ធ្លាប់ឡើងដល់កំពូល ពេលធ្លាក់វិញ គឺដល់បាត!! អតីតសមាជិកក្រុម Big Bang ដ៏ល្បីរបស់កូរ៉េ ត្រូវតុលាការសម្រេចឱ្យជាប់ទោស៣ឆ្នាំ ពីបទល្មើសដល់ទៅ៩មុខ …

កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បី Big Bang លោក ស៊ឹងរី (Seungri) នៅថ្ងៃព្រហស្បត្តិ៍នេះត្រូវបានតុលាការយោធាកូរ៉េខាងត្បូងសម្រេចកាត់ទោសឱ្យជាប់ឃុំឃាំងរយៈពេលដល់ទៅ៣ឆ្នាំ លើបទល្មើសដល់ទៅ៩មុខផ្សេងៗគ្នា នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃនេះ។

ក្នុងការចុះផ្សាយនេះ បានឱ្យដឹងថា នៅថ្ងៃព្រហស្បត្តិ៍នេះ តុលាការយោធាកូរ៉េខាងត្បូងនៅយ៉ុងគីន សេអ៊ូល បានសម្រេចលើកម្រិតទោសរយៈពេល៣ឆ្នាំ ដោយត្រូវឱ្យដាក់ឃុំភ្លាមៗលើជនល្មើសដែលធ្លាប់ជាអតីតសមាជិកក្រុម Big Bang ដ៏ល្បី ហើយក្នុងនោះជនល្មើសក៏ត្រូវតម្រូវឱ្យបង់ប្រាក់ល្មើសចំនួន ១.១៥ប៊ីលានវ៉ុន (ប្រមាណដល់ទៅជិត១លានដុល្លារ) ផងដែរ។ ជនល្មើសដែលជាអតីតសមាជិកក្រុម Big Bang គេស្គាល់ឈ្មោះលើឆាកថា ស៊ឹងរី (Seungri) នេះ មានឈ្មោះពិតប្រាកដគឺ លី ស៊ុងយ៉ុន (Lee Seung-hyun) ហើយមានអាយុ៣១ឆ្នាំបច្ចុប្បន្ននេះ។

ជនល្មើសរូបនេះ​ត្រូវបានកាត់ទោសក្នុងតុលាការយោធានេះ ដោយសារតែគាត់បានចុះឈ្មោះចូលបម្រើកងទ័ពចំពេលដែលសមត្ថកិច្ចកំពុងចាប់ផ្តើមស៊ើបអង្កេតលើបទល្មើសរបស់គាត់ ដែលជាការអនុវត្តផ្លូវច្បាប់ កំហុសឆ្គងរបស់គាត់ត្រូវកាត់ទោសដោយតុលាការយោធា មិនមែនជាតុលាការស៊ីវិលធម្មតា។ សូមបញ្ជាក់ថា ជនល្មើស ស៊ឹងរី (Seungri) រូបនេះ ត្រូវបានជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ក្នុងករណីសង្ស័យជាច្រើន ពាក់ព័ន្ធបញ្ហាចម្រូងចម្រាស់ Burning Sun Scandal ដែលក្នុងករណីនោះមានជាប់ពាក់ព័ន្ធជាច្រើនក្នុងរង្វង់អ្នកសិល្បៈជាបន្តបន្ទាប់។

ករណីបទល្មើសដែលអតីតសមាជិក Big Bang រូបនេះមានពាក់ព័ន្ធមានដូចជាករណីបើកដំណើរការអាជីវកម្មរកស៊ីផ្លូវភេទខុសច្បាប់ និងការបោកបន្លំជាដើមក្នុងចំណោមករណីលម្អិតៗជាច្រើនទៀតដល់ទៅ ៩បទល្មើសឯណោះ។ ក្នុងចំណោមបទល្មើសទាំងនោះ គេរកឃើញថាជនល្មើសធ្លាប់ធ្វើជាឈ្មួញកណ្តាល នាំស្រីៗខុសច្បាប់សម្រាប់ឱ្យទៅអ្នករកស៊ី វិនិយោគពីតៃវ៉ាន់ ជប៉ុន ហុងកុង និងប្រទេសដទៃទៀត ចាប់តាំងពីខែធ្នូឆ្នាំ២០១៥ ដល់ខែមករាឆ្នាំ២០១៦ ដើម្បីគៀងគររកអ្នកវិនិយោគសហការបើកក្លឹបកម្សាន្ត Burning Sun នេះ។

ជនល្មើសរូបនេះ ក៏ពាក់ព័ន្ធនឹងបទល្មើសបោកបន្លំពាក់ព័ន្ធលុយជាង ៥២៨លានវ៉ុនជាងពីលុយរួមនៃហាងកម្សាន្តរបស់គាត់ ហើយយកទៅលេងល្បែងសឹងជាទម្លាប់ធម្មតាទៅហើយនៅប្រទេសអាម៉េរិក ពីខែធ្នូ២០១៣ ដល់ខែសីហា ២០១៧កន្លងមក ហើយបើគិតពីលុយដែលគាត់ធ្លាប់ឈ្នះពីល្បែងនេះមានដល់ទៅជាង ២.២ពាន់លានវ៉ុនឯណោះ។ ក្រៅពីករណីបោកប្រាស់ ជនល្មើសនេះក៏ពាក់ព័ន្ធក្នុងការហៅគ្នីគ្នាមកគម្រាមកំហែងអ្នកដទៃខុសច្បាប់ផងដែរតាំងពីឆ្នាំ២០១៥។

ក្នុងករណី Burning Sun Scandal ដ៏ចម្រូងចម្រាស់នេះមានអ្នកនៅក្នុងរង្វង់សិល្បៈកូរ៉េល្បីៗដែលពាក់ព័ន្ធបន្តគ្នាមិនតិចនោះទេ មានទាំងពួកតារាប្រុសៗជាមិត្តភក្តិនឹងគ្នា ដែលរកឃើញជាប់ពាក់ព័ន្ធនឹងករណីបំពានផ្លូវភេទ និងជំនួញពេស្យាចារជាដើម ខណៈដែលការស៊ើបអង្កេតចាប់ចេញពីបញ្ហាមួយ ធ្លាយចូលទៅដល់បញ្ហាមួយទៀត ហើយធ្លាយទៅដល់បញ្ហាបន្តបន្ទាប់ជាច្រើនមុខទៀត ហើយអ្នកពាក់ព័ន្ធដែលល្បីឈ្មោះក្នុងវិស័យសិល្បៈ មានដូចជាលោក Choi Jong-hoon តារាក្រុម FT Island តារាចម្រៀង Yong Jun-hyung ក្រុម BEAST តារាចម្រៀង Lee Jong-hyun ក្រុម CN Blue ជាដើម។

យ៉ាងណាមិញ តាមការបញ្ជាក់របស់តុលាការ ជាមួយនឹងការចោទប្រកាន់សឹងតែទាំងអស់គឺ ជនល្មើស ស៊ឹងរី (Seungri) មិនទទួលស្គាល់កំហុសខ្លួនឯងនោះទេ ហើយបានព្យាយាមបង្វែរកំហុសដាក់ទៅអ្នកពាក់ព័ន្ធផ្សេងៗទៀត បើទោះបីជាសមត្ថកិច្ចស៊ើបអង្កេតឃើញថាជនល្មើសខ្លួនបានបានទទួលអត្ថប្រយោជន៍ជាច្រើនបន្តបន្ទាប់ពីសកម្មភាពខុសច្បាប់ទាំងនោះ។

Leave a Reply

Your email address will not be published. Required fields are marked *