កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានចុះកុងត្រារួចរាល់ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដអាម៉េរិក Pfizer លើការបញ្ជាទិញវ៉ាក់សាំងនេះ ៣០លានដូសបន្ថែមទៀតហើយ ដើម្បីយកមកចាក់ជូនប្រជាជនខ្លួននៅឆ្នំាក្រោយនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បើតាមការប្រកាសពីសំណាក់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) បានឱ្យដឹងថាវ៉ាក់សាំងដែលបញ្ជាទិញបានពីក្រុមហ៊ុន Pfizer នេះនឹងជាផ្នែកមួយសំខាន់សម្រាប់អាចសម្រេចបានផែនការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់៥០លាននាក់ ក្នុងចំណោមប្រជាជន៥២លាននាក់នៅក្នុងអំឡុងពេលឆ្នាំក្រោយនេះ។ វ៉ាក់សាំងកូវីដដែលបានចុះកុងត្រាបញ្ជាទិញថ្មីនេះ ៣០លានដូស នឹងត្រូវដឹកមកដល់នៅក្នុងអំឡុងត្រីមាសដំបូងនាឆ្នាំ២០២២ខាងមុខ ហើយតាមរយៈកុងត្រាបញ្ជាទិញនេះ ក៏មានលក្ខខណ្ឌបើកទូលាយឱ្យប្រទេសកូរ៉េខាងត្បូងអាចបញ្ជាទិញបានវ៉ាក់សាំងដល់៣០លានដូសបន្ថែមពីលើទៀត បើត្រូវការផងដែរ។
បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េ គឺប្រទេសកូរ៉េខាងត្បូងនឹងអាចស្វែងរកវ៉ាក់សាំងបន្ថែមចំនួន២០លានដូសទៀត តែអជ្ញាធរមិនទាន់បញ្ជាក់ថានឹងចង់បានវ៉ាក់សាំងកូវីដពីក្រុមហ៊ុនណាមួយឱ្យច្បាស់នៅឡើយទេ។ ជាមួយនឹងផែនការបញ្ជាទិញ២០លានដូសបន្ថែមពីលើ វ៉ាក់សាំង៣០លានដូសដែលបានសម្រេចចុះកុងត្រាបញ្ជាទិញពី Pfizer នេះ កូរ៉េខាងត្បូងនឹងមានវ៉ាក់សាំងបម្រុងសរុបដល់ទៅ៥០លានដូសហើយសម្រាប់ចាក់ជូនប្រជាជនខ្លួន។ ផែនការចាក់វ៉ាក់សាំងបន្ថែមនេះ គឺដើម្បីជាវិធានការឆ្លើយតបទៅនឹងវត្តមាននៃកូវីដបម្លែងខ្លួនថ្មីដែលកើតមានកាន់តែច្រើននៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកូរ់េខាងត្បូងនេះដែរ។
អជ្ញាធរសុខាភិបាលបញ្ជាកថានឹងធ្វើការសិក្សាបន្ថែមទៀតសិនទៅលើកត្តាពាក់ព័ន្ធជាច្រើនមុខ មុននឹងសម្រេចចិត្តណាមួយក្នុងការបញ្ជាទិញវ៉ាក់សាំងផ្សេងៗទៀត។ កត្តាដែលអាចត្រូវពិនិត្យ និងសម្រេចចិត្តលើការទិញវ៉ាក់សាំងនោះមានដូចជាលទ្ធផលសិក្សាពីប្រសិទ្ធភាពនៃវា៉ក់សាំងប្រឆាំងនឹងមេរោគកូវីដបម្លែងខ្លួនថ្មីជាដើម។ ផែនការក្នុងការសម្រេចចិត្តបញ្ជាទិញវ៉ាក់សាំងមកបន្ថែមសម្រាប់ឆ្នាំក្រោយទៀតនោះ ត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េចាប់ផ្តើមសិក្សា និងពិនិត្យតាំងពីខែមិថុនាប៉ុន្មានខែមុនមកម្លេះ ដោយសារអជ្ញាធរកូរ៉េយល់ឃើញថាស្ថានការណ៍កូវីដនឹងនៅតែបន្តកើតមាន បើទោះជាកូរ៉េខាងត្បូងអាចសម្រេចបង្កើតបានជាប្រព័ន្ធភាពស៊ាំក្នុងប្រទេសទាំងមូលក៏ដោយ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ បើមិនទាន់រាប់បញ្ចូលវ៉ាក់សាំង Pfizer ទិញថ្មី៣០លានដូសនេះ កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដចំនួន៥ប្រភេទបានដល់ទៅជាង១៩២លានដូសសរុប ហើយដែលអាចចាក់ជូនប្រជាជនពេញលេញបានដល់ទៅជាង១០០លាននាក់ឯណោះ។
បើតាមផែនការកូរ៉េខាងត្បូងគ្រោងនឹងសម្រេចឱ្យបានប្រព័ន្ធភាពស៊ាំក្នុងប្រទេសទាំងមូល ត្រឹមខែវិច្ឆិកាខាងមុខ ហើយបើគិតពីការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងពីអំឡុងចុងខែកុម្ភៈឆ្នាំនេះមក រហូតដល់បច្ចុប្បន្ននេះ កូរ៉េខាងត្បូងសម្រេចចាក់វ៉ាក់សាំងដូសទី១ជូនប្រជាជនបានដល់ ២១.៩៨លាននាក់ហើយ ប្រមាណ៤២.៩៨%នៃប្រជាជនក្នុងប្រទេសសរុប ហើយសម្រាប់ដូសទី២ដែលចាក់រួចរាល់មានដល់ទៅជាង៨.៩៣លាននាក់ហើយដែរ គឺប្រមាណ១៧.៤% នៃប្រជាជនសរុប។