បុគ្គលិកសន្តិសុខមា្នក់នៅព្រលានយន្តហោះគីមផូ ក្រោយពីបានមកធ្វើការប៉ុន្មានថ្ងៃជាប់ៗគ្នា បែរជាតេស្តរកឃើញវិជ្ជមានកូវីដ-១៩

កូរ៉េខាងត្បូង៖ បុគ្គលិកត្រួតពិនិត្យសន្តិសុខធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិគីមផូ ម្នាក់ត្រូវបានគេរកឃើញថាមានវិជ្ជមានកូវីដ-១៩ បើតាមការប្រកាសឱ្យដឹងរបស់ស្ថាប័នអាកាសយានដ្ឋានកូរ៉េនៅថ្ងៃព្រហស្បត្តិ៍ទី១២ សីហានេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមការប្រកាសឱ្យដឹងរបស់ស្ថាប័នអាកាសយានដ្ឋានកូរ៉េ បានបញ្ជាក់ថាកាលពីថ្ងៃពុធម្សិលមិញ បុគ្គលិកត្រួតពិនិត្យសន្តិសុខម្នាក់ធ្វើការនៅព្រលានគីមផូ បានរកឃើញថាវិជ្ជមានកូវីដ-១៩  គឺមួយថ្ងៃក្រោយពីបានបង្ហាញរោគសញ្ញាសង្ស័យមានអាការៈក្តៅខ្លួន។ ក្រោយពីបង្ហាញអាការៈសង្ស័យហើយតាំងពីថ្ងៃអង្គារទី១០ សីហាមក បុគ្គលិកខាងលើបានឈប់សម្រាកមិនទៅធ្វើការ និងបានទៅធ្វើតេស្តកូវីដនៅថ្ងៃនោះ ទើបលទ្ធផលចេញមកបង្ហាញថាវិជ្ជមានកូវីដមែន។

បើតាមការបញ្ជាក់ឱ្យដឹង គឺនៅប៉ុន្មានថ្ងៃមុននឹងចេញរោគសញ្ញា បុរសជាបុគ្គលិកសន្តិសុខនេះបានធ្វើការនៅព្រលានយន្តហោះគីមផូនៅថ្ងៃអាទិត្យទី ៨ ថ្ងៃចន្ទទី៩ និងថ្ងៃអង្គារទី១០ នេះក៏បានចាប់ផ្តើមចេញរោគសញ្ញាសង្ស័យ។ ក្នុងរយៈពេលជាប់ពាក់ព័ន្ធ២ថ្ងៃ ដែលគាត់បានមកធ្វើការនោះ បុគ្គលិកផ្នែកសន្តិសុខដូចគ្នាចំនួន៩នាក់ទៀត ដែលមានការប្រាស្រ័យទំនាក់ទំនងជិតស្និទ្ធនៅនឹងកន្លែងការងារ ក៏បានធ្វើតេស្តដែរ តែលទ្ធផលនៅអវិជ្ជមានទាំងអស់ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក រហូតដល់បញ្ចប់ការស៊ើបអង្កេតស្វែងរកប្រភពពាក់ព័ន្ធ ទើបអ្នកទាំងនោះអាចមកបំពេញការងារបានវិញ។

នៅតាមកន្លែងដែលបុគ្គលិករកឃើញវិជ្ជមានកូវីដរូបនេះធ្វើការ និងបានប៉ះពាល់ អជ្ញាធរក៏បានធ្វើការបាញ់ថ្នាំលាងសម្អាតកម្ចាត់មេរោគផងដែរដើម្បីធានាមិនឱ្យមានហានិភ័យផ្ទុះឆ្លងជាចង្កោមបន្តបន្ទាប់ទៀតនៅនឹងទីតាំងព្រលានយន្តហោះអន្តជាតិផង ដែលមានមនុស្សធ្វើដំណើរឆ្លងកាត់ជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗនោះ។

ទោះជាមានការពាក់ព័ន្ធរកឃើញករណីវិជ្ជមានកូវីដបែបនេះក៏ដោយ ក៏ទីតាំងត្រួតពិនិត្យសន្តិសុខនៅនឹងព្រលានយន្តហោះនៅតែបន្តដំណើរការជាធម្មតា មិនមានការអាក់ខាននោះទេ បើតាមការជូនដំណឹងរបស់តំណាងព្រលានយន្តហោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *