សង្វេគណាស់! បុរសកូរ៉េម្នាក់ធ្លាក់ខ្លួនអស់ផ្ទះ រស់ក្នុងឡានហាលក្តៅត្រជាក់តែឯង កំពុងចាំប្រាក់ឧបត្ថម្ភពីរដ្ឋ មិនទាន់បានផង បែរជាស្លាប់ក្នុងឡានទៅហើយ ដោយសារតែ ..

កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងម្នាក់អាយុ៥០ឆ្នាំជាង ត្រូវបានគេរកឃើញដេកបាត់បង់ជីវិតតែឯងនៅក្នុងឡានចាស់មួយរបស់គាត់ ចតចោលនៅនឹងផ្លូវតូចមួយនៅសេអ៊ូល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតតែឯង យ៉ាងកម្សត់បែបនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មានកូរ៉េ YTN News នៅថ្ងៃអង្គារម្សិលមិញនេះ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ករណីនេះត្រូវបានរាយការណ៍ដោយអ្នករស់នៅក្បែរខាងកន្លែងកើតហេតុនោះ ដែលបានមកមើលឡាននោះ និងឃើញបុរសជាម្ចាស់ឡានដេកតែម្នាក់ឯង បាតបងជីវិតទៅហើយ។ នៅពេលកើតហេតុនោះ គឺគេឃើញបុរសជាម្ចាស់ឡានដែលបានបាត់បង់ជីវិតនោះក្នុងសភាពកំពុងដេកលង់លក់ គ្របភួយ និងពំនូកខោអាវនៅកៅអីខាងក្រោយឡាន ហើយឃើញមានពំនូកសំរាមគរចោលនៅខាងមុខឡានក្រោយពីបានញ៉ាំអាហាររួច។

បុរសចំណាស់នេះត្រូវបានគេរាយការណ៍មកថាបានយកឡានកញ្ចាស់របស់ខ្លួននេះ មកធ្វើជាផ្ទះសំបែងជ្រកកោនអស់ជាច្រើនខែមកហើយតាំងពីខែរងារ ឆ្នាំមុនមកម្លេះ ចាប់តាំងពីអាផាតមិនរបស់គាត់ត្រូវបានគេដេញថ្លៃ បែបសងបំណុល។ បុរសនេះត្រូវបានគេដឹងថាតែងតែដេក រស់នៅ ញ៉ាំម្ហូបនៅក្នុងឡាននោះ ដោយចាត់ទុកជាផ្ទះរបស់ខ្លួនតែម្តង ហើយពេលដែលត្រូវការងូតទឹកគឺទៅងូតនៅនឹងបន្ទប់ទឹកសាធារណៈនៅតំបន់នោះ ហើយយូរៗម្តងទៅស្នាក់នៅកន្លែងសូណា ដែលជាទីតាំងអាចសម្រាក និងងូតទឹកជាសហគមន៍បែបកូរ៉េ។

បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច បុរសរូបនេះកាលពីខែមិថុនាកន្លងទៅ បានកំពុងដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភពីរដ្ឋសម្រាប់ទំនុកបំរុងជីវភាព (기초생활보장) ហើយខាងអជ្ញាធរកំពុងធ្វើការពិនិត្យលើការស្នើសុំរបស់គាត់ហើយមិនទាន់បានចេញលទ្ធផលនៅឡើយនោះទេ។ បើតាមការបញ្ជាករបស់អជ្ញាធរមូលដ្ឋានឱ្យដឹងថា កន្លងមកនៅខែមិថុនា និងខែកក្កដានេះ ខាងមូលដ្ឋានបានជួយទំនុកបម្រុងគាត់ប្រាក់ចំណាយសម្រាប់ករណីខ្វះខាតខ្លាំងដូចគាត់ដល់ទៅ ៤៧ម៉ឺនវ៉ុន មួយខែម្តងៗសម្រាប់អាចចាយវាយបណ្តោះអាសន្ន ពេលដែលរដ្ឋាភិបាលកំពុងពិនិត្យលើពាក្យស្នើសុំជំនួយរបស់គាត់ តែចុងក្រោយលទ្ធផលមិនទាន់ចេញផង គាត់បានបាត់បង់ជីវិតមុនទៅហើយ។ កន្លងមកគាត់ក៏ធ្លាប់ត្រូវបានឱ្យទៅស្នាក់នៅក្នុងបន្ទប់ជួល ហ្គូស៊ីវ៉ុន ផងដែរ ដែលជាប្រភេទបន្ទប់តូចៗចង្អៀត ជាទូទៅគេជួលសម្រាប់អ្នកស្នាក់នៅដោយមានតម្លៃថោក តែបុរសខាងលើនេះបដិសេធមិនព្រមទៅស្នាក់នៅ។

ក្រោយពីបានធ្វើការកោសលវិច្ច័យលើសាកសព សមត្ថកិច្ចកំណត់ថាគាត់អាចនឹងបាត់បង់ជីវិតដោយសារតែស្ថានភាពជំងឺប្រចាំកាយធ្ងន់ធ្ងរ អាចជាបញ្ហារលាកថ្លើម រួមជាមួយការស្នាក់នៅក្នុងឡានក្រោមកម្តៅថ្ងៃក្តៅខ្លាំងដែលរួមចំណែកធ្វើឱ្យស្ថានភាពរបស់គាត់កាន់តែដុនដាបផងដែរ ហើយក្រោយពីបានបញ្ចប់ការពិនិត្យ សមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *