ប្រយ័ត្នមែនទែន! បុណ្យជាតិកូរ៉ឈប់៣ថ្ងៃជាប់គ្នានេះ អជ្ញាធរកូរេ៉ចេញមកព្រមានចំៗ ឱ្យប្រជាជននៅផ្ទះគ្រប់ៗគ្នា​ បើពុំដូចនោះទេស្ថានការណ៍កូវីដនឹងធ្លាក់ដុនដាបកាន់តែខ្លាំងហើយ …

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលចេញមកអំពាវនាវបន្ទាន់នៅថ្ងៃសុក្រម្សិលមិញនេះ ថាថ្ងៃឈប់សម្រាកបុណ្យរំដោះជាតិកូរ៉េ (광복절) ដែលចំថ្ងៃសៅរ៍ អាទិត្យចុងសប្តាហ៍ និងឈានដល់ថ្ងៃចន្ទនេះ អាចនឹងរួមចំណែកធ្វើឱ្យស្ថានការណ៍កូវីដក្នុងប្រទេសកូរ៉េខាងត្បូង កាន់តែនឹងដុនដាបខ្លាំងនាប៉ុន្មានថ្ងៃខាងមុខក្នុងសប្តាហ៍ក្រោយនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News និង Yonhap News បានឱ្យដឹងថាថ្ងៃបុណ្យជាតិឈប់សម្រាកដល់ទៅ៣ថ្ងៃនេះ នឹងនាំឱ្យវត្តមាននៃកូវីដបម្លែងខ្លួនដែលតាក្នុងចំណោមប្រជាជនកូរ៉េឆ្លងសាយភាយរាតត្បាតកាន់តែខ្លាំងឡើង និងធ្វើឱ្យស្ថានការណ៍កូវីដជារួមនឹងធ្លាក់ដុនដាបកាន់តែខ្លាំងថែមទៀត។ តួលេខកូវីដឆ្លងថ្មីនឹងកើនឡើងកាន់តែខ្លាំងឡើងថែមទៀត គឺខ្លាំង និងអាក្រក់ជាងស្ថានការណ៍កូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូង នារលកទី៤នៃជំងឺកូវីដសព្វថ្ងៃនេះទៅទៀត នេះបើតាមការចេញការបញ្ជាក់ព្រមានចំៗរបស់ប្រមុខអជ្ញាធរសុខាភិបាលកូរ៉េ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះ លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong)។

ពីថ្ងៃសៅរ៍នេះទៅ នឹងជាថ្ងៃចាប់ផ្តើមនៃបុណ្យរំដោះជាតិកូរ៉េពីប្រទេសជប៉ុន (광복절) ហើយ​ដែលរាល់ឆ្នាំធ្វើនៅថ្ងៃទី១៥ ខែសីហា តែសម្រាប់ឆ្នាំនេះគឺធ្លាក់ចំថ្ងៃអាទិត្យ ដូចនេះត្រូវបន្តឈប់សងមួយថ្ងៃទៀតដល់ថ្ងៃចន្ទ។ បើរាប់ទាំងថ្ងៃសៅរ៍នេះទៀត គឺប្រជាជនទូទៅមានឱកាសឈប់បានជាប់គ្នាដល់ទៅ៣ថ្ងៃឯណោះ។ គេរំពឹងថាប្រជាជននឹងធ្វើដំណើរកំសាន្តទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ជាពិសេសចំរដូវក្តៅបែបនេះទៀត គឺម្នាក់ៗសុទ្ធតែចង់សម្រាក និងដើរលេងដូចៗគ្នា។

ក្នុងការចេញមកថ្លែងដល់អ្នកសារព័ត៌មាន លោកស្រី ជុង អ៊ុនឃ្យ៉ុង ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ បានបញ្ជាក់ថាសម្រាប់ស្ថានការណ៍បច្ចុប្បន្នដែលមានអ្នកឆ្លងប្រចាំថ្ងៃដល់ទៅរាប់ពាន់នាក់នេះ គឺប្រាកដណាស់នៅមានអ្នកដែលវិជ្ជមានតែមិនទាន់ចេញរោគសញ្ញា និងមិនទាន់ធ្វើតេស្ត ដែលពួកគេនះហើយជាប្រភពចម្លងដោយស្ងៀមស្ងាត់ និងអាចដើរហើរដោយសេរី ដូចនេះអជ្ញាធរមានការលំបាកខ្លាំងណាស់ក្នុងការគ្រប់គ្រងស្ថានការណ៍បែបនេះ ហើយខណៈពេលដូចនេះហើយ ប្រសិនបើម​នុស្សនាំគ្នាទៅដើរលេងកំសាន្តជុំគ្នាគ្រប់កន្លែងក្នុងថ្ងៃឈប់សម្រាកជាតិនេះទៀត ប្រាកដណាស់ស្ថានការណ៍នឹងកាន់តែធ្លាក់ដុនដាប អាក្រក់លើសពីស្ថានការណ៍បច្ចុប្បន្ននេះទៅទៀត។ លោកស្រីប្រធានបានបញ្ជាក់ថែមទៀតផងដែរថា ស្ថានការណ៍នៃរលកទី៤កូវីដផ្ទុះសព្វថ្ងៃនេះ មិនទាន់ដល់ចំណុចកំពូលនៅឡើយទេ គឺអាចនឹងបន្តកើនឡើងខ្លាំងថែមទៀតនាពេលឆាប់ៗខ្លីខាងមុខនេះ។

ដូចនេះហើយ ជាវិធានការអំពាវនាវ លោកស្រីដែលជាប្រធានមជ្ឈមណ្ឌលជំនាញប្រឆាំងនឹងកូវីដនេះ បានស្នើទទូចឱ្យប្រជាជនគ្រប់ៗគ្នាព្យាយាមស្នាក់នៅផ្ទះរៀងៗខ្លួន ហើយចៀសវាងការជួបជុំ និងដើរកំសាន្តនានាដែលនាំឱ្យហានិភ័យនៃការចម្លងមានកាន់តែខ្លាំង។ មែនទែនទៅ កាលពីរលកមុនៗនៃស្ថានការណ៍កូវីដ គឺគេសង្កេតឃើញករណីមួយភាគធំមានតែប្រជុំជនម្តុំសេអ៊ូលប៉ុណ្ណោះ តែសម្រាប់បច្ចុប្បន្នវិញ គេឃើញមាននៅតាមខេត្តក្រុងធំៗទូទាំងប្រទេសសុទ្ធតែមានករណីឆ្លងកូវីដតិច ឬច្រើន ដូចជាក្រុងប៊ូសានមានករណីឆ្ងងប្រចាំថ្ងៃសឹងតែដល់ក្បែរ២០០ករណី ជាច្រើនថ្ងៃជាប់គ្នាហើយ និងបានកំពុងអនុវត្តវិធានការគម្លាតសង្គមដល់កម្រិត៤ផងដែរ។

ជាករណីមួយដោយឡែកដែរ អជ្ញាធរក៏បង្ហាញក្តីបារម្ភខ្លាំងចំពោះសកម្មភាពរឹងទទឹងរបស់ក្រុមសកម្មជនមួយចំនួន ដែលនៅតែជំនះចង់រៀបចំជំនួបបាតុកម្មទ្រង់ទ្រាយធំ ជាពិសេសក្នុងអំឡុងពេលថ្ងៃបុណ្យរំដោះជាតិកូរ៉េនេះផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃសុក្រម្សិលមិញនេះ ករណីឆ្លងកូវីដប្រចាំថ្ងៃបានកើនឡើងដល់ខ្ទង់ប្រហែល២០០០ករណីរយៈពេល៣ថ្ងៃជាប់គ្នាហើយ ហើយតួលេខនៃវត្តមានកូវីដបម្លែងខ្លួនថ្មីប្រភេទដែលតា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះក៏កើនឡើងខ្លាំងមែនទែនគួរ​ឱ្យបារម្ភផងដែរ។

ទីតាំងបន្ទប់សង់បណ្តោះអាសន្នក្រៅមន្ទីរពេទ្យ ដើម្បីព្យាបាលអ្នកជំងឺកូវីដនៅកូរ៉េ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *