ធ្ងន់ធ្ងរណាស់! កូរ៉េខាងត្បូងថ្ងៃនេះរកឃើញកូវីដ-១៩ ដល់ទៅលើស២០០០ករណី ដំបូងបង្អស់ហើយជាង២ឆ្នាំម​កនេះ ខណៈអជ្ញាធរថានឹងនៅតែអាចកើនបន្ថែមទៀត

កូរ៉េខាងត្បូង៖ ករណីកូវីដ-១៩នៅកូរ៉េខាងត្បូងថ្ងៃនេះ កើនឡើងច្រើនខ្លាំងមែនទែន តួលេខឡើងផុតដល់លើស២០០០ពាន់ករណីជាលើកដំបូងបង្អស់ហើយ ក្នុងរយៈពេល២ឆ្នាំជាងដែលកូរ៉េខាងត្បូងបានរងប៉ះពាល់ពីស្ថានការណ៍កូវីដនេះ ហើយក៏ជាការបារម្ភកាន់តែខ្លាំងមែនទែននៃរលកកូវីដផ្ទុះលើកទី៤នេះ ដែលមានស្ថានភាពាកាន់តែអាក្រក់ជាងរលកកូវីដផ្ទុះកន្លងៗមក។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅព្រឹកថ្ងៃពុធនេះបានឱ្យដឹងថា តួលេខឆ្លងថ្មីប្រចាំថ្ងៃកាលពីថ្ងៃអង្គារម្សិលមិញ ដែលគេប្រកាសនៅព្រឹកថ្ងៃពុធនេះបានកើនដល់ទៅ ២,២២៣ករណីទូទាំងប្រទេស ដែលក្នុងនោះករណីឆ្លងក្នុងស្រុកផ្ទាល់មានដល់ទៅ ២,១៤៥ករណី រីឯករណីឆ្លងនាំចូលមកពីខាងក្រៅមានដល់ទៅ ៧៨ករណី ដែលគិតត្រឹមថ្ងៃពុធនេះ តួលេខករណីកូវីដក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ២១៦,២១១ករណីហើយ។ ក្នុងនោះដែរ អ្នកដែលបាត់បង់ជីវិតដោយសារកូវីដមានដល់តែម្នាក់ប៉ុណ្ណោះ ដែលនាំឱ្យចំនួនតួលេខបាត់បង់ជីវិតសរុបកើនដល់២,១៣៥ករណី បើតាមការប្រកាសរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។

សូមបញ្ជក់ថា រួមទាំងករណីឆ្លងថ្ងៃនេះទៀត កូរ៉េខាខងត្បូងមានតួលេខកូវីដឆ្លងប្រចាំថ្ងៃលើសពី៤ខ្ទង់ គឺច្រើនជាង១០០០នាក់ជាប់ៗគ្នារយៈពេល៣៥ថ្ងៃហើយ។ សម្រាប់ករណីឆ្លងក្នុងស្រុកដល់ទៅ ២,១៤៥ករណីវិញ គឺមានដល់ទៅ៦៥% មានប្រភពមកពីទីក្រុងសេអ៊ូល ៦៥០ករណី និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគី ៦៤៨ករណី និងក្រុងអ៊ីនឆន់ ១០៧ករណី៊។ ហើយគេរកឃើញករណីឆ្លងជាចង្កោមបន្តបន្ទាប់ទាំងតូច ទាំងធំនៅតាមទីក្រុង និងខេត្តធំៗទាំងអស់របស់កូរ៉េខាងត្បូង ហើយអ្វីដែលគួរឱ្យបារម្ភដែរនោះ គឺតួលេខនៃការឆ្លងនៃមេរោគកូវីដបម្លែងខ្លួនដែលតាម មានការកើនឡើងខ្ពស់ដែរក្នុងចំណោមទីក្រុង និងខេត្តទូទាំងប្រទេស ដែលក្រៅពីក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគី។

អ្នកជំនាញសុខាភិបាលបានលើកឡើងថា តួលេខដែលកើនដល់លើស២០០០ករណីនេះ មិនទាន់បានបង្ហាញសញ្ញាថានឹងអាចបញ្ឈប់នៅត្រឹមនេះនោះទេ គឺមានន័យថានៅពេលប៉ុន្មានថ្ងៃ ប៉ុន្មានសប្តាហ៍ខាងមុខនេះ តួលេខនឹងអាចកើនឡើងខ្លាំងបន្ថែមទៀតផងដែរ។ បញ្ហាប្រឈមធំរបស់អជ្ញាធរសុខាភិបាលពេលនេះ គឺស្ថានការណ៍រីករាលដាលខ្លាំងនៃមេរោគកូវីដបម្លែងខ្លួនដែលតា ដែលមានប្រសិទ្ធភាពក្នុងការចម្លងខ្លាំងជាងមេរោគធម្មតា និងបានលឿនរហ័សជាងផងដែរ។ បើគិតត្រឹមពីថ្ងៃទី១ ដល់ថ្ងៃទី៧ សីហា គឺសប្តាហ៍ចុងក្រោយនេះ គេរកឃើញករណីកូវីដបម្លែងខ្លួនថ្មីដល់ទៅ២,៦៤១ករណី ដែលក្នុងនោះមានដល់ទៅ៩៦.៧% ឬចំនួន ២,៥៥៥ករណីជាមេរោគកូវីដបម្លែងខ្លួនដែលតានេះ។

ក្នុងនោះដែរ ស្ថានការណ៍នៃការចាក់វ៉ាក់សាំងក៏មានភាពរអាក់រអួលជាបន្តបន្ទាប់ ជាពិសេសចំពោះការយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរបស់ Moderna ចុងក្រោយគេនេះផងដែរ។ បញ្ហាប្រឈមមួយទៀតនោះ គឺក្នុងពេលរដូវក្តៅនេះ មនុស្សភាគច្រើនគឺសុទ្ធតែចង់ដើរកំសាន្ត និងជួបជុំគ្នាដែលជាហេតុនាំឱ្យហានិភ័យនៃជំងឺកូវីដកាន់តែកើនឡើងខ្លាំង ជាពិសេសគឺនៅពាក់កណ្តាលខែកញ្ញាខាងមុខ ពិធីបុណ្យឈូសុក ដែលជាបុណ្យឈប់សម្រាកទូទាំងប្រទេសកូរ៉េ នឹងមកដល់ផងដែរ។

គិតមកដល់ពេលនេះ ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ដែលជាទីប្រជុំជនក្រុងធំនោះកំពុងស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៤ហើយ ដែលមានការវិធានការរិតត្បិតសកម្មភាពជួបជុំនានាយ៉ាងតឹងតែង ហើយថ្ងៃអង្គារម្សិលមិញនេះ ក្រុងប៊ូសានដែលជាក្រុងឆ្នេរសមុទ្រកំសាន្តនោះក៏បានតម្លើងគម្លាតសង្គមដល់កម្រិត៤ផងដែរ ហើយបានប្រកាសផ្អាកដំណើរការឆ្នេរសមុទ្រទាំងអស់ក្នុងក្រុងរហូតដល់ថ្ងៃទី២២ សីហាខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ចំនួ​នអ្នកចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូងយ៉ាងហោច១ដូស គឺមានចំនួន ២១.៦៣លាននាក់ ហើយអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងស្រុងរួចរាល់នោះគឺមានដល់ទៅ ផងដែរ។ បើតាមការគ្រោងទុករបស់រដ្ឋាភិបាល គឺគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជននៅកូរ៉េខាងត្បូងឱ្យបាន១ដូស យ៉ាងហោចណាស់ដល់៣៦លាននាក់ ត្រឹមមុនពិធីបុណ្យឈូសុកកូរ៉េនាពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *