មិនគួរឱ្យជឿ! បុរសម្នាក់នៅជេជូទិញទូរទឹកកកតាមអនឡាញ ស្រាប់តែរកឃើញកញ្ចប់លុយជាង ១០០លានវ៉ុននៅជាប់ក្រោមទូរទឹកកក ក៏សម្រេចចិត្តប្តឹងប៉ូលិស ចុងក្រោយ…

កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងម្នាក់កុម្មង់ទិញទូរទឹកកកតាមអនឡាញ​ថ្មីៗនេះ ស្រាប់តែពេលដឹកមកដល់រកឃើញមានលុយទាំងដុំដល់ជាង១០០លានវ៉ុនចងជាប់នៅនឹងទូរទឹកកក ក៏សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Allkpop របស់កូរ៉េនៅថ្ងៃអង្គារម្សិលមិញនេះ។

បើតាមការចុះផ្សាយ ករណីក៏សំណាងផង និងចម្លែកផងនេះបានកើតឡើងនៅលើកោះជេជូ ប្រទេសកូរ៉េ ដោយបុរសម្នាក់នេះ​បានធ្វើការបញ្ជាទិញតាមអនឡាញទូទឹកកកសម្រាប់ដាក់គីមឈីធម្មតាមួយគ្រឿងសោះ ស្រាប់តែពេលដឹកមកដល់ ម្ចាស់ទូរទឹកកកមានការភ្ញាក់ផ្អើលដោយបានរកឃើញថាថង់ផ្លាស្ទិកចង់ភ្ជាប់នៅនឹងបាតខាងក្រោមទូរទឹកកក ដែលក្នុងនោះមានសុទ្ធតែក្រដាសលុយកូរ៉េ ក្រដាស ៥ម៉ឺនវ៉ុន ទាំងអស់ដល់ទៅ ២២០០សន្លឹកដែលសរុបទៅស្មើនឹង១១០លានវ៉ុន​ឯណោះ (ប្រមាណ ១០ម៉ឺនដុល្លារ)។ លុយទាំងនេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច គឺមិនមែនជាលុយថ្មីនោះទេ តែជាលុយដែលធ្លាប់បានប្រើប្រាស់រួចហើយ។

ករណីនេះកើតឡើងកាលពីថ្ងៃទី៦ សីហា ២០២១នេះ ក្រោយពីបុរសដែលបានទិញចំទូរទឹកកកចម្លែកនេះសម្រេចចិត្តរាយការណ៍រឿងហេតុនេះទៅសមត្ថកិច្ច ដើម្បីអាចឱ្យសមត្ថកិច្ចអាចស្វែងរកប្រភពដើមនៃកញ្ចប់លុយដ៏ច្រើននេះវិញ។ សមត្ថកិច្ចបញ្ជាក់ថានឹងធ្វើការស៊ើបអង្កេតទៅកាន់ម្ចាស់អ្នកលក់ដើម និងក្រុមហ៊ុនដើម្បីអាចត្រួសត្រាយផ្លូវរកម្ចាស់លុយពិតប្រាកដឱ្យបានឃើញ ឬដើម្បីរកឃើញថាលុយនេះជាលុយល្អ ឬលុយកង្វក់ដែលមានពាក់ព័ន្ធនឹងបទឧក្រឹដ្ឋណាមួយឬអត់។ ក្នុងករណីនេះ សមត្ថកិច្ចបានដកហូតកញ្ចប់លុយដល់ទៅ១១០លានវ៉ុននេះទៅទុកសិន ដើម្បីធ្វើការស៊ើបអង្កេតបន្ត។

បើតាមច្បាប់កូរ៉េស្តីពីវត្ថុដែលបាត់រកម្ចាស់មិនឃើញ សម្រាប់ករណីដូចគ្នានេះ គឺលុយនឹងត្រូវប្រគល់ជូនទៅអ្នកដែលរើសបាន ដែលក្នុងករណីនេះគឺបុរសអ្នកដែលបានទិញទូរទឹកកកនេះ ប្រសិនបើលុយនេះមិនត្រូវបានមកទាមទារយកពីម្ចាស់លុយដើមវិញនោះទេ។ តែក្នុងករណីនេះ ម្ចាស់ទូរទឹកកកដែលរើសបានលុយដល់ជាង១១០លានវ៉ុននេះ ត្រូវបង់ពន្ធជូនរដ្ឋ២២% នៃទឹកប្រាក់សរុប។ តែបើក្នុងករណីដែលគេរកឃើញម្ចាស់លុយដើមវិញនោះ គេនឹងប្រគល់លុយទៅម្ចាស់ដើមវិញ តែមានលក្ខខណ្ឌអាចកាត់ចំណែកនៃលុយនេះពី ៥% ដល់ទៅ ២០% សម្រាប់អ្នកដែលរើសបាន។ តែយ៉ាងណាមិញ ប្រសិនបើការសើបអង្កេតរកឃើញថាលុយនេះមានប្រភពពាក់ព័ន្ធនឹងបទឧក្រឹដ្ឋវិញនោះ លុយទាំងអស់នឹងត្រូវដកហូតចូលរដ្ឋតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *