ប្រយ័ត្នផង! ឥទ្ធិពលព្យុះលូពីត បង្កជាការជន់លិចតាមតំបន់មួយចំនួនភាគកើតប្រទេសកូរ៉េ ខណៈភ្លៀង និងរលកធំៗ នឹងអាចបន្តមាននៅហ្គាងវ៉ុន ប៊ូសាន និងកោះជេជូ ដល់រសៀលថ្ងៃចន្ទនេះ

កូរ៉េខាងត្បូង៖ ព្យុះត្រូពិកថ្មី “លូពីត – Lupit” ដែលថ្ងៃនេះបានកំពុងបោកបក់ និងនាំយកមកជាមួយនូវទឹកភ្លៀង និងខ្យល់ខ្លាំងៗនៅតាមឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងត្បូងនោះ បានបង្កជាជំនន់ទឹកភ្លៀងនៅតាមផ្នែកមួយចំនួននៃខេត្តហ្គាងវ៉ុនហើយ និងផ្នែកខ្លះទៀតនៃក្រុងប៊ូសានផងដែរ នេះបើតាមការបញ្ជាក់របស់អជ្ញាធរនៅថ្ងៃចន្ទព្រឹកនេះ។

តាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ឆ្នេរភាគខាងកើតនៅក្រុងសុខឆូ (속초) នាខេត្តហ្គាងវ៉ុនមានភ្លៀងធ្លាក់ខ្លាំងដល់ទៅ ៦៧.៥មីលីម៉ែត្រក្នុងមួយ​ម៉ោងកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ដែលជាហេតុបណ្តាលឱ្យទឹកជន់លិចផ្ទះប្រជាជនអស់ដល់ទៅ២៦ខ្នង លិចលង់ហាងទំនិញមួយកន្លែង និងលិចផ្លូវនៅក្នុងក្រុងមួយផងដែរ។ បើតាមការបញ្ជាក់របស់អជ្ញាធរក្រុងសុកឆូ នៅព្រឹកថ្ងៃចន្ទនេះនឹងមានការចុះទៅពិនិត្យការខូចខាតដោយសារតែជំនន់ទឹកភ្លៀង ក្រោមឥទ្ធិពលនៃព្យុះត្រូពិកនេះ ដើម្បីធ្វើការវាស់វែងកម្រិតខូចខាតនៅក្នុងក្រុងនោះ។

ចំណែកឯនៅតំបន់ហ្គូសុង (고성군) នៅភាគខាងជើងក្រុងសុកឆូ នាខេត្តហ្គាងវ៉ុនដដែលនេះ ក៏មានការកឡើងជាទឹកជន់លិចតាមដងផ្លូវផងដែរ ហើយមានករណីឡានមួយគ្រឿង ដែលក្នុងនោះមានអ្នកធ្វើដំណើរដល់ទៅ៥នាក់ ត្រូវបានជាប់នៅក្នុងឡាននោះដែលទៅមុខមិនរួចដោយសារតែទឹកបុកមកជន់លិចលើដងផ្លូវមួយកន្លែង។ ករណីនេះក៏ត្រូវបានក្រុមការងារសង្គ្រោះចេញបេសកកម្មជួយសង្គ្រោះរួចរាល់ហើយដែរ។ នៅតំបន់ហ្គូសុងនេះ ទទួលទឹកភ្លៀងដល់ទៅ១៣១មីលីម៉ែត្រ ខណៈក្រុងកាំងនឹងនៃខេត្តហ្គាងវ៉ុនដែលនៅក្បែរនោះដែរ ទទួលទឹកភ្លៀងដល់ទៅ១៧១.៦មីលីម៉ែត្រផងដែរ ចន្លោះពីថ្ងៃអាទិត្យ ដល់ព្រឹកថ្ងៃចន្ទនេះ។

តំបន់ទាំងបីខាងលើនៃខេត្តហ្គាងវ៉ុននេះ សុទ្ធតែត្រូវបានអជ្ញាធរចេញប្រកាសព្រមានពីភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាគ្រោះទឹកជំនន់ជាយថាហេតុផងដែរ។ ខេត្តហ្គាងវ៉ុនក៏បានហាមឃាត់មិនឱ្យប្រជាជនធ្វើដំណើរកំសាន្តឡើងភ្នំតាមផ្លូវឡើងភ្នំ នៅតាមសួនជាតិធំៗនោះទេ និងថែមទាំងបានចេញសេចក្តីព្រមានអ្នកទេសចរណ៍ចំពោះការទៅកំសាន្តលេងនៅតាមតំបន់ជ្រលងភ្នំ និងតាមឆ្នេរសមុទ្រផងដែរ។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងព្យាករណ៍ថាយ៉ាងហោចណាស់ ភ្លៀងនឹងបន្តធ្លាក់ខ្លាមងដល់៨០មីលីម៉ែត្រ នៅតាមឆ្នេរខាងកើតប្រទេសកូរ៉េខាងត្បូងរហូតដល់រសៀលថ្ងៃចន្ទនេះ ហើយបន្តជូនដំណឹងឱ្យប្រជាជននៅតំបន់ខាងលើមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ចំណែកឯនៅក្រុងប៊ូសានឯណោះវិញ ក៏មានការរាយការណ៍ពីករណីជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញដែរ។ កោះជេជូក៏មានការចេញសេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកសមុទ្រធំៗ ដែលអាចមានកម្ពស់ពី១.៥ ដល់៤ម៉ែត្រផងដែរ ហើយនិងអាចមានខ្យល់ខ្លាំងល្បឿនពី៩ ដល់១៦ម៉ែត្រក្នុងមួយវិនាទីផងដែរ។

សូមបញ្ជាក់ថា ព្យុះត្រូពិក “លូពីត – Lupit” នេះនឹងបោកបក់ធ្វើដំណើរកាត់តាមសមុទ្រក្បែរប្រទេសកូរ៉េ ដែលនាំឱ្យជះឥទ្ធិពលមានជាភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងតាមតំបន់ឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េ តែមិនបោកបក់មកលើឧបទ្វីបកូរ៉េដោយផ្ទាល់នោះទេ ហើយនឹងផុតហួសទៅដល់ប្រទេសជប៉ុនបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *