កញ្ចប់លុយរដ្ឋាភិបាលកូរ៉េ ឧបត្ថម្ភដល់បណ្តាអាជីវកម្មប៉ះពាល់ពីគម្លាតសង្គម និងកូវីដ នឹងត្រូវចែកជូនពីថ្ងៃអង្គារនេះហើយ ហាងមួយអាចនឹងទទួលបានដល់២០លានវ៉ុន …

កូរ៉េខាងត្បូង៖ កញ្ចប់ទឹកប្រាក់ឧបត្ថម្ភសម្រាប់ដល់បណ្តាហាងរកស៊ី ម្ចាស់អាជីវកម្ម ដែលរងការរំខាន និងប៉ះពាល់ធ្ងន់ធ្ងរដោយសារតែការអនុវត្តវិធានការគម្លាតសង្គមប្រឆាំងនឹងកូវីដកន្លងមកនេះ នឹងត្រូវរៀបចំផ្តល់ជូនដោយរដ្ឋាភិបាលកូរ់េខាងត្បូងចាប់ពីសប្តាហ៍ក្រោយនេះទៅហើយ ជាដំណឹងល្អសម្រាប់បណ្តាអ្នករកស៊ីនៅកូរ៉េដែលត្រូវវេទនាលំបាកនឹងស្ថានការណ៍បែបនេះយូរមកហើយ។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News បានឱ្យដឹងថាក្រសួងសហគ្រាសខ្នាតតូច និងមធ្យមកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងសប្តាហ៍នេះថា កញ្ចប់ទឹកប្រាក់ឧបត្ថម្ភសម្រាប់ដល់បណ្តាហាងរកស៊ី ម្ចាស់អាជីវកម្ម ដែលរងការរំខាន និងប៉ះពាល់ធ្ងន់ធ្ងរដោយសារតែការអនុវត្តវិធានការគម្លាតសង្គមប្រឆាំងនឹងកូវីដដល់ទៅចំនួន ១.៧៨លានហាងនឹងត្រូវចាប់ផ្តើមដំណើរការចែកជូនបានចាប់ពីថ្ងៃទី១៧ សីហា គឺថ្ងៃអង្គារក្រោយនេះហើយ។

ក្នុងការបញ្ជាក់នោះដែរ ក្រសួងក៏បានរៀបរាប់ត្រួសៗអំពីលក្ខខណ្ឌ និងប្រភេទការរកស៊ី និងកម្រិតប្រាក់ឧបត្ថម្ភដែលនឹងត្រូវទទួលបានផងដែរ។ សម្រាប់ជាលក្ខណៈដែលហាងរកស៊ីមួយនៅកូរ៉េអាចទទួលបានកញ្ចប់ប្រាក់ឧបត្ថម្ភនេះគឺ ទាល់តែហាងនោះបានអនុវត្តខ្ជាប់ខ្ជួនទៅនឹងវិធានការគម្លាតសង្គមជាបន្តបន្ទាប់ជានិច្ចកាល ដូចជាលើការកំណត់ម៉ោងប្រតិបត្តិការដំណើរការអាជីវកម្ម ម៉ោងបិទអាជីវកម្ម និងការអនុវត្តគម្លាតសង្គមបានត្រឹមត្រូវទៅតាមការកំណត់ ក្នុងរយៈពេលចន្លោះពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ គឺសឹងតែមួយឆ្នាំពេញតែម្តង។ លក្ខខណ្ឌនេះមានន័យថា បណ្តាហាងរកស៊ីនានាដែលកន្លងមកអជ្ញាធរបានចាប់ជាបន្តបន្ទាប់រកឃើញថាបានល្មើសនឹងគម្លាតសង្គមក្រោមទម្រង់ផ្សេងៗនោះ នឹងមិនអាចទទួលបានប្រាក់ឧបត្ថម្ភនេះនោះទេ។

លក្ខខណ្ឌមួយទៀតគឺ ហាងរកស៊ីណាដែលជាប់នឹងបញ្ហាគ្រប់គ្រងធ្ងន់ធ្ងរ ក្រោយពីរកស៊ីធ្លាក់ប្រាក់ចំណូលខាតខ្លាំងក្នុងអំឡុងពេលអនុវត្តគម្លាតសង្គម។ ជាក់ស្តែងតាមការកំណត់របស់ក្រសួងជំនាញ ហាងរកស៊ីណាដែលត្រូវតម្រូវឱ្យបិទអាជីវកម្មទាំងស្រុងរយៈពេល៦សប្តាហ៍ឡើងទៅ អាចនឹងទទួលបានប្រាក់ឧបត្ថម្ភដល់ទៅ២០លានវ៉ុន ខណៈដែលហាងរកស៊ីណាដែលត្រូវបានតម្រូវឱ្យបិទអាជីវកម្មក្រោម៦សប្តាហ៍ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភដល់ទៅ ១៤លានវ៉ុន។

ហាងរកស៊ីណាដែលត្រូវរងវិធានការគម្លាតសង្គមអនុវត្តជាប់រយៈពេលពី១៣សប្តាហ៍ឡើងទៅ នឹងត្រូវមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភដល់ទៅ៩លានវ៉ុនផងដែរ។ ចំនួនទឹកប្រាក់ឧបត្ថម្ភ និងការកំណត់ជាក់ស្តែងគឺត្រូវអាស្រ័យទៅតាមស្ថានភាពខុសៗគ្នានៃហាងរកស៊ីនីមួយៗទាំងអស់។

សូមបញ្ជាក់ថា កញ្ចប់ទឹកប្រាក់ឧបត្ថម្ភនេះជាផ្នែកនៃកញ្ចប់ថវិកាថ្នាក់ជាតិដែលរដ្ឋសភាជាតិកូរ៉េខាងត្បូងបានអនុម័តកន្លងមក មានទំហំសរុបដល់ទៅប្រមាណជាង ៣៤.៩ទ្រីលានវ៉ុន (ប្រមាណជាង៣០.៣ពាន់លានដុល្លារ) ឯណោះ ហើយកញ្ចប់ទឹកប្រាក់ដ៏ធំសម្បើមនេះ គេមានផែនការចាយ និងឧបត្ថម្ភដល់ប្រជាជនតាមរូបភាពផ្សេងៗ មានដូចជាការឧបត្ថម្ភសម្រាប់ដល់បណ្តាហាងរកស៊ី ម្ចាស់អាជីវកម្ម ដែលរងការរំខាន និងប៉ះពាល់ធ្ងន់ធ្ងរដោយសារតែការអនុវត្តវិធានការគម្លាតសង្គមនេះ ការផ្តល់ជូនសាច់ប្រាក់ផ្ទាល់ដល់ប្រជាជន ការផ្តល់ការបញ្ចុះតម្លៃផ្សេងៗដើម្បីជំរុញឱ្យប្រជាជនចំណាយលុយនាំឱ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *