ចែករំលែក! បងប្អូនខ្មែរយើងនៅកូរ៉េទាំងស្របច្បាប់ និងខុសច្បាប់ សុទ្ធតែអាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដបានទាំងអស់ តាមនីតិវិធីណែនាំលម្អិត ៣ នេះ! អ្នកខុសច្បាប់មិនពិបាកទេ​ ត្រូវមើលរបៀបចុះឈ្មោះឱ្យដឹងច្បាស់

កូរ៉េខាងត្បូង៖ ខណៈពេលឥឡូវនេះដែលអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបើកដំណើរការចុះឈ្មោះសម្រាប់អ្នកចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានអាយុពី១៨ ដល់៤៩ឆ្នាំនោះ ការចុះឈ្មោះនេះក៏អនុញ្ញាតសម្រាប់ជនបរទេសទូទៅផងដែរ ដែលក្នុងនោះរាប់បញ្ចូលទាំងជនបរទេសដែលរស់នៅក្នុងកូរ៉េខាងត្បូងស្របច្បាប់ និងអ្នកដែលខុសច្បាប់។

ខាងក្រោមនេះគឺជាព័ត៌មានមគ្គុទេសន៍នៃដំណើរការចាក់វ៉ាក់សាំងសម្រាប់ជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង៖

ជនបរទេសទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដបានដោយប្រើវិធីសាស្រ្តចុះឈ្មោះដូចទៅនឹងជនជាតិកូរ៉េខាងត្បូងទូទៅដែរ។ សម្រាប់នីតិវិធីជាក់ស្តែង គឺអាចអនុវត្តតាមសេចក្តីណែនាំនៃការចាក់វ៉ាក់សាំងដូចមានកំណត់ក្នុងគេហទំព័ររបស់រដ្ឋាភិបាលកូរ៉េ KDCA។

ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនអាយុពី១៨ ដល់៤៩ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃទី២៦សីហា ហើយបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា រីឯដំណើរការបើកចុះឈ្មោះមុនសម្រាប់ត្រៀមចាក់វ៉ាក់សាំងកូវីដ ចំពោះក្រុមអាយុ១៨ដល់៤៩ឆ្នាំនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៩ សីហាខាងមុខ ដែលនឹងមានរយៈពេល១០ថ្ងៃ សម្រាប់អាចចុះឈ្មោះបាន។ ប្រជាជនរំពឹងថានឹងអាចទទួលវ៉ាក់សាំងមានដល់ទៅជាង១៧.៧លាននាក់ទូទាំងប្រទេសកូរ៉េ។ ដូចនេះអ្នកដែលមានសិទ្ធចាក់វ៉ាក់សាំងក្នុងក្រុមអាយុនេះ គឺត្រូវមានថ្ងៃខែកំណើតចន្លោះពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៧២ ដល់ថ្ងៃទី៣១ ធ្នូ ២០០៣ ដែលពួកគេនឹងត្រូវទទួលវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង Pfizer ឬ Moderna ដែលជាវ៉ាក់សាំងត្រូវការចាក់ចំនួន២ដូសដូចគ្នា។

តាមប្រព័ន្ធនីតិវិធីចុះឈ្មោះថ្មីនេះ គេបានចែកថ្ងៃច្បាស់លាស់សម្រាប់ប្រជាជនអាចធ្វើការចុះឈ្មោះកក់សម្រាប់ចាក់វ៉ាក់សាំងទុកមុនបាន ដោយអនុញ្ញាតឱ្យធ្វើការចុះឈ្មោះបានតែចំពោះថ្ងៃណាដែលមានកន្ទុយលេខ ដូចទៅនឹងកន្ទុយលេខនៃថ្ងៃកំណើតរបស់អ្នកចុះឈ្មោះប៉ុណ្ណោះ។ ដោយសារគេបើកឱ្យចុះឈ្មោះពីថ្ងៃទី ៩ សីហាទៅមានរយៈពេល១០ថ្ងៃ ដូចនេះជាឧទាហរណ៍ អ្នកដែលកើតថ្ងៃទី១០ អាចធ្វើការចុះឈ្មោះដើម្បីចាក់វ៉ាក់សាំងបានតែនៅថ្ងៃទី១០ ប៉ុណ្ណោះដោយសារកន្ទុយលេខ០ នៃថ្ងៃកំណើត ដូចទៅនឹងកន្ទុយលេខ០ នៃថ្ងៃចុះឈ្មោះដែរ។ ជាក់ស្តែងដែរសម្រាប់ថ្ងៃទី១៣ សីហានេះ អ្នកដែលអាចចុះឈ្មោះបានគឺអ្នកដែលមានថ្ងៃកំណើតចំថ្ងៃ៣ ថ្ងៃទី១៣ និងថ្ងៃទី២៣ ប៉ុណ្ណោះ។

សម្រាប់ជនបរទេសជាទូទៅដែលបានចុះឈ្មោះត្រឹមត្រូវរស់នៅក្នុងប្រទេសកូរ៉េ អាចធ្វើការចុះឈ្មោះចាក់វ៉ាក់សាំងតាមប្រព័ន្ធអនឡាន ឬតាមរយៈទូរស័ព្ទ។ ហើយក្នុងករណីបើចុះឈ្មោះតាមអនឡាញ ទទួលបានសារថាអ្នកមិនអាចចាក់ឈ្មោះចាក់វ៉ាក់សាំងបាន អ្នកអាចធ្វើការចុះឈ្មោះចាក់វ៉ាក់សាំង ក្រោយពីបានចុះឈ្មោះនៅនឹងមជ្ឈមណ្ឌលសុខភាពតាមតំបន់របស់អ្នកសិន។

ករណីអ្នកចង់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ៖ បុគ្គលខ្លួនឯងផ្ទាល់អាចធ្វើការចុះឈ្មោះតាមគេហទំព័រ https://ncvr2.kdca.go.kr/ ។ សម្រាប់អ្នកដែលចង់ចុះឈ្មោះតាមការខលទូរស័ព្ទអាចធ្វើបានតាម២របៀប៖ ទី១ គឺអាចខលទៅ ១៣៣៩ ដែលជាលេខទូរស័ព្ទរបស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងផ្ទាល់ និងវិធីទី២ គឺចូលទៅកាន់គេហទំព័រ https://ncv.kdca.go.kr ហើយបន្ទាប់មកចុចលើមីនុយខាងលើ «예방접종 현황» និងបន្ទាប់ទៀតចុចលើ «코로나19 예방접종 전화예약 운영 현황» ដើម្បីអាចស្វែងរកព័ត៌មានលេខទូរស័ព្ទទំនាក់ទំនងតាមតំបន់នីមួយដើម្បីអាចធ្វើការចុះឈ្មោះបាន។

សម្រាប់ជនបរទេសដែលមិនមានលិខិតស្នាមត្រឹមត្រូវ (ដូចជាករណីអ្នកស្នាក់នៅខុសច្បាប់ជាដើម) មិនអាចធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញបានទេ។ ពួកគេត្រូវធ្វើការចុះឈ្មោះវ៉ាក់សាំងរបស់គេ ដោយយកលិខិតឆ្លងដែនទៅចុះឈ្មោះបង្ហាញនៅនឹងមណ្ឌលសុខភាពតាមតំបន់របស់ខ្លួន ហើយដើម្បីទទួលបានលេខកូដពិសេសបណ្តោះអាសន្ន សម្រាប់អាចចុះឈ្មោះចាក់វ៉ាក់សាំងបាន។

សម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី (តិចជាង៩០ថ្ងៃ ក្នុងគោលបំណងទេសចរណ៍ជាដើម) មិនអាចចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េបាននោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *