កូរ៉េខាងត្បូង៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅកូរ៉េខាងត្បូងដល់ទៅជាង១១លាននាក់ នឹងត្រូវមានការខកខាន និងកែប្រែពេលវេលាកំណត់សម្រាប់ចាក់វ៉ាក់សាំងរបស់ខ្លួន ដោយសារតែបញ្ហាផ្គតផ្គង់វ៉ាក់សាំងយឺតយ៉ាវ មិនបានៅទៅតាមការគ្រោងទុករបស់អជ្ញាធរ នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក្នុងសារព័ត៌មាន Yonhap News ជាភាសាអង់គ្លេស។
កាលពីថ្ងៃចន្ទនេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានចេញសេចក្តីប្រកាសថាសម្រាប់អ្នកដែលត្រូវចាក់វ៉ាក់សាំងកូវីដដូសទី១ ជាប្រភេទវ៉ាក់សាំង mRNA រាប់ចាប់ពីថ្ងៃទី២៦ កក្កដានេះមក ត្រូវបង្កើនគម្លាតចន្លោះរវាងដូសទី១ និងដូសទី២ ដល់ទៅ៦សប្តាហ៍ ដែលមានន័យថាចាក់ទី១នូវកាលបរិច្ឆេទណាហើយ ត្រូវចាក់ដូសទី២រាប់ចាប់ពីកាលបរិច្ឆេទដូសទី១ ថែមដល់៦សប្តាហ៍ទៀត។ ការពន្យារនេះ គឺបង្កើនចន្លោះគម្លាតដែលធម្មតាមុននោះត្រូវការតែរយៈពេលគម្លាត ៤សប្តាហ៍ប៉ុណ្ណោះ។ ការកែសម្រួលនេះនឹងត្រូវអនុវត្តបណ្តោះអាសន្នរហូតដល់ខែក្រោយ។
ជាមួយនឹងការប្រកាសបែបនេះ មានន័យថានឹងមានមនុស្សដល់ទៅ ១១.៥៦លាននាក់ឯណោះ ដែលនឹងត្រូវធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទកំណត់ត្រៀមសំរាប់ចាក់វ៉ាក់សាំងកូវីដដូសទី២របស់ខ្លួន ហើយការជូនដំណឹងនឹងត្រូវផ្តល់ជូនដល់បុគ្គលនីមួយៗផ្ទាល់នៅថ្ងៃព្រហស្បត្តិ៍នេះតែម្តង។ ក្នុងនោះដែរ ក៏មានការតម្រូវឱ្យកែសម្រួលកាលបរិច្ឆេទចាក់ដូសទី២មួយចំនួនទៀតផងដែរ ដូចជាអ្នកដែលត្រូវចាក់វ៉ាក់សាំងកូវីដដូសទី២ ចំថ្ងៃឈប់សម្រាកបុណ្យឈូសុក ដែលនឹងចំថ្ងៃទី២០ ដល់ថ្ងៃទី២៣ កញ្ញានោះ នឹងត្រូវអជ្ញាធរកែសម្រួលកាលបរិច្ឆេទចាក់ដូសទី២ ទៅ៥ថ្ងៃមុនកាលកំណត់វិញ ដើម្បីសម្រួលមិនឱ្យមានបញ្ហាអាក់ខានក្នុងការចាក់វ៉ាក់សាំងនៅចំថ្ងៃឈប់សម្រាកជាតិ ដែលកន្លងមកមានការលើកជាចម្ងល់បន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា ការចេញសេចក្តីប្រកាសពន្យារពេលចាក់វ៉ាក់សាំងដូសទី២នេះ គឺត្រូវធ្វើឡើងក្រោយពីកូរ៉េខាងត្បូងមានការអាក់ខានយឺតយ៉ាវក្នុងការទទួលស្តុកវ៉ាក់សាំងកូវីដ Moderna ដល់ទៅជាង៤លានដូស ដោយសារតែក្រុមហ៊ុនមានបញ្ហាក្នុងដំណើរការផលិត ដែលនាំឱ្យវ៉ាក់សាំងគ្រោងផ្គត់ផ្គង់មកកូរ៉េខាងត្បូងដល់ទៅ៨.៥លានដូស គឺអាចផ្គត់ផ្គង់បានតែពាក់កណ្តាលសិនប៉ុណ្ណោះក្នុងខែសីហានេះ។ សូមបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងកូវីដទាំង៥ប្រភេទ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាទិញ គឺវ៉ាក់សាំងកូវីដ Moderna មានដល់ទៅ៤០លានដូសឯណោះ ដែលភាគច្រើនគ្រោងនឹងផ្គត់ផ្គង់ក្នុងអំឡុងឆមាសទី២នៃឆ្នាំ២០២១នេះ តែគិតដល់បច្ចុប្បន្ននេះទើបនឹងបានផ្គត់ផ្គង់ចំនួន២.៤៦លានដូសប៉ុណ្ណោះសម្រាប់ប្រទេសកូរ៉េខាងត្បូង។
បើតាមផែនការរដ្ឋាភិបាលកូរ៉េ គឺគ្រោងនឹងចាក់វ៉ាក់សាំងកូវីដដូសទី១ ឱ្យប្រជាជនឱ្យបានដល់ចំនួន៣៦លាននាក់ត្រឹមមុនបុណ្យឈូសុកកូរ៉េ គឺឱ្យបានដល់ទៅ ៧០%នៃចំនួនប្រជាជនសរុបក្នុងប្រទេសទាំងអស់ ហើយគ្រោងនឹងសម្រេចបង្កើតឱ្យបានជាប្រព័ន្ធភាពស៊ាំសហគមន៍ត្រឹមខែវិច្ឆិកាខាងមុខដែរ។ បញ្ហាអាក់ខានយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនេះ អាចនឹងធ្វើឱ្យមានការប៉ះពាល់ដល់ដំណើរការអនុវត្តការចាក់វ៉ាក់សាំង ដើម្បីសម្រេចឱ្យបានទៅតាមផែនការនេះ ខណៈដែលបច្ចុប្បន្នកូរ៉េខាងត្បូងមានការផ្ទុះករណីកូវីដកាន់តែខ្លាំង ហើយច្រើនមែនទែនផងដែរ។