គងក្នុងការចាក់វ៉ាក់សាំងនេះអាចបង្កជាហានិភ័យធំដល់គាត់ក៏ដោយ។ នៅថ្ងៃដដែលនោះ គាត់បានបញ្ជាក់ទៀតថា ខ្លួនគាត់ផ្ទាល់ចាប់ផ្តើមមានអាការៈក្តៅខ្លួនខ្លាំង ហើយប្រពន្ធរបស់គាត់វិញមានអាការៈឈឺក្បាល វិលមុខជាដើម ហើយក៏បានទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ គាត់បាននិយាយថា​ ចំពោះករណីបែបនេះ គួរណាតែខាងអជ្ញាធរត្រូវមានការសម្របសម្រួលណែនាំឱ្យបានច្បាស់ថាគាត់ត្រូវធ្វើយ៉ាងណាខ្លះ គួរត្រូវពិនិត្យមើលអាការៈប្រតិកម្មរបៀបណាខ្លះ ដែលអាចកើតមានឡើង តែហាក់ដូចគ្មានបានទទួលព័ត៌មានអ្វីសោះពីខាងអជ្ញាធរសុខាភិបាល។

ចំពោះហេតុការណ៍នេះដែរ អជ្ញាធរសុខាភិបាលនៅតំបន់នេះបានរាយការណ៍មកថា ឥឡូវនេះមណ្ឌលសុខភាពក្នុងតំបន់ខាងលើកំពុងពិនិត្យមើលលើករណីនេះ ហើយអជ្ញាធរក៏បានទទួលអ្នកទាំងអស់ដែលបានចាក់វ៉ាក់សាំងលើសកំណត់នេះឱ្យទៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិឈុងប៊ុកផងដែរ តែមកដល់ពេលនេះគេមិនទាន់ឃើញមានករណីប្រតិកម្មណាមួយធ្ងន់ធ្ងររាយការណ៍មកអជ្ញាធរឡើយ។

អជ្ញាធរក៏បាន​បញ្ជាក់ផងដែរថា គ្រោងនឹងធ្វើការលុបកុងត្រាផ្តល់ឱ្យទៅមន្ទីរពេទ្យឯកជនដែលបង្កជាកំហុសបច្ចេកទេសដ៏ធំនេះ ហើយក៏បានដកហូតយកមកវិញហើយដែរនូវវ៉ាក់សាំងកូវីដពីទីតាំងខាងលើនេះ។ មែនទែនទៅករណីបង្កជាកំហុសឆ្គងក្នុងការចាក់វ៉ាក់សាំងនេះ មិនមែនជាលើកទី១នោះទេនៅកូរ៉េខាងត្បូង។  កាលពីខែមិថុនាកន្លងទៅ មន្ទីរពេទ្យមួយដែរនៅចូឡាប៊ុកដូ (ឈុនប៊ុក) ក៏បានបង្កជាកំហុសបច្ចេកទេសលើការចាក់វ៉ាក់សាំងនេះដែរ ដោយបានចាក់វ៉ាក់សាំងចំណុះដល់ទៅលើស ៥ដង នៃចំណុះកំណត់ឱ្យទៅអ្នកមកចាក់វ៉ាក់សាំង ហើយចំណែកឯនៅអ៊ីនឆន់កន្លងមក ក៏មានករណីកំហុសក្នុងការចាក់បែបនេះ ដោយគ្រូពេទ្យច្រឡំចាក់បានតែកន្លះដូស នៃចំណុះកំណត់សម្រាប់មនុស្សម្នាក់ទៅវិញ។

 

Leave a Reply

Your email address will not be published. Required fields are marked *