ពលករបរទេសនៅកូរ៉េ រងហានិភ័យដោយគ្រោះថ្នាក់ការងារច្រើនជាងពលករកូរ៉េ ខណៈអ្នកជំនាញកូរ៉េទាមទារឱ្យរដ្ឋ និងថៅកែកូរ៉េ កែលម្អបញ្ហាធំៗ៤នេះ ដើម្បីធានាសុវត្ថិភាពជូនពលករបរទេសបាន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៩ កក្កដាថ្មីៗនេះ ពលករបរទេសនៅកូរ៉េជនជាតិអ៊ុយបែកគីស្ថានម្នាក់អាយុ២៤ឆ្នាំ ធ្វើការនៅរោងចក្របំផ្លាញកាកសំណល់នៅផូឆុន បានបាត់បង់ជីវិតនៅក្នុងឧប្បដិវហេតុគាបជាប់ក្នុងម៉ាស៊ីន ហើយនៅក្នុងកក្កដាថ្មីៗចុងក្រោយនេះដែរ មានពលករបរទេសជនជាតិស្រីលង្ការម្នាក់ទៀត អាយុ៣៣ឆ្នាំធ្វើការនៅរោងចក្រផលិតផ្លាស្ទិកមួយនៅហ្វាសុង បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារដែរ។

ករណីទាំង២នេះ គ្រាន់ជាផ្នែកតូចមួយនៃករណីជនរងគ្រោះជាពលករបរទេសដែលធ្វើការនៅក្នុងប្រទេសកូរ៉េ ដែលបានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ការងារបណ្តាលឱ្យបាត់បង់ជីវិតដ៏គួរឱ្យសោកស្តាយជាច្រើនមកនោះ។ សមាជិកសភាកូរ៉េខាងត្បូងលោកស្រី កាំង អ៊ុនមី (Kang Eun-mi) បានទាញយកទិន្នន័យពីក្រសួងការងារកូរ៉េ ហើយយកលើកឡើងជាសាធារណៈថា ក្នុងចន្លោះ១៨ខែចុងក្រោយ ពីខែមករាឆ្នាំ២០២០ ដល់ខែមិថុនា២០២១ចុងក្រោយនេះ មានអ្នករងគ្រោះដោយសារតែគ្រោះថ្នាក់ការងារនៅកូរ៉េខាងត្បូងដល់ទៅ ១១១៣នាក់ ដែលក្នុងនោះមាន ១៣៥នាក់ឯណោះជាពលករបរទេស ដែលស្មើនឹង១២.‌១% នៃចំនួនករណីរងគ្រោះទាំងអស់។

ជនរងគ្រោះពីគ្រោះថ្នាក់ការងារដល់បាត់បង់ជីវិត ជាពលករបរទេសត្រឹមតែ១២.១% ក្នុងចំណោម១០០% មើលទៅហាក់ដូចជាតួលេខតិចតួច តែជាក់ស្តែងបើប្រៀបចំនួនពលករបរទេសទៅនឹងចំនួនពលករ ឬកម្មករជនជាតិកូរ៉េខាងត្បូងផ្ទាល់ គឺមានពលករបរទេសត្រឹមតែ៣.៩% នៃចំនួនកម្មករទូទាំងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ ដូចនេះតួលេខគ្រោះថ្នាក់បាត់បង់ជីវិតដល់ទៅ ១២.១% គឺជាតួលេខខ្ពស់ជាងកម្មករកូរ៉េខាងត្បូងដល់ទៅ៣ដងឯណោះ មានន័យថាអត្រាពលករបរទេសដែលរងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរដល់បាត់បង់ជីវិត គឺខ្ពស់ជាងដល់ទៅ៣ដងឯណោះ ធៀបនឹងកម្មករកូរ៉េទាំងអស់។

លោកស្រីសមាជិកសភា កាំង បានថ្លែងថា «ពលករបរទេសគឺប្រឈមទៅនឹងគ្រោះថ្នាក់ការងារច្រើនជាង ដោយសារតែភាគច្រើនពលករបរទេសត្រូវបានជួលឱ្យធ្វើការនៅឧស្សាហកម្ម ឬកន្លែងការងារដែលភាគច្រើនកម្មករក្នុងស្រុកមិនចង់ធ្វើ ដូចជាវិស័យកសិកម្ម វិស័យនេសាទ ឬការងារក្នុងវិស័យដែលមានភាពប្រឡូកប្រឡាក់ គ្រោះថ្នាក់ ឬពិបាក ដែលគេហៅពាក្យបច្ចេកទេសថាវិស័យ 3Ds»។ លោកស្រីបានបន្តលើកឡើងទៀតថា បញ្ហាប្រឈមធំមួយទៀតដែលពលករបរទេសភាគច្រើនជួបប្រទះ គឺ មានពលករបរទេសជាច្រើនជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយដូចនេះពួកគេមិនមានធានារ៉ាប់រងការងារស្របច្បាប់នោះទេ ដែលធ្វើឱ្យពួកគេមិនអាចទទួលបានការព្យាបាលពេញលេញ ឬអាចដាក់ពាក្យបណ្តឹងការងារក្នុងករណីមានគ្រោះថ្នាក់ការងារ បានដោយងាយស្រួលនោះទេដោយសារតែទិដ្ឋភាពផ្លូវច្បាប់ជាបញ្ហាប្រឈមដែលរារាំងពួកគេ។ ដូចនេះ តថភាពជាក់ស្តែងសម្រាប់ពលករបរទេសគឺកាន់តែមានភាពអាក្រក់ខ្លាំងមែនទែន។

ចំពោះករណីនេះដែរ អ្នកជំនាញលើវិស័យការងារកូរ៉េលោកសាស្រ្តាចារ្យនៅសាកលវិទ្យាល័យឈុងប៊ុក បានលើកឡើងផងដែរថា គ្រោះថ្នាក់ការងារកើតមានឡើងច្រើនចំពោះពលករបរទេសដែលទើបនឹងមកដល់ថ្មី ដែលមិនសូវដឹងពីបែបបទការងារនៅនឹងកន្លែងធ្វើការ ព្រមទាំងមិនសូវចេះភាសាកូរ៉េស្ទាត់ជំនាញផងនោះ ដូចនេះទាំងរដ្ឋាភិបាលកូរ៉េ និងនិយោជកជាថៅកែព្យាយាមដោះស្រាយបញ្ហាចន្លោះប្រហោងនៃសុវត្ថិភាពទីតាំងការងារ និងធានាថាអ្នកដែលមានបញ្ហាដោយសារគ្រោះថ្នាក់ការងារអាចទទួលបានការព្យាបាល និងសំណងឱ្យបានសមស្រប។

បញ្ហារើសអើងចំពោះពលករបរទេសនៅតាមទីតាំងការងារ ក៏អាចជាកត្តាជម្រុញឱ្យពួកគាត់ងាយនឹងរងគ្រោះដោយសារតែគ្រោះថ្នាក់ការងារជាយថាហេតុផងដែរ។ ជាក់ស្តែងនៅតាមទីតាំងកន្លែងការងារមួយចំនួន សម្ភារៈបច្ចេកទេសសុវត្ថិភាពដូចជាមួកការពារ ម៉ាស់ជាដើម ត្រូវបានផ្តល់ជូនដោយរើសអើងចំពោះពលករបរទេស ដូចនេះអ្នកជំនាញខាងលើក៏បានទាមទារឱ្យបណ្តាថៅកែ និយោជកយកចិត្តទុកដាក់បំផុត និងធានាការអនុវត្តវិធានការការពារសុវត្ថិភាពនានានៅតាមទីតាំងការងារមានគ្រប់គ្រាន់ និងមិនមានការរើសអើង។

Leave a Reply

Your email address will not be published. Required fields are marked *