កិត្តិយសណាស់! នៅជប៉ុន ក្រុមបាល់ទាល់លីកកំពូល២នេះរៀបចំការប្រកួតពិសេសដាក់ឈ្មោះ “ទិវាកម្ពុជា” ដើម្បផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ទស្សនិកជនខ្លួនរាប់ពាន់នាក់

ជប៉ុន៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនជប៉ុន ក្រុមបាល់ទាត់ជប៉ុន២ ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលជប៉ុន J-League បានរៀបចំការប្រកួតពិសេសរបស់ខ្លួនដាក់ឈ្មោះថាជា “ថ្ងៃកម្ពុជា” ឬ”Cambodia Day’s” ដើម្បីអាចផ្សព្វផ្សាយពីប្រទេសកម្ពុជាដល់អ្នកគាំទ្រជាទស្សនិកជនជប៉ុនរាប់ពាន់នាក់ នេះបើតាមការចែករំលែករបស់ទីប្រឹក្សាពលករប្រចាំស្ថានទូតកម្ពុជានៅប្រទេសជប៉ុន។

ក្នុងការចែករំលែកនោះ លោក សាម៉េន សុខា ជាទីប្រឹក្សាពលករប្រចាំស្ថានទូតកម្ពុជានៅប្រទេសជប៉ុន បានបញ្ជាក់ថានេះជាលើកទី ១ហើយ ដែលបានចូលរួមទស្សនាការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលជប៉ុន J-League រវាង Shimizu S-Pulse vs Yokohama F. Marinos នៅខេត្ត Shizuoka។ អ្វីដែលពិសេសជាងគេនោះ គឺការប្រកួតនេះត្រូវបានប្រសិទ្ធិនាមថាជាការប្រកួត “ទិវាកម្ពុជា ឬ Cambodia Day” ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រទេសកម្ពុជាអោយកាន់តែសុះសាយ និងទូលំទូលាយនៅប្រទេសជប៉ុន ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា ជាអ្នកឧបត្ថម្ភការប្រកួតកីឡាបាល់ទាត់រវាងក្រុម S-Pulse និង Yokohama នៃលីគកំពូលជប៉ុន (Japan League)។

ក្នុងការប្រកួតរវាងក្រុមបាល់ទាត់ជប៉ុនទាំង២នៅក្នុងក្របខណ្ឌបាល់ទាត់កំពូលជប៉ុននេះ  ក្រុមការងារស្ថានទូតកម្ពុជាបានចូលរួមពិធីបើកការប្រកួត ហើយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត។ ឯកឧត្ដម IMAMURA Masahiro សមាជិកសភាជប៉ុន និងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជាក៏បានអញ្ជើញក្នុងពិធីនេះដែរ ។

គេឃើញមានផ្ទាំងផ្សព្វផ្សាយទាំងអស់មានភ្ជាប់ជាមួយពាក្យថា “Cambodia-Kingdom of Wonder” និងមានផងដែរនៅលើខោអាវកីឡាករ បាល់ទាត់ (ជើងខោផ្នែកខាងឆ្វេង) របស់ក្លិប Shimizu S-Pulse និងនៅលើសំភារៈប្រើប្រាស់មួយចំនួនផងដែរ។ ទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder ។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្តអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជាអោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា ក្រោមភ្នែករបស់ទស្សនិកជនចំនួនជាង ៨០០០ នាក់ (កៅអីទស្សនាសរុបចំនួន ១០,០០០)។ ជាលទ្ធផលការប្រកួតគឺ ២-២។

បើតាមការចែករំលែករបស់លោកទីប្រឹក្សាពលករ នេះជានយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុនក្នុងកិច្ចសហការជាមួយរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនជប៉ុនដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជាយើង ហើយក៏មានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងក្រុមការងារនៃស្ថានទូតកម្ពុជានៅជប៉ុនផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *