សាធារណជនកូរ៉េផ្ទុះការមិនពេញចិត្ត ក្រោយឃើញរូបប៉ុន្មានសន្លឹកនេះ ពីកុមារតូចៗនៅចិន ៤ ទៅ៥ឆ្នាំមិនទាន់ស្រួលបួលផង ត្រូវហ្វឹកហាត់កីឡាយ៉ាងលំបាក គោលបំណងដើម្បីតែ …

កូរ៉េខាងត្បូង៖ ប្រទេសចិនដែលជាជើងខ្លាំងក្នុងចំណោមជើងខ្លាំង នាព្រឹត្តិការណ៍កីឡាពិភពលោក ដូចជាព្រឹត្តិការណ៍អូឡាំពិកជាដើមនោះ ត្រូវបានមតិសាធារណជនកូរ៉េខាងត្បូងហាក់បង្ហាញការមិនពេញចិត្តខ្លាំងចំពោះប្រទេសចិន ក្រោយពីរូបថតប៉ុន្មានសន្លឹក បង្ហាញពីកុមារចិនត្រូវធ្វើការហ្វឹកហាត់យ៉ាងលំបាកតាំងពីវ័យក្មេងមែនទែន មិនគួរឱ្យជឿ។

ចុះផ្សាយក្នុងសារព័ត៌មាន The Sun របស់អង់គ្លេសថ្មីៗនេះ និងត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានកូរ៉េខាងត្បូងទៀតនោះ បានលើកយកនូវរូបថតប៉ុន្មានសន្លឹកដែលគេអាចឃើញកុមារតូចៗ ខ្លះត្រឹម៤ ទៅ៦ឆ្នាំត្រូវធ្វើការហ្វឹកហាត់យ៉ាងលំបាក តោងបង្គោល ហើយក្នុងរូបភាពនោះមានឃើញក្មេងតូចៗទាំងនោះស្រក់ទឹកភ្នែកយំផងដែរ ដែលបង្កជាការដេញដោល និងបញ្ចេញមតិរិះគន់វិធីសាស្រ្តហ្វឹកហាត់កីឡារបស់អជ្ញាធរចិនថាអាចជាទំរង់មួយនៃការជិះជាន់កុមារដោយបង្ខំផងដែរ។

ជាក់ស្តែង ប្រទេសចិនតែងជាជើងខ្លាំងក្នុងវត្តមានចូលរួមព្រឹត្តិការណ៍កីឡាពិភពលោកធំៗ ដូចជាព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២០នៅទីក្រុងតូក្យ៉ូដែលទើបនឹងបញ្ចប់ថ្មីៗនេះជាដើម ដែលចិនទទួលបានមេដាដល់ទៅ៨៨គ្រឿង ហើយមានចំណាត់ថ្នាក់លេខ២ ក្រោយតែសហរដ្ឋអាម៉េរិកមួយប៉ុណ្ណោះ។ ប្រទេសចិនមានមេដាយមាស ៣៨គ្រឿង មេដាយប្រាក់ ៣២គ្រឿង និងមេដាយសំរឹទ្វិ ១៨គ្រឿង។

តាមពិតទៅ ប្រទេសចិនត្រូវបានគេដឹងថាជាប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា និងមានវិធីសាស្រ្តបង្វឹកទេពកោសល្យកីឡាករលើផ្នែកវិស័យកីឡានេះ ជាកម្រិតថ្នាក់ជាតិតែម្តង គឺដើម្បីត្រៀមខ្លួន និងលើកទឹកចិត្តក្នុងការចូលរួមប្រកួតកីឡាអន្តរជាតិអូឡាំពិកនេះជាដើម។ តែអ្វីដែលសារព័ត៌មានបរទេស បានលើកហេតុផលមកពន្យល់ពីការទទួលបានជោគជ័យក្នុងការបង្វឹកទេពកោសល្យកីឡាករខ្លួននោះ គឺដោយសារតែចិនតែងតែធ្វើការបង្វឹកកុមារត្រៀមខ្លួនក្នុងកីឡានោះ តាំងពីវ័យក្មេងមែនទែន ហើយវិធីសាស្រ្តក្នុងការហ្វឹកហាត់ក៏មានភាពលំបាកខ្លាំងសម្រាប់កុមារវ័យក្មេងទាំងនោះផងដែរ។

ក្នុងការចុះផ្សាយដោយសារព័ត៌មាន The Sun របស់អង់គ្លេសនេះ បានឱ្យដឹងថាជាទូទៅកុមារនៅចិនត្រូវធ្វើការហ្វឹកហាត់កម្រិតខ្លាំងដល់ទៅ៦ថ្ងៃក្នុងមួយសប្តាហ៍ ហើយភាគច្រើនក៏មានក្រុមគ្រួសារចិនមួយចំនួនធំ ដែលមានជីវភាពក្រីក្រ បានបញ្ជូនកូនតូចៗរបស់ខ្លួនឱ្យមកហ្វឹកហាត់កីឡាក្នុងគោលបំណងឱ្យកូនតូចរបស់ខ្លួន អាចទទួលបានភាពជោគជ័យក្នុងវិស័យនេះ ក្លាយជាតារាក្នុងវិស័យកីឡាជាដើម ដែលនឹងអាចជួយដល់ជីវភាពនៅពេលអនាគត។ ជាទូទៅ នៅនឹងទីតាំងហ្វឹកហាត់ វិន័យ និងការហ្វឹកហាត់មានការតឹងរ៉ឹងខ្លាំង ហើយការដាក់ពិន័យពេលមានកំហុស ក៏មានសភាពលំបាកខ្លាំងផងដែរ។

មានករណីមិនតិចនោះទេ ដែលមានអ្នកហ្វឹកហាត់កីឡានៅតាមទីតាំងហ្វឹកហាត់ខ្លាំងតឹងរ៉ឹងបែបនេះ តែជីវភាពមិនគ្រប់គ្រាន់ ហើយពេលដែលមានរបួស ឬក៏ឈប់ធ្វើការហ្វឹកហាត់ ពួកគេនឹងកាន់តែជួបបញ្ហាជីវភាពថែមទៀតផងដែរ។ បច្ចុប្បន្ននេះ នៅទូទាំងប្រទេសចិន រដ្ឋាភិបាលបានបង្កើតឱ្យមានសាលាហ្វឹកហាត់កីឡាដល់ទៅជាង២០០០ទីតាំង ហើយមានកុមារក្មេងៗដល់ជាងមួយម៉ឺននាក់ ត្រូវបានជ្រើសរើសយ៉ាងតឹងតែង ដើម្បីយកទៅបណ្តុះបង្ហាត់សមត្ថភាព និងទេពកោសល្យកីឡារបស់ពួកគេតាំងពីវ័យក្មេងទៅ។

 

Leave a Reply

Your email address will not be published. Required fields are marked *