កូរ៉េខាងត្បូង៖ នៅអាសាន ខេត្តឈុងណាម គេរកឃើញករណីកូវីដផ្ទុះជាចង្កោមថ្មីពាក់ព័ន្ធចេញពីហាងភោជនីយដ្ឋានវៀតណាមមួយកន្លែង និងពីអ្នកពាក់ព័ន្ធដទៃទៀតដែលគិតត្រឹមយប់ថ្ងៃអាទិត្យនេះ រកឃើញអ្នកឆ្លងបន្តបន្ទាប់គ្នាសុទ្ធតែជនបរទេសដល់ទៅ១១នាក់ហើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ភាសាកូរ៉េនៅយប់ថ្ងៃអាទិត្យម្សិលមិញ។
ចុះផ្សាយក្នុងព័ត៌មាននេះ បានស្រង់នូវការបញ្ជាក់របស់អជ្ញាធរក្រុងអាសានកាលពីថ្ងៃអាទិត្យទី៨ សីហាម្សិលមិញថា គេរកឃើញជនបរទេសពាក់ព័ន្ធតៗគ្នានៅអាសានដល់ទៅ១១នាក់ដែលបានឆ្លងកូវីដ ដែលក្នុងនោះករណីមួយឆ្លងចេញពីហាងវៀតណាមមួយកន្លែង ហើយបានឆ្លងបន្តបន្ទាប់ទៀតដល់ជនជាតិវៀតណាមទាំងអស់៦នាក់ហើយ។ បើតាមការស៊ើបអង្កេតបានឱ្យដឹងថា ប្រភពដំបូងចេញពីហាងនេះគឺឆ្លងតាមជនជាតិវៀតណាមដែលបានទៅហូបនៅទីនោះ ហើយបន្ទាប់មកក៏បានឆ្លងបន្តបន្ទាប់គ្នាទៅជនជាតិវៀតណាមដែលស្នាក់នៅ និងហូបចុករស់នៅជាមួយគ្នានោះ។
ចំណែកឯករណីឆ្លងជាចង្កោមក្នុងចំណោមជនបរទេសមួយក្រុមទៀតគឺ ចេញពីក្រុមជនជាតិថៃនៅអាសានដែលរកឃើញតគ្នាចំនួន៥នាក់ហើយ។ បើតាមការស៊ើប គឺជនជាតិថៃបានឆ្លងដំបូងពីជនជាតិកូរ៉េអ្នកនៅអាសាននោះផ្ទាល់ ដែលបានរកឃើញតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។
មកដល់ពេលនេះ អជ្ញាធរបានផ្អាកដំណើរការដែលជាប់ពាក់ព័ន្ធ រួមមានទាំងហាងវៀតណាម និងទីកន្លែងផ្សេងៗទៀតផងដែរ ដើម្បីអាចបន្តស្វែងរកស៊ើបអង្កេតរកប្រភពពាក់ព័ន្ធបន្តៗបន្ទាប់ទៀត ដើម្បីអាចធ្វើតេស្ត និងចត្តាឡីស័ក។ ដូចនេះ សូមបងប្អូនខ្មែរយើងនៅតំបន់អាសាន ប្រយ័ត្នប្រយែងផង ដោយសារអ្នកឆ្លងទាំង១១នាក់រកឃើញនេះ សុទ្ធតែអ្នកក្បែរខាងៗគ្នា ហើយភាគច្រើនគឺអាស៊ីដូចគ្នាច្រើនតែមានទំនាក់ទំនងតៗគ្នាមិនខាននោះទេ។