ត្រឹម១សប្តាហ៍មុននេះ កូរ៉េខាងត្បូងរកឃើញកូវីដបម្លែងខ្លួន ដល់ទៅជិត៣០០០ករណី ភាគច្រើនសុទ្ធតែប្រភេទឆ្លងសាហាវ «ដែលតា» ខណៈតួលេខសរុបលើស១ម៉ឺនករណីហើយ

កូរ៉េខាងត្បូង៖ ករណីមេរោគកូវីដបម្លែងខ្លួនថ្មីនៅកូរ៉េខាងត្បូង ត្រឹមពីសប្តាហ៍មុនរកឃើញដល់ទៅជិត៣០០០ករណីឯណោះ ដែលគិតសរុបមកដល់ពេលនេះរកឃើញដល់លើស ១ម៉ឺនករណីហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះភាគច្រើនជាងគេគឺមេរោគកូវីដបម្លែងខ្លួនប្រភេទដែលតា នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអង្គារនេះ។

បើតាមតួលេខចុងក្រោយចេញដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) បានឱ្យដឹងថាតួលេខនៃករណីឆ្លងកូវីដ ដែលជាមេរោគកូវីដបម្លែងខ្លួនថ្មីពេលនេះកើនដល់ទៅ ១០,៧៦៦ករណីហើយ ដែលក្នុងនោះមានមេរោគកូវីដបម្លែងខ្លួនដល់ទៅ៤ប្រភេទផ្សេងៗគ្នា ហើយប្រភេទកូវីដបម្លែងខ្លួនថ្មី ដែលតា មានច្រើនជាងគេដល់ទៅ ៧,៤៦៧ករណីឯណោះ។ ក្នុងចំណោមមេរោគកូវីដបម្លែងខ្លួនថ្មីនេះ មានដល់ទៅជាង ២,៦៤១ករណី ត្រូវបានអជ្ញាធរកំណត់រកឃើញកាលពីសប្តាហ៍មុនតែមួយប៉ុណ្ណោះ ដែលក្នុងនោះមានមេរោគកូវីដដែលតាដល់ទៅ៧៣.១%ផងដែរ។

តួលេខនេះបើតាមការបញ្ជាក់របស់អជ្ញាធរ អាចជាមូលហេតុប្រឈមចម្បងដែលនាំឱ្យអជ្ញាធរមានការលំបាកក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃស្ថានការណ៍កូវីដ ក្នុងអំឡុងរលកទី៤នៃជំងឺកូវីដដែលកំពុងតែផ្ទុះនាពេលបច្ចុប្បន្ននេះ។ ហើយមេរោគកូវីដដែលតានេះហើយ ដែលចុងក្រោយនេះបានឆ្លងរាលដាលលឿន និងខ្លាំងនៅតាមទីប្រជុំជនសេអ៊ូល និងតំបន់ជុំវិញៗនោះដែលមានករណីឆ្លងកូវីដពី៣០០ ទៅ៤០០ ឬលើសច្រើនជាងនេះសឹងតែមួយខែពេញមកហើយ ខណៈដែលតំបន់ផ្សេងៗទៀតទូទាំងប្រទេសក៏កំពុងតែមានការចម្លងកូវីដលឿនគួរឱ្យបារម្ភផងដែរ។

អជ្ញាធរក៏បានបញ្ជាក់ផងដែរ ប្រទេសកូរ៉េខាងត្បូងអាចនឹងមានវត្តមានចម្លងរាលដាលនៃមេរោគកូវីដប្រភេទបម្លែងខ្លួននេះកាន់តែច្រើនបន្ថែមទៀត ដែលនេះអាចនឹងជាបញ្ហាប្រឈមធំសម្រាប់ដំណើរការទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ ជាពិសេសក្នុងខណៈពេលដែលបច្ចុប្បន្នដំណើរការចាក់វ៉ាក់សាំងកំពុងតែមានសភាពយឺតយ៉ាវផងដែរនោះ។ ចំពោះបញ្ហានេះ អជ្ញាធរបានបញ្ជាក់ថា នឹងព្យាយាមបង្កើនការធ្វើបន្ថែមទៅលើសំណាកអ្នកជំងឺកូវីដដើម្បីបន្តស្វែងរកថាតើមានមេរោគកូវីដបម្លែងខ្លួនថ្មីឬយ៉ាងណា ដើម្បីអាចដាក់ចេញវិធានការឆ្លើយតបឱ្យបានសមស្រប និងជាក់ស្តែងទាន់ពេលវេលា។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃអង្គារនេះ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដសរុបដល់ទៅ ២១៣,៩៨៨ករណីហើយ ខណៈដែលតួលេខឆ្លងប្រចាំថ្ងៃបច្ចុប្បន្នគឺនៅលើស១០០០ករណីរាល់ថ្ងៃ រីឯចំនួនអ្នកចាក់វ៉ាក់សាំងកូវីដវិញមានដល់ទៅជាង ២១.៣៧លាននាក់ហើយ ដែលគេរំពឹងថាប្រជាជនទូទៅអាយុពី១៩ ដល់៤៩ឆ្នាំនឹងចាប់ផ្តើមអាចចាក់វ៉ាក់សាំងនាពេលខាងមុខនេះហើយ ខណៈដែលឥឡូវនេះកំពុងអនុវត្តនីតិវិធីចុះឈ្មោះសិន។

ក្នុងនោះដែរ ចំពោះវត្តមាននៃមេរោគកូវីដបម្លែងខ្លួន ដែលតា ដែលមានប្រភពពីឥណ្ឌានេះ អជ្ញាធរកូរ៉េខាងត្បូងបានដាក់ចេញវិធានការតម្រូវឱ្យអ្នកធ្វើដំណើរចូលមកកូរ៉េ ដែលមកពីប្រទេសឥណ្ឌាត្រូវធ្វើចត្តាឡីស័កជាកាតព្វកិច្ចនៅនឹងទីតាំងរដ្ឋាភិបាលកូរ៉េកំណត់ឱ្យរយៈពេល ៧ថ្ងៃសិន ទើបអាចទៅធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល៧ថ្ងៃបន្ទាប់ទៀត ខណៈដែលអំឡុងពេលនោះ ត្រូវធ្វើតេស្តកូវីដបន្តបន្ទាប់ទៅតាមការណែនាំរបស់អជ្ញាធរសុខាភិបាល។

 

 

Leave a Reply

Your email address will not be published. Required fields are marked *