នៅកូរ៉េខាងត្បូង ឥឡូវមានវ៉ាក់សាំងកូវីដ៤ប្រភេទ តែជាទំនោរប្រជាជនកូរ៉េហាក់ចង់ចាក់តែវ៉ាក់សាំង ២មុខនេះជាងគេ ដោយសារតែក្តីបារម្ភធំមួយនេះ

កូរ៉េខាងត្បូង៖ បើទោះជាបច្ចុប្បន្នកូរ៉េខាងត្បូងមិនទាន់មានស្តុកវ៉ាក់សាំងមកចាក់ជូនប្រជាជនឱ្យបានហូរហៀរ និងពេញលេញទៅតាមផែនការចាក់វ៉ាក់សាំងក៏ដោយ គេឃើញឥឡូវនេះ ចាប់ផ្តើមមានទំនោរនៃការប្រចាំគ្នាក្នុងការចាក់វ៉ាក់សាំង ដោយភាគច្រើននាំគ្នាចង់ចាក់វ៉ាក់សាំងប្រភេទមួយជាជាងវ៉ាក់សាំងប្រភេទមួយផ្សេងទៀត ដោយសារតែបារម្ភលើបញ្ហាគុណភាព និងសុវត្ថិភាពវ៉ាក់សាំង។

ចុះផ្សាយក្នុងអត្ថបទពិសេសសារព័ត៌មាន Korea Times បានឱ្យដឹងថាឥឡូវនេះចាប់ផ្តើមមានទំនោរនាំគ្នាហាក់ចង់គេចមិនចង់ចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca ដោយសារតែប្រជាជនបារម្ភពីហានិភ័យនៃការអាចកើតមានជាបញ្ហាកកដុំឈាម ដែលកន្លងមកគេឃើញមានករណីប្រហាក់ប្រហែលគ្នានេះក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca នេះ។

ពាក់ព័ន្ធនឹងវិធានការធានាសុវត្ថិភាពលើការចាក់វ៉ាក់សាំងនេះ កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកំណត់អាយុអនុញ្ញាតឱ្យចាក់វ៉ាក់សាំង AstraZeneca ពី៥០ឆ្នាំឡើងទៅប៉ុណ្ណោះ ដោយសារតែបារម្ភពីហានិភ័យអាចប៉ះពាល់ដោយសារតែប្រតិកម្មទៅនឹងវ៉ាក់សាំងក្នុងចំណោមអ្នកដែលមានអាយុវ័យក្មេង ភាគច្រើនដែលមានជាករណីកើតមានបន្តបន្ទាប់ទាំងនៅកូរ៉េខាងត្បូងផ្ទាល់ និងនៅអឺរ៉ុបផងដែរ។

បញ្ហានេះហើយ ហាក់ជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងមួយចំនួនមានទំនោរចង់គេចពីវ៉ាក់សាំង AstraZeneca នេះដោយចង់បានចាក់វ៉ាក់សាំងកូវីដរបស់អាម៉េរិកដែលបង្កើតឡើងតាមបច្ចេកវិទ្យា mRNA ជាបច្ចេកវិទ្យាថ្មីវិញ មានដូចជាក្នុងវ៉ាក់សាំង Pfizer និងវ៉ាក់សាំង Moderna ជាដើម។ ក្នុងនោះដែរ គេក៏បានលើកហេតុផលផងដែរថាវ៉ាក់សាំង Pfizer និង Moderna ក៏មានប្រសិទ្ធភាពវ៉ាក់សាំងខ្ពស់ជាងវ៉ាក់សាំង AstraZeneca ផងដែរ។

បើតាមការបញ្ជាក់របស់មន្ទីរពេទ្យតាមតំបន់នានាក្នុងប្រទេសកូរ៉េ និងតាមប្រព័ន្ធកក់វ៉ាក់សាំងដែលនៅសល់ក្នុងស្តុកសម្រាប់ចាក់តាមអនឡាញនោះ គេឃើញថាមានមនុស្សតិចមែនទែនដែលបានស្វែងរកចង់ចាក់វ៉ាក់សាំង AstraZencea ខណៈដែលវ៉ាក់សាំង Pfizer វិញគ្រាន់តែដាក់ឱ្យចុះឈ្មោះភ្លាម គឺត្រូវបានកក់អស់ភ្លាម។ បុគ្គលិកនៅមន្ទីរពេទ្យមួយកន្លែងបានបញ្ជាក់ថា ចំពោះប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ ដែលនៅសល់ក្នុងស្តុកនោះ គេឃើញថាសឹងតែមិនមាននរណាចុះឈ្មោះជ្រើសរើសចាក់វ៉ាក់សាំង AstraZeneca ទាល់តែសោះ ប្រហែលជាអាចដោយសារគេគិតបារម្ភពីសុវត្ថិភាព និងហានិភ័យដែលអាចនាំឱ្យមានកើតបញ្ហាកកដុំឈាមជាដើមនោះ។

បើតាមការធ្វើសម្រង់មតិមួយដែលធ្វើឡើងដោយវិទ្យាសា្ថនស្រាវជ្រាវ KSTAT Research ក្នុងចំណោមជនជាតិកូរ៉េ១០០០នាក់ ចន្លោះពីថ្ងៃទិ២៩កក្កដា ដល់ថ្ងៃទី២សីហា គេរកឃើញថាវ៉ាក់សាំងដែលពេញនិយម ហើយគេចង់ចាក់ច្រើនជាងគេគឺវ៉ាក់សាំង Pfizer ច្រើនជាងគេដល់ទៅ ៨៤.៨% តាមពីក្រោយវ៉ាក់សាំង Moderna របស់អាម៉េរិកដូចគ្នាត្រឹម ៨៣.៦%។ ចំណែកឯវ៉ាក់សាំង AstraZeneca វិញមានអ្នកពេញចិត្តត្រឹមតែ ៦០.៧% រីឯវ៉ាក់សាំង Janssen វិញមានត្រឹមតែ ៥៧.៦%ប៉ុណ្ណោះ។

ស្របពេលដែលបច្ចុប្បន្ននេះចំនួនករណីឆ្លងកូវីដផ្ទុះឡើងកាន់តែខ្លាំង ហើយវត្តមាននៃមេរោគកូវីដបម្លែងខ្លួនថ្មីដែលតា ក៏មានកាន់តែច្រើន គេឃើញថាសាធារណជនកូរ៉េហាក់ដាក់ការស្តីបន្ទោសទៅលើចំណាត់ការរបស់រដ្ឋាភិបាលលើការគ្រប់គ្រងស្ថានការណ៍កូវីដផង និងលើបញ្ហានៃកង្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនផងដែរ គឺខ្វះខាតទាំងសម្រាប់មនុស្សវ័យចំណាស់ដែលរងហានិភ័យខ្ពស់ជាងគេទៅនឹងការឆ្លងកូវីដ និងយឺតយ៉ាវខ្លាំងសម្រាប់ប្រជាជនវ័យក្មេង ដែលឥឡូវនេះទើបនឹងចាប់ផ្តើមដំណើរការចុះឈ្មោះចាក់វ៉ាក់សាំងនោះ។ គេសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួននៃករណីឆ្លងភាគច្រើនគឺស្ថិតក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងដែលមានវ័យក្មេង ភាគច្រើនគឺសុទ្ធតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។

Leave a Reply

Your email address will not be published. Required fields are marked *