កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េប្រកាសពីករណីបាត់បង់ជីវិតមួយទៀតនៅកោះជេជូ ដែលបានកើតឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដរួច ដែលនេះអាចជាករណីថ្មីទៀតជាប់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដតម្រូវឱ្យមានការស៊ើបអង្កេតបន្ទាប់ពីសំណាក់អជ្ញាធរ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News កាលពីថ្ងៃអាទិត្យម្សិលមិញ។
បើតាមព័ត៌មានបានឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតនេះគឺនៅកោះជេជូ និងជាបុរសមានអាយុ២០ឆ្នាំជាង ហើយបានបាត់បង់ជីវិតកាលពីថ្ងៃទី៧ សីហា ម្សិលមិញនេះក្រោយពីបានរកឃើញថាមានអាការៈកកដុំឈាម ហើយត្រូវបានបញ្ជូនមកមន្ទីរពេទ្យព្យាបាល តែមិនអាចជួយសង្គ្រោះបាន។ បើតាមការបញ្ជាក់របស់អជ្ញាធរ បុរសខាងលើបានចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna កាលពីអំឡុងថ្ងៃទី២៦ កក្កដាកន្លងទៅ ហើយក៏ចាប់ផ្តើមលេចចេញអាការៈសង្ស័យ និងបានបញ្ជូនទៅមន្ទីរពេទ្យពិនិត្យនៅថ្ងៃទី៣១ កក្កដា និងទើបរកឃើញថាមានករណីកកដុំឈាមនេះ។
ក្រុមអជ្ញាធរជំនាញកំពុងបើកការស៊ើបអង្កេតលើករណីមួយនេះ ថាតើមានជាប់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងឬយ៉ាងណា ហើយក្រោយពីក្រុមអ្នកជំនាញធ្វើការស៊ើបអង្កេតលក្ខណៈជំនាញរួចហើយ ទើបអជ្ញាធរសុខាភិបាលនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងធ្វើការពិនិត្យ និងវាយតម្លៃផ្លូវការចុងក្រោយពីលទ្ធភាពជាប់ពាក់ព័ន្ធរវាងការបាត់បង់ជីវិត ទៅនឹងវ៉ាក់សាំងឬក៏អត់។
សូមបញ្ជាក់ថា គិតត្រឹមតែនៅកោះជេជូ គេបានរាយការណ៍ពីអ្នកចាក់វ៉ាក់សាំងកូវីដហើយមានអាការៈប្រតិកម្មដល់ទៅ ១៣៨៦ករណីហើយ ដែលក្នុងនោះមានវ៉ាក់សាំងកូវីដ AstraZeneca ចំនួន៨១៦ករណី វ៉ាក់សាំង Pfizer ៤១២ករណី វ៉ាក់សាំង Janssen ៨២ករណី និងវ៉ាក់សាំង Moderna ៧៦ករណី បើគិតត្រឹមថ្ងៃអាទិត្យម្សិលមិញ តែមែនទែនទៅករណីសឹងតែភាគច្រើនគឺគ្រាន់តែប្រតិកម្មកម្រិតស្រាលប៉ុណ្ណោះ។ បើតាមការបញ្ជាក់បន្ថែម ក្នុងចំណោមអាការៈប្រតិកម្មដែលគេបានរាយការណ៍នេះ មានតែ១៩ករណីប៉ុណ្ណោះដែលមានសភាពធ្ងន់ធ្ងរដែលមានសភាពជំងឺផ្សេងៗគ្នា។
គិតត្រឹមព្រឹកថ្ងៃអាទិត្យម្សិលមិញ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រួចនៅកូរ៉េខាងត្បូងមានដល់ទៅ ២០.៩០លាននាក់ហើយ ហើយនៅថ្ងៃចន្ទនេះដែរ គឺជាថ្ងៃដែលគេនឹងចាប់ផ្តើមបើកឱ្យប្រជាជនកូរ៉េទូទៅអាយុពី១៩ ដល់៤៩ឆ្នាំអាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដបានតាមអនឡាញហើយ ដែលត្រូវអនុវត្តតាមការណែនាំដែលអជ្ញាធរបានរៀបចំជូន។